Facebook អាចនឹងចេញរូបិយប័ណ្ណផ្ទាល់ខ្លួនខែនេះ
- 2019-06-07 07:13:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook អាចនឹងចេញរូបិយប័ណ្ណផ្ទាល់ខ្លួនខែនេះ
ចន្លោះមិនឃើញ
Facebook នឹងប្រកាសចេញរូបិយប័ណ្ណឌីជីថលថ្មីនៅខែមិថុនានេះ។ នេះបើតាមការចុះផ្សាយរបស់ The Information។ បន្ថែមពីនេះបុគ្គលិក Facebook ដែលសិក្សាលើគម្រោងការនេះ អាចមានជម្រើសយកប្រាក់ចំណូលជារូបិយប័ណ្ណឌីជីថលនេះ ជំនួសឲ្យសាច់ប្រាក់សុទ្ធ។ របាយការណ៍កន្លងទៅឲ្យដឹងថាការដាក់ឲ្យប្រើរូបិយប័ណ្ណនេះលើសកលលោក នឹងចាប់ផ្ដើមឆ្នាំ ២០២០។
រូបិយប័ណ្ណឌីជីថលនេះនឹងត្រូវប្រើប្រាស់នៅលើផលិតផល Facebook ដូចជា WhatsApp, Messenger និងផ្សេងៗទៀត។ ជាងនេះទៅទៀត បណ្ដាហាងដែលទទួលយករូបិយប័ណ្ណឌីជីថលរបស់ Facebook សម្រាប់ការទូទាត់ នឹងអាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
សកម្មភាពនេះគឺស៊ីគ្នានឹងការសម្រុកទៅកាន់ផ្នែកលក់ទំនិញអនឡាញរបស់ Facebook។ នៅក្នុងកម្មវិធី F8 ក្រុមហ៊ុន Facebook បានប្រកាសពីមុខងារទិញទំនិញថ្មីៗដែលនឹងមកដល់ឆាប់ៗដូចជា អនុញ្ញាតឲ្យអ្នកប្រើ Instagram ទិញទំនិញពីគណនីលក់ទំនិញណាមួយបាន, ឲ្យហាងដាក់បង្ហាញផលិតផលរបស់ខ្លួនលក់លើ WhatsApp និងអនុញ្ញាតឲ្យអ្នកលក់លើ Facebook Marketplace ដឹកទំនិញតាមរយៈកម្មវិធី Faebook នៅក្នុងមួយទ្វីបអាមេរិក ដើម្បីឲ្យការទិញលក់កាន់តែងាយស្រួល។
ដើម្បីសាងទំនុកចិត្តពីអ្នកប្រើ Facebook បានស្វែងរកដៃគូបង្កើតនូវក្រុមមួយដើម្បីគ្រប់គ្រងរូបិយប័ណ្ណថ្មីនេះ។ The Information សរសេរថា Facebook បានល្បួងស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដើម្បីចូលរួមលើក្រុមឯករាជ្យមួយ ដែលនឹងជួយបណ្ដាក់ទុន និងជួយគ្រប់គ្រងរូបិយប័ណ្ណឌីជីថលនេះ។
ប្រសិនបើ Facebook ពិតជាសម្រេចជោគជ័យលើរូបិយប័ណ្ណឌីជីថលនេះ វានឹងមានអ្នកប្រើប្រាស់ធំជាងរូបិយប័ណ្ណឌីជីថលមុនៗទៀត ដោយមានមនុស្ស ២,៣ ពាន់លាននាក់ប្រើប្រាស់ Facebook ជុំវិញពិភពលោកនៅត្រីមាសទីមួយឆ្នាំ ២០១៩ នេះ មិនទាន់គិតបញ្ចូលទាំង WhatsApp និង Instagram ផង៕
ចុចអាន៖