​អ្នក​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ​មាន​លើ iPhone​

  • 2019-06-08 10:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្រុមហ៊ុន Apple ​បាន​ប្រកាស​ចេញ​ iOS 13 ជំនាន់​ថ្មីជា​ផ្លូវ​ការ​ ហើយ​​វិបសាយ​ផ្លូវ​ការ​របស់​ Apple ក៏​បាន​រៀបរាប់​លម្អិត​អំពី​ចំណុច​ថ្មីៗ​លើ iOS 13។ ​គេ​ឃើញ​មាន​ការ​បញ្ជាក់​អំពី​ការ​បន្ថែម​ក្ដារ​ចុច​នៃ​ភាសា​​ថ្មីៗ​ចំនួន ៣៨ ដែល​ក្នុង​នោះ​ឃើញ​មាន​សរសេរ​ច្បាស់ៗ​ថា​ "Khmer” ជា​ក្ដារ​ចុច​ភាសា​ខ្មែរ។

ក្ដារចុចអក្សរខ្មែរលើ iOS 10

​ដូច​នេះ Sabay ​សូម​ឲ្យ​ប្រិយមិត្ត​ងាក​ត្រឡប់​មក​ក្រោយ​បន្តិច​ ​មក​ស្គាល់​ក្រុម​អ្នក​ជំនាញ​មួយ​ក្រុម​ដែល​បាន​​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​​តទល់​នឹង Apple ទាំង​តាម​រយៈ Skype និង​សារ​អេឡិចត្រូនិក​ផង​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ​លើ iPhone ត្រឹមត្រូវ​ពេញ​លេញ​លែង​មាន​កំហុស​បាត់​ដៃ​បាត់​ជើង​ មាន​ឈ្មោះ​ថា [**4KhmeriPhone**](https://www.facebook.com/4khmeriphone/photos/a.387990381309719/2443066789135391/?type=3&theater) ជា​ក្រុម​ស្នើ​ដាក់​បញ្ចូល​ពុម្ព​អក្សរ​ខ្មែរ​លើ​ប្រព័ន្ធ iOS ដំបូង​គេ​បង្អស់​តាំង​ពី​​ជំនាន់ iOS 7 មក​ម្ល៉េះ​។

​​កន្លង​មក​ប្រធាន​ក្រុម 4KhmeriPhone មួយ​រូប​ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ Sabay ​​ថា កាល​ពី​ជំនាន់ iOS 10 Beta 5 ​ក្រុមហ៊ុន Apple បាន​​កែ​សម្រួល​កំហុស​ជើង​តម្រួត​នៃ​ភាសា​ខ្មែរ​ដែល​តែង​តែ​ដាច់​ដៃ​ដាច់​ជើង​និង​ត្រួត​ជាន់​គ្នា បាន​ជោគជ័យ​ទាំង​ស្រុង។

​ប្រធាន​ក្រុម​នេះ​ថា នឹង​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ Font នៅ​ម៉ាឡេស៊ី​បន្ត​ទៀត ដើម្បី​ស្នើ Apple បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ​ស្តង់ដារ​លើ iOS។ ដោយ​សារ​កន្លង​មក​ក្រុម 4KhmeriPhone និង​ក្រុមហ៊ុន​រចនា Font នៅ​ម៉ាឡេស៊ី​នេះ មាន​ទំនាក់​ទំនង​ល្អ​តាម​រយៈ​ការ​កែសម្រួល​បញ្ហា​កំហុស​ពុម្ព​អក្សរ​ខ្មែរ វា​នឹង​កាន់​តែ​ងាយ​ក្នុង​ការ​ស្នើ​ឲ្យ Apple ដាក់​បញ្ចូល​ក្តារ​ចុច​ខ្មែរ​លើ iOS ជំនាន់​ក្រោយ។

ប្រធាន​ក្រុម​ខាង​លើ​បន្ថែម​ថា នៅ​ពេល​ពុម្ព​អក្សរ​ខ្មែរ​លើ iOS ​ត្រឹមត្រូវ​ពេញ​លេញ នោះ​នឹង​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ក្រុម​លោក រៀប​ចំ​ស្តង់ដារ​ពុម្ព​អក្សរ​ខ្មែរ​ត្រឹមត្រូវ​រួម​តែ​មួយ ដើម្បី​ឲ្យ Apple ពិចារណា​បញ្ចូល​ក្ដារ​ចុច​ភាសា​ខ្មែរ​​លើ iPhone។

ជោគជ័យ​យ៉ាងណា លោក​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់ ដោយ​អះអាង​ថា​​វា​ត្រូវ​ការ​ស៊ី​ពេល​យូរ​គួរ​សម ដើម្បី​ឲ្យ​ខាង Apple សម្រេច​ចិត្ត​ ពេល​ខ្លះ​ផ្ញើរសារ​ទៅ​បង្ខំ​Apple ឲ្យ​ដាក់​បញ្ចូល​ពុម្ពអក្សរ​ខ្មែរ​ទៅ​ក្នុង​ប្រតិបត្តិការ​ iOS ​ផ្ទាល់​តែ​ម្ដង។ លោក​ថា ​ដោយ​បច្ចុប្បន្ន​ពុម្ព​អក្សរ​ខ្មែរ​មាន​លក្ខណៈ​ត្រឹមត្រូវ​ទាំង​ស្រុង​​លើ iOS 10 Beta 5 ហើយ​នោះ​ភាគ​រយ​ក្នុង​ការ​ស្នើ​បញ្ចូល​ក្ដារចុច​ភាសា​ខ្មែរ នឹង​មាន​សង្ឃឹម​ច្រើន។

មុខមាត់ពិតរបស់ក្រុម 4KhmeriPhone

​ប៉ុន្តែ​​អំឡុង​ចុង​​ឆ្នាំ ២០១៧ ​ក្រុម​​ 4KhmeriPhone ​ក៏​ប្រកាស​សុំ​ពេល​សម្រាក​ជា​ផ្លូវការ ​​មិន​បាន​ធ្វើការ​អភិវឌ្ឍន៍​បន្ត​ទៀត​ទេ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សោកស្ដាយ​ជា​ខ្លាំង។

យ៉ាង​ណា​មិញ ក្រោយការប្រកាសរបស់ Apple ​​ស្រាប់​តែ​មាន​ការ​បង្ហោះ​សារ​ខ្លី​មួយ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​ពី​សំណាក់​ទំព័រ​ផ្លូវការ​ក្រុម 4KhmeriPhone ដោយ​សរសេរ​ថា ​"នៅ​សុខ​ៗ​ស្រាប់​តែ​នឹក​ឃើញ​អនុស្សាវរីយ​ចាស់ ដែល​នឹង​កើត​មាន​ចុង​ឆ្នាំ​នេះ​”។

​ដូច្នេះ ​បើ​យោង​តាម​ការ​ខិតខំ​​របស់​ក្រុម​ពួក​គាត់កន្លង​មក ​គេ​អាច​ទាញ​សន្និដ្ឋាន​បាន​ថា ​ក្រុម 4KhmeriPhone ​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ស្នើ​សុំ​ឲ្យ​បញ្ចូល​ក្តារ​ចុច​ភាសា​ខ្មែរ​មាន​លើ iOS 13 ពិត​មែន៕

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា