មកមើល វិហារនៅឆេក សង់ពីគ្រោងឆ្អឹងមនុស្សជាង ៤ម៉ឺន ឃើញហើយព្រឺសម្បុរគ្រប់គ្នា

  • 2019-06-13 03:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​នៃ​ទីក្រុង Prague សាធារណ្ឋរដ្ឋឆេក មាន​បង្កប់​ទៅ​ដោយ​វិហារ​សាង​សង់​ឡើង​ដោយ​គ្រោង​ឆ្អឹង​មនុស្ស​ក្នុង​ទីក្រុង Kutna Hora។

ព្រះវិហារ​​នេះ​មាន​ឈ្មោះ​ថា Sedlec Ossuary បាន​ជាប់​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក UNESCO ដែល​សាងសង់​ឡើង​ដោយ​គ្រោង​ឆ្អឹង​មនុស្ស​ពី ៤​ម៉ឺនទៅ ៧​ម៉ឺន។ ​ដំបូង​ឡើយ​កន្លែង​នេះ ត្រូវ​បាន​សាងសង់​ឡើង​សម្រាប់​ជា​ទី​បញ្ចុះ​សព។ ក្រោយ​មក​ទៀត នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៤ និង​ដើម​សតវត្ស​ទី ១៥ មនុស្ស​រាប់​ពាន់​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​អាសន្នរោគ និង​សង្គ្រាម Hussite ត្រូវ​បាន​យក​មក​បញ្ចុះ​នៅ​ទី​នេះ។

នៅ​ក្នុង​អំឡុង​ឆ្នាំ ១៤០០ វិហារ Sedlec Ossuary ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចំ​កណ្ដាល​ទី​បញ្ចុះ​សព​ក្រោយ​ពេល​ដែល​ឆ្អឹង​ច្រើន​សន្ធឹកសន្ធាប់ ត្រូវ​បាន​គាស់​ដើម្បី​យក​មក​សាង​សង់​ផ្នែក​ខាង​ក្រោម និង​ផ្នែក​ខាង​លើ​នៃ​វិហារ។ ការងារ​នេះ ត្រូវ​បាន​ប្រគល់​ឲ្យ​បព្វជិត​ពិការ​ភ្នែក​មួយ​ចំហៀង​ម្នាក់ ជា​អ្នក​ចាត់ចែង​គរ​ឆ្អឹង​ពី​លើ​គ្នា។ បន្ទាប់​មក​នៅចន្លោះ​ឆ្នាំ ១៧០៣ និង ១៧១០ ច្រក​ចូល​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ជួយ​ទប់​ជញ្ជាំង​ខាង​មុខ ដែល​លាន​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ផ្នែក​ខាង​លើ​ត្រូវ​សាងសង់​ឡើង​វិញ​ដែល​ជា​ការ​រចនា​ដោយ​ស្ថាបត្យករ​ឆេក Jan Santini Aichel។

គួរ​ឲ្យ​ដឹង​ថា ព្រះ​វិហារ​គ្រោង​ឆ្អឹង Sedlec Ossuaryនេះ គឺ​ជា​តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​របស់​សាធារណរដ្ឋ​ឆេក​ផងដែរ ដោយ​មាន​អ្នក​ទៅ​ទស្សនា​ប្រមាណ​ជា ២០០ ០០០​នាក់​ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ទៅ​កាន់​ទីនោះ៕

អត្ថបទ ៖ រ័ត្ន