ប៉ូលិស​ម្នាក់​ត្រូវ​ផ្អាកការងារ​បណ្ដោះអាសន្នទាក់ទងនឹងការ​ពិន័យ​មិន​ចេញបង្កាន់​ដៃ

  • 2019-06-11 05:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ខ្លួន​បានសម្រេច​ផ្អាកការងារ​មន្ត្រីនគរបាលម្នាក់​បន្ទាប់ពី​រកឃើញ​ថាបាន​​ពិន័យមិនត្រឹមត្រូវនិង​មិន​ចេញ​បង្កាន់​ដៃ​តាមការ​កំណត់ទាក់ទង​នឹង​លើ​បទ​ល្មើស​ចរាចរណ៍​ ​។

(រូបភាព៖ PHNOM PENH Police Commissariat)

លិខិតបង្គាប់​ការ​​មួយចុះ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ និង​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាកការ​ងារ​បណ្ដោះអាសន្ន​ចំពោះ​អនុសេនីយ៍​ឯក​ស៊ឹម ប៊ុនធឿន ជានាយ​រង​ផ្នែក​ការ​ពារ និង​អន្តរាគមន៍​ នៅ​ខណ្ឌ​មានជ័យ។

ក្នុង​លិខិត​នោះ​សរសេរទៀតថាមូល​ហេតុ​នៃការ​ផ្អាកនេះគឺ​​ «ផាកពិន័យ​មិន​ត្រឹម​ត្រូវ មិន​ចេញ​បង្កាន់​ដៃតាម​ការ​កំណត់»។​

នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​សរសេរ​បន្ថែម​នៅ​នៅថ្ងៃនេះ​ដែរថា៖ «ស្នង​ការដ្ឋាន​ន​គរបាល​រាជធានីភ្នំ​ពេញ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះ​អាសន្ន​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុងការ​សាកសួរ ​ដើម្បី​បំភ្លឺ​ទៅលើ​ហេតុការណ៍​។ លើស​ពីនេះ មន្ត្រីរូប​នេះត្រូវ​ប្រឈម​ក្នុង​ការដាក់​វិន័យ​កងកម្លាំង​ទៀត​ផង»៕

អត្ថបទ៖ ទូច សុខា