ដឹង​អត់! ម្ចាស់​ហាង​បោក​អ៊ុត​យក្សា បរាជ័យ​ស្ទើរ​ចង់​សម្លាប់​ខ្លួន​ ព្រោះ​ជំពាក់​បំណុល​គេ​វ័ណ្ឌក

  • 2019-06-07 07:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«លំបាក​បំផុត​ឆ្នាំ ២០០៩ មិត្តភ័ក្ដិ​ ម្ចាស់​បំណុល​ គេ​ទារ​លុយ​ ជំពាក់​គេ​រហូត​ ២០ម៉ឺន​ដុល្លារ ខ្ញុំ​មាន​អារម្មណ៍​ថា រក​លុយ​ពី​ណា​បាន។ ពេល​ហ្នឹង​ខ្ញុំ​ចេះ​តែ​ដើរៗ ដល់​ខេត្ត​ព្រះវិហារ ចង់​សម្លាប់​ខ្លួន​ថា​ស្រួល​ជាង​ ព្រោះ​មិន​ដឹង​រក​លុយ​ឯ​ណា​បាន​សង​គេ តែ​នឹក​ឃើញ​សព្វ​បែប​យ៉ាង​​ត្រឡប់​មក​ពី​ព្រះវិហារ​វិញ​លែង​ចង់​សម្លាប់​ខ្លួន ក៏​ប្រឹងប្រែង​រក​ស៊ី​ទាំង​លំបាក​លំបិន»។ នេះ​ជាពាក្យ​ពេចន៍​ លោក ហែម ហេម៉ា ម្ចាស់​ហាង​បោក​អ៊ុត​យក្សា នៅ​ខេត្ត​សៀមរាប ដែល​បាន​ប្រាប់​ក្រុម​ការងារ​ Sabay កាល​ពី​ពេល​កន្លងមក។​

លោក ហែម ហេម៉ា

ចាប់​តាំង​ពី​ចេះ​រក​ស៊ី​នៅ​អាយុ ១៩ឆ្នាំ គឺ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៨ រហូត​ដល់​ឆ្នាំ ២០០៩ លោក ហែម ហេម៉ា បាន​បរាជ័យ​លើ​មុខ​របរ​ជាច្រើន ដូចជា៖

១. ហាង​លក់​ទូរសព្ទ

២. ហាង​អ៊ិនធឺណេត

៣. រោង​ពុម្ព

៤. សាលា​រៀន

៥. ហាង​កាហ្វេ

៦. ហាង​ម៉ាស្សា

៧. កន្លែង​បោក​អ៊ុត

៨. ភោជនីយដ្ឋាន

៩. រកស៊ី​កួកជេ​ដី និង​ ចង​ការ។​

ការ​បរាជ័យ​ខាង​លើ​នេះ បុរស​វ័យ ៣៨ឆ្នាំ បាន​រក​ឃើញ​មូលហេតុ​នោះ គឺ​៖

ទី១ បណ្ដាល​មក​ពី​អត់​ទាន់​មាន​អាជីព​ច្បាស់​លាស់​

ទី២, មិន​ទាន់​មាន​ចំណង់​​ពិត​ប្រាកដ​ (រក​ស៊ី​តាម​គេ) និង

ទី ៣ ការ​តស៊ូ​នៅ​មាន​កម្រិត។

ក្រោយ​រក​ឃើញ​ពី​មូលហេតុ​នៃ​ការបរាជ័យ​នេះ បុរស​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ ហើយ​មក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​អំឡុង​ឆ្នាំ ២០០៧ បាន​រៀន​សូត្រ​ពី​ការ​បរាជ័យ​ ហើយ​បាន​បើក​មុខរបរ​បោក​អ៊ុត​ឡើង​វិញ​នៅ​ចុង​ឆ្នាំ ២០០៩ ជាមួយ​ភរិយា ដោយ​ព្យាយាម​រក​ទំនុក​ឲ្យ​ស្រួល​ជាង​មុន ដើម្បី​ផ្ដល់​សេវា​កម្ម​ដល់​អតិថិជន។

ដើម្បី​ជម្នះ​នូវ​ការលំបាក​ ដើម្បី​រក​ប្រាក់​សង​គេ​ឲ្យ​បាន​លឿន​ លោក ហែម ហេម៉ា ក្រៅពី​បើក​មុខ​របរ​បោក​អ៊ុត មុខ​របរ​អ្វី​ក៏​ធ្វើ​ដែរ ដូចជា កួកជេ​ម៉ូតូ រើស​អេត​ចាយ និង​កាត់​បន្ថយ​ការ​ចំណាយ​បំផុត​ ដោយ​ស្ទើរ​តែ​អាហារ​ ៣ពេល​ ញុំា​តែ​ពង​ទា។ «កាល​នោះ​ខ្ញុំ​ញុំា​ពង​ទា ១សប្ដាហ៍​មិន​ក្រោម ១០០ គ្រាប់​ទេ ខ្ញុំ​វា​ ព្រឹក ថ្ងៃ ល្ងាច​ស្ទើរ​រៀងរាល់​ថ្ងៃ»។

លោក ហែម ហេម៉ា មាន​ចរិត​ប្លែក​ត្រង់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេ​សប្បាយ បើ​ទោះ​ខ្លួន​ឯង​ជួប​ព្យុះភ្លៀង​ក៏ដោយ​ ក៏​លោក​នៅ​តែ​រក្សា​ស្នាមញញឹម

ក្រៅ​ពី​កាត់​បន្ថយ​ការ​ចំណាយ​ និង​ប្រឹងប្រែង​តស៊ូ ២នាក់ ប្ដី ប្រពន្ធ​នោះ លោក​ក៏​ទទួល​បាន​ប្រឹក្សា​ជាច្រើន​ពី​អ្នក​រកស៊ី បន្ទាប់​ពី​ពិបាក​ចិត្ត​ពេក​គេង​មិន​លក់​ តែងតែ​ងើប​ឡើង​ម៉ោង ៤ទាបភ្លឺ ទៅ​ញុំា​កាហ្វេ​ហើយ​ជួប​សុទ្ធតែ​អ្នក​រកស៊ី ហើយ​ក៏​បាន​ទទួល​ការ​ណែនាំ​ជាច្រើន​ ដើម្បី​កែ​លម្អ​អាជីវកម្ម​របស់​ខ្លួន។

នៅ​ចុង​ឆ្នាំ ២០០៩ បោក​អ៊ុត​ទំនើប​ ដែល​ប្រើប្រាស់​ម៉ាស៊ីន​ចាស់ៗ និង​ការ​ផ្ដល់​សេវា​ល្អ​ដល់​អតិថិជន​ បាន​ពង្រីក​សាខា​ជាច្រើន​កន្លែង​រហូត​អាច​លក់​ ហ្វេនឆាយ ថែម​ទៀត។ បោក​អ៊ុតទំនើប​ គឺជា​មុខរបរ​ប្រឹងប្រែង​ដោយ​ប្ដី ប្រពន្ធ របស់​លោក​ ហើយ​ក្រោយ​មក​ទៀត​លោក​បាន​បើក​ហាង​បោកអ៊ុត​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា «យក្សា​បោក​អ៊ុត» ដែល​ជា​ការ​ឌីហ្សាញ​ដោយ​លោក​ផ្ទាល់។

លោក ហែម ហេម៉ា កំពុង​ផ្ដល់​សម្ភាសន៍​ជាមួយ​ក្រុម​ការងារ​ Sabay

បច្ចុប្បន្ន​នេះ លោក​ហែម ហេម៉ា មាន​អាជីវកម្ម​ក្នុង​ដៃ​ជាច្រើន​កន្លែង ប៉ុន្ដែ លោក​ទម្លាយ​ឲ្យ​ដឹង​តែ​មុខរបរប​មួយ​ចំនួន ចាប់​តាំង​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៧​នេះ ដែល​អាជីវកម្ម​ជោគជ័យ​បំផុត​នោះ គឺ​បោក​អ៊ុត​ទំនើប, យក្សា​បោក​អ៊ុត, ហាង​នំ​ម៉ាយ៉ាកុ, និង​យក្សា​ព្រីនធីង។​

ក្រោយ​ពី​រៀប​ការ​នៅ​ឆ្នាំ ២០០៧ លោក ហែម ហេម៉ា មាន​តំណក់​ឈាម​កូន​ស្រី ២នាក់ ដោយ​បាន​បញ្ជាក់​ថា ថ្វីត្បិត​សព្វថ្ងៃ​នេះ មាន​អាជីវកម្ម​ក្នុង​ដៃ​ច្រើន​ក៏ដោយ​ ប៉ុន្ដែ នៅ​​មិនទាន់​ចាត់​ទុក​ថា​ជោគជ័យ​នៅ​ឡើយ​ទេ ដោយ​ឈរ​លើ​ទ្រឹស្ដី​មួយ​ថា «ភាព​ស្កប់ស្កល់​ទើប​ភាព​ជោគជ័យ»។ ន័យ​ត្រង់​នេះ លោក​ពន្យល់​ថា ប្រសិន​បើ​ម្នាក់​ៗ​នៅ​តែ​រក​លុយ​ ហើយ​មិន​ស្កប់ស្កល់​នោះ មិន​ទាន់​ជោគជ័យ​នៅ​ឡើយ​ទេ។

ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ជាច្រើន​លើ​វិស័យ​ជំនួញ​ លោក ហែម ហេម៉ា បាន​ចែក​រំលែក​បទពិសោធន៍​ថា កត្តា​ជំរុញ​ឲ្យ​ជោគជ័យ​ឈរ​លើ​គោលការណ៍​ ៣ រួមមាន៖ ដើមទុន, យីអ៊ុន, និង បញ្ញា។

  • ១. ដើមទុន៖ ពាក្យ​នេះ​សំដៅ​សំខាន់​គឺ​ទុន​ជីវិត​, មិត្តភ័ក្ដិ, និង លុយ។

  • ២. យីអ៊ុន ៖ ពាក្យ​នេះ មិន​សំដៅ​ដល់​ផ្លូវ​ក្នុង​នោះ​ទេ ន័យ​យីអ៊ុន​នេះ​ចង់​សំដៅ​ដល់​ឱកាស​ និង​វេលា​សមស្រប​ណាមួយ។​

  • ៣. បញ្ញា ៖ ចង់​ក្លាយ​ជា​អ្នក​រក​ស៊ី​ជោគជ័យ គឺ​ត្រូវ​រៀន​សូត្រ​ជានិច្ច ដោយ​ចូលរួម​សកម្មភាព​ផ្សេង​ៗ ក្នុង​សង្គម។ រៀន​សូត្រ​ត្រូវ​បែងចែក​ចេញ​ជា​ពីរ​ទៀត​ គឺ​សៀវភៅ​ធំ និង សៀវភៅ​តូច។ សៀវភៅ​ធំ សំដៅ​ដល់​ការ​រៀន​សូត្រ​ពី​សង្គម ឯ​សៀវភៅ​តូច​គឺ​រៀន​​ពី​សាលា។ ៣ចំណុច​​ខាង​លើ​នេះ លោក​ ហែម ហេម៉ា រមែង​ចងចាំ និង​ចាត់​ទុក​នាំ​ឲ្យ​លោក​ឆ្លង​ផុត​ការ​លំបាក​ទាំង​អំបាលម៉ាន៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា