រកឃើញក្រុមឈ្នះ ៥ ពី SmartStart រដូវកាលទី៣ ពោរពេញដោយការច្នៃប្រឌិត
- 2019-06-12 03:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមឈ្នះ ៥ ពី SmartStart រដូវកាលទី៣ ពោរពេញដោយការច្នៃប្រឌិត
ចន្លោះមិនឃើញ
កម្មវិធីប្រចាំឆ្នាំអ្នកច្នៃប្រឌិតវៃក្មេង SmartStart បានជ្រើសរើសម្ចាស់ជយលាភីបន្ទាប់ ដែលមានគំនិតច្នៃប្រឌិតជាច្រើនក្នុងការប្រកួតរដូវកាលទី ៣ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រុមចំនួន ៥ បានឈ្នះប្រាក់ឧបត្ថម្ភចំនួន ៥ ០០០ ដុល្លារអាមេរិកដូចគ្នា និងទទួលបានឱកាសចូលរួមកម្មវិធីបណ្ដុះបណ្ដាលផ្នែកអាជីវកម្មដែលមានរយៈពេល ៦ ខែជាមួយ Impact Hub Phnom Penh ក្រោយពីធ្វើឲ្យគណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍ជាមួយការបង្ហាញគំរូអាជីវកម្ម គំនិតផលិតផលឌីជីថល និងការធ្វើការងារជាក្រុមរបស់ខ្លួន នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជាជា- កូរ៉េ។
ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ បានបង្ហាញពីគំនិតនានា ម្តងទៀតរបស់ក្រុមកំពូលៗចំនួន១៥ ដែលបានឆ្លងកាត់សិក្ខាសាលាក្នុងវគ្គ Technopreneurship Challenge នៅខេត្តកំពង់ចាម កាលពីខែមុន។ ក្រុមទាំងអស់នោះត្រូវបានជ្រើសរើសកាលពីខែមេសា ពីក្នុងចំណោមក្រុមចំនួន៣០ក្រុមដែលមានបេក្ខភាពចូលរួមជាង១២០រូប មកពីសាកលវិទ្យាល័យចំនួន១០ ទូទាំងប្រទេសកម្ពុជា ក្រោយពីការចូលរួមសិក្ខាសាលា Hackathon Challenge រយៈពេល២ថ្ងៃ នៅរាជធានីភ្នំពេញ។
ក្នុងកំឡុងពេលបិទកម្មវិធី ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្តែងនូវភាពសប្បាយរីករាយរបស់ខ្លួនដែលកម្មវិធី SmartStart បានរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៧។ ឯកឧត្តមទាំង២ បានលើកទឹកចិត្តដល់ក្រុមហ៊ុន Smart និង Impact Hub Phnom Penh ហើយនិងរាល់ដៃគូរក្នុងបច្ចេកវិទ្យាទាំងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យវ័យក្មេងរបស់កម្ពុជាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចាប់តាំងពីឆ្នាំ ២០១៨ កម្មវិធី SmartStart ត្រូវបានការគាំទ្រយ៉ាងពេញទំហឹងដោយប្រាក់រួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសម្ថតភាព និង ការស្រាវជាវ និងអភិវឌ្ឍន៍។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata កោតសរសើរយ៉ាងខ្លាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមទាំងអស់ និងការខិតខំប្រឹងប្រែងដែលពួកគេបានធ្វើក្នុងកម្មវិធីនេះ។ លោកបានលើកឡើងថា៖ "ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានឃើញបេក្ខជនកាន់តែល្អ គំនិតអាជីវកម្មក៏កាន់តែប្រសើរ និងការជ្រើសរើសផ្នត់គំនិតក៏កាន់តែល្អ ក្នុងកំឡុងពេលវគ្គផ្ដាច់ព្រ័ត្រក្នុងឆ្នាំនេះ។ ដូចនេះហើយនៅឆ្នាំនេះ យើងបានសម្រេចចិត្តបង្កើនប្រាក់ឧបត្ថម្ភរហូតដល់ ៥ ០០០ ដុល្លារអាមេរិក! សូមអបអរសាទរដល់ក្រុមទាំងអស់សម្រាប់ការខិតខំប្រឹងប្រែង និងការចូលរួមរបស់ពួកគេ»។
លោកបានបន្ថែមទៀតថា៖ « SmartStart គឺជាកម្មវិធីដ៍អស្ចារ្យមួយដែលខ្ញុំចូលចិត្ដខ្លាំង ព្រោះកម្មវិធីនេះបានស្វែងរកអ្នកឆ្នាតវៃជាច្រើន ហើយបានផ្ដល់ឱកាសសម្រាប់អ្នកមានទេពកោសល្យវ័យក្មេងជាច្រើននៅក្នុងប្រទេសកម្ពុជា។ ជាមួយ Impact Hub និងដៃគូជាច្រើនផ្សេងទៀត យើងនឹងបន្តគាំទ្រអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះតាមរយៈកាចូលរួមកម្មវិធីឌីជីថលរបស់ពួកគេ»។
ក្រុមចំនួន៥រួមមាន៖
១. RENTECH៖ ជួលអ្នកប្រើប្រាស់ជួលកន្លែងស្នាក់នៅជាពិសេសអ្នកដែលមកពីខេត្តនានដែលមកទីក្រុងចំបងៗសម្រាប់ការសិក្សាថ្នាក់ឧត្ដម។
២. Sers Chborng៖ ផ្ដល់ការគាំទ្រដល់សិស្សដែលចង់ដាក់ពាក្យអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្ដូរការសិក្សា និង ការចូលរួមការប្រកួតប្រជែងផ្សេងៗ។
៣. STYLE៖ ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវឱកាសផ្សេងៗក្នុងការជួលអាវធំ រ៉ូប និង ឈុតសំលៀកបំពាក់ប្រពៃណីសម្រាប់ពិធីពិសេសៗ។
៤. PhumCAKE៖ ផ្ដល់ឲ្យអ្នកគ្រប់គ្នារចនារូបរាង រសជាតិ និង ពណ៌នំខេកសម្រាប់ឱកាសពិសេសផ្សេងៗ។
៥. SpeakOut៖ ជួយអ្នកដែលកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តតាមរយៈបណ្ដាញទំនាក់ទំនងអនាមិក ព័ត៌មានការយល់ដឹង និង ភ្ជាប់ពួកគេជាមួយពេទ្យចិត្តសាស្ដ្រដ៏ជំនាញ។
កញ្ញា សូ សម្ផស្ស ដែលជាសមាជិកក្រុមមួយរូបក្នុងចំណោមក្រុមដែលឈ្នះ បាននិយាយថា៖ «រយៈពេល៣ខែនេះគឺជាពេលវេលាដ៍អស្ចារ្យសម្រាប់ក្រុមរបស់ពួកយើង និងខ្លួនខ្ញុំផ្ទាល់ ខណៈដែលយើងបានសិក្សាជាច្រើន។ កម្មវិធី SmartStart ពិតជាកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាកំពូលមួយក្នុងប្រទេសសម្រាប់និស្សិតសាកលវិទ្យាល័យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីទាំងអស់ដែលបានបង្កើតកម្មវិធីដ៏សម្បូរបែបនេះឡើង។ យើងកំពុងទន្ទឹងរង់ចាំគំនិតរបស់យើងដែលនឹងលេចចេញជារូចរាងឡើងក្នុងរយៈពេល ៦ ខែទៀត»
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកមួយរូបក្នុងគណៈកម្មការវិនិច្ឆ័យកិត្តិយសបានមានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាដ៏អស្ចារ្យដែលបានឃើញសក្តានុពលដ៏ធំសម្បើមរបស់យុវជនយើងតាមរយៈការបង្កើតគំនិតច្នៃប្រឌិតរបស់ពួកគេលើរបៀបដោះស្រាយបញ្ហាដែលពួកគេបានឃើញនៅលើទីផ្សារ។ ប្រទេសកម្ពុជា កំពុងរីកចម្រើន និងអភិវឌ្ឍន៍ ហើយអ្នកច្នៃប្រឌិតវ័យក្មេងទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកជួយដល់អនាគតប្រកបដោយនិរន្តភាពដែលមានលទ្ធភាពប្រើប្រាស់ឌីជីថល»។
ម្ចាស់ជ័យលាភីទាំង៥ក្រុមនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីនេះ ដើម្បីប្រែក្លាយគំនិតរបស់ពួកគេឲ្យក្លាយទៅជាអាជីវកម្ម ឬ ផលិតផលពិតៗ។ ជាមួយនឹងការគាំទ្រពី Impact Hub Phnom Penh និងក្រុមហ៊ុន Smart Axiata ក្រុមទាំង៥ នឹងទទួលបានឱកាសប្រើប្រាស់ធនធាន ការប្រឹក្សាយោបល់ ការលើកទឹកចិត្ត និងការធ្វើការរួមគ្នាផងដែរ ។
កញ្ញា Mélanie Mossard ប្រធានផ្នែកគាំទ្រ Impact Hub Phnom Penh បានឲ្យដឹងថា៖ «កម្មវិធី SmartStart បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនម្ដងទៀត! រយៈពេល ៦ ខែខាងមុខនេះ ក្រុមទាំង៥នឹងត្រូវបំពេញដោយបទពិសោធន៍ជាក់ស្ដែង ស្របពេលដែលយើងទន្ទឹងរង់ចាំលទ្ធភាពដ៏ជោគជ័យរបស់ពួកគេ និងផ្ដល់ការណែនាំទាក់ទងនឹងអាជីវកម្មឌីជីថលនាពេលអនាគតរបស់ពួកគេ។ នៅចុងបញ្ចប់កម្មវិធីរយៈពេល ៦ ខែក្រុមការងារដែលមានការវិវឌ្ឍខ្លាំងជាងគេបំផុត នឹងទទួលបានដំណើរទស្សនកិច្ចបច្ចេកវិទ្សានៅ Google, Microsoft Facebook និង LinkedIN នៅប្រទេសសឹង្ហបុរី»។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្ដួចផ្ដើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក “Smart for Cambodia” តាមរយៈគេហទំព័រ Smart for Cambodia ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh ៕