បិតា​ផលិតកម្ម​យក្ស​កូរ៉េ​ YG ប្រកាស​លា​លែងពី​គ្រប់​មុខ​តំណែង

  • 2019-06-14 12:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Yang Hyun Suk បាន​ប្រកាស​​លា​លែង​ជា​ផ្លូវ​ការ​ពី​តំណែង​ប្រធាន​ផ្នែក​ផលិត និង តំណែង​ផ្សេងៗ​ទៀត​ក្នុង​ផលិតកម្ម​យក្ស​កូរ៉េ​ខាង​ត្បូង YG Entertainment។ នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា​នេះ លោក Yang បាន​បង្ហោះ​សារ​ទៅ​លើ​វិបសាយ YGE មាន​អត្ថន័យ​ដូច​ខាង​ក្រោម ៖

នេះ​គឺ​ Yang Hyun Suk។ ខ្ញុំ​​សូម​ធ្វើ​ការ​សុំទោស​ដល់​អ្នក​គាំទ្រ​ដែល​ស្រឡាញ់ YG និង​តារា​ចម្រៀង​របស់​យើង។ ខ្ញុំ​ពិត​ជា​សុំទោស​ដោយ​ស្មោះ​ទៅ​ដល់​បុគ្គលិក​ទាំង​អស់​ ដែល​បាន​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់ ទោះ​បី​មាន​ព្យុះ​រិះគន់​ខ្លាំង។

ខ្ញុំ​បាន​​រក្សា​ភាព​ស្ងៀមស្ងាត់ ​ចំពោះ​ពាក្យ​​ដែល​គេ​និយាយ​អំពី​​ស្ថានភាព​បច្ចុប្បន្ន​នេះ ដោយ​ត្រូវ​បាន​​យល់​ថា​ជា​​ការ​ពិត។ យ៉ាងណាក្ដី​ ខ្ញុំ​យល់​ថា​ ពេល​នេះ​ពិបាក​ណាស់។ ខ្ញុំ​​យល់​ថា​ YG តារា​របស់​ YG និង​អ្នក​គាំទ្រ នឹង​លែង​ជួប​​បញ្ហា​ដោយ​សារ​តែ​ខ្ញុំ​ទៀត​ហើយ។​​​​​

​​រយៈពេល ២៣ ឆ្នាំ ខ្ញុំ​បាន​​ចំណាយ​ពេល​ពាក់​កណ្ដាល​ជីវិត និង​គ្រប់​យ៉ាង​ដើម្បី​ឲ្យ YG លូត​លាស់។ ការ​​ខិតខំ​ជ្រោមជ្រែង​ចម្រៀង​ល្អ និង​តារា​ល្អ គឺ​ជា​ភាព​រីករាយ​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​គិត​ថា​វា​ជា​សមត្ថភាព​តែ​មួយ​គត់ ដែល​ខ្ញុំ​អាច​​ផ្ដល់​ឲ្យ​អ្នក​គាំទ្រ និង​សង្គម។

យ៉ាងណាក្ដី ខ្ញុំ​នឹង​លា​លែង​ពី​តំណែង និង​ការងារ​ទាំង​អស់​នៅ YG ចាប់​ពី​ថ្ងៃ​នេះ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មិន​មាន​​រឿង​មិន​ល្អ​កើត​មាន​ចំពោះ​តារា​ YG ទាំង​ឡាយ​ដែល​ខ្ញុំ​ស្រឡាញ់ និង​ដល់​អ្នក​គាំទ្រ​ដែល​ស្រឡាញ់​ពួក​គេ ដោយ​សារ​តែ​ខ្ញុំ​ទៀត​នោះ​ទេ។

បច្ចុប្បន្ន​នេះ​មាន​អ្នក​ខ្លាំង​ជា​ច្រើន​នៅ YG ដែល​មាន​សមត្ថភាព​ជាង​ខ្ញុំ។ ខ្ញុំ​គិត​ថា​ការ​​ចុះ​ចេញ​នេះ នឹង​ផ្ដល់​ឱកាស​ល្អ​ដល់​ពួក​គេ​ដើម្បី​បង្ហាញ​សមត្ថភាព បាន​កាន់​តែ​ប្រសើរ​ជាង​មុន។ ​បំណង​​ប្រាថ្នា​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ គឺ​សុំ​ឲ្យ YG មាន​ស្ថិរភាព​បាន​ឆាប់​បំផុត។ ចុង​ក្រោយ ខ្ញុំ​ជឿ​ថា​ការ​ពិត​នៃ​ព័ត៌មាន​​ដែល​សារព័ត៌មាន​ផ្សាយ​កន្លង​មក ​នឹង​ត្រូវ​បង្ហាញ​តាម​រយៈ​ការ​ស៊ើបអង្កេត។ សូម​អរគុណ។

​​​​​ក្រៅ​ពី​ Yang Hyun Suk ​ប្អូន​ប្រុស​របស់​លោក ឈ្មោះ​ថា Yang Min Suk ក៏​បាន​លា​លែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ (CEO) ប្រចាំ​ផលិតកម្ម YG ផង​ដែរ។ គួរ​ដឹង​ថា​ការ​លា​លែង​ទាំង​នេះ​កើត​មាន​ក្រោយ​ពី​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ផលិតកម្ម YG រួម​មាន​រឿង​អាស្រូវ​របស់​ Seungri, ការ​ចោទ​ប្រកាន់​​ពី​ការ​គេចវេះ​មិន​បង់​ពន្ធ និង​រឿង​អាស្រូវ​ទាក់ទង​នឹង​ B.I ផង​ដែរ៕​​

ចុចអាន ៖ ក្ដៅ! B.I ប្រកាស​ចេញ​ពី​ក្រុម​ iKON ភ្លាមៗ ក្រោយផ្ទុះរឿងអាស្រូវប្រើថ្នាំបានប៉ុន្មានម៉ោង

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង