មិនញ៉ាំអាហារពេលព្រឹក ប្រយ័ត្នជួបហានិភ័យ ទាំង៤យ៉ាងនេះ

  • 2019-06-12 02:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​ពេល​ព្រឹក ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អាហារ​ដែល​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ។ មិនតែប៉ុណ្ណោះ វា​មាន​សារសំខាន់​ជាង​អាហារ​ពេល​ថ្ងៃ និង​អាហារ​ពេល​ល្ងាច​​ទៅ​ទៀត។

ខាង​ក្រោម​នេះ​គឺ​ជា​ហានិភ័យ​ទាំង ៤ យ៉ាង ប្រសិន​បើ​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក៖

#១ អ្នក​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង

ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់​នៅ ដែល​មាន​សុខភាព​ល្អ។ ការ​សិក្សា​មួយ​ពី​សកលវិទ្យាល័យ Harvard University បាន​រក​ឃើញ​ថា បុរស​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំង​បេះដូង ឬ ជំងឺបេះដូង ជាង​បុរស​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក រហូត​ដល់​ទៅ ២៧ភាគរយ។

#២ អ្នក​អាច​នឹង​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម

ការ​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​របស់​អ្នក​មាន​បញ្ហា។ ការ​សិក្សា​មួយ​ផ្សេង​ទៀត​ពី​សកលវិទ្យាល័យ Harvard University បាន​រក​ឃើញ​ថា ស្រ្តី​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ទៀងទាត់ ប្រឈម​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី២ រហូត​ដល់​ទៅ ២០ភាគរយ។

#៣ អ្នក​អាច​នឹង​ឡើង​ទម្ងន់

លោក Shannon R. Weston អ្នក​ឯកទេស​ផ្នែក​ទឹកនោម​ផ្អែម នៅ​ឯសាលា UTHealth School of Nursing ក្នុង​ទីក្រុង Houston សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក ច្រើន​តែ​មាន​របៀប​រស់​នៅ ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ទម្ងន់​រាងកាយ និង​សុខភាព​ដ៏​ល្អ។ ចំណែក​ឯ​អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​វិញ តែងតែ​ញ៉ាំ​អាហារ​លើស​កម្រិត នៅ​ពេល​ក្រោយ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពួកគេ​ឡើង​ទម្ងន់។

#៤ ការ​រំលាយ​អាហារ​របស់​អ្នក​អាច​នឹង​ចុះ​អន់​ថយ

នៅ​ពេល​ដែល​អ្នក​មិន​ញ៉ាំ​អាហារ រាងកាយ​របស់​អ្នក​ឈប់​ដំណើរ​ការ​លឿន។ លោក​វេជ្ជបណ្ឌិត Dr. Gastelum មក​ពី​សកលវិទ្យាល័យ Harvard University បាន​និយាយ​ថា «រាង​កាយ​នឹង​ពន្យឺត​អត្រា​រំលាយ​អាហារ​របស់​វា ដើម្បី​ទូទាត់​ការ​កំហិត​ជាតិ​កាឡូរី ខណៈ​នៅ​ពេល​ព្រឹក ការ​រំលាយ​អាហារ​របស់​អ្នក ធ្វើ​ការ​យឺត​យ៉ាវ​ស្រាប់​ទៅ​ហើយ នៅ​ក្នុង​ពេល​ដំណេក»៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង