ពិធីសម្ពោធពិព័រណ៍រូបថត «ពីក្រោយការពិត ឬ BEHIND THE REALITY»ទទួលបានការចាប់អារម្មណ៏ខ្លាំងពីមហាជន

  • 2019-06-17 10:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍រូបថត «ពីក្រោយការពិត ឬ BEHIND THE REALITY» បានសម្ពោធនៅថ្ងៃទី ១៥ មិថុនា នៅម៉ោង ៨:៣០ នាទីព្រឹក នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអតិបតីភាពរបស់ លោក សោម រតនា សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិព័រណ៍រូបថតដំបូងបង្អស់នៃដេប៉ាតឺម៉ង់ DMC នេះត្រូវបានផលិត និងរៀបចំដោយក្រុមនិស្សិតឆ្នាំទី២ ជំនាន់ទី១៧ ក្រោយពីបានសិក្សាផ្នែកថតរូបសារព័ត៌មានជាមួយលោកគ្រូ ផន ភារិទ្ធ អស់រយៈពេលមួយឆមាសកន្លងមក ដោយការស្រាវជ្រាវ និងចុះទៅកាន់ទីតាំងនានាដើម្បីអនុវត្តជាក់ស្តែងនូវចំណេះដឹង និង បច្ចេកទេសថតរូប ក៏ដូចជាផ្តិតយករូបភាព ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ គោលបំណងនៃកម្មវិធីនេះគឺ ដើម្បីបណ្តុះគំនិត សិស្សនិស្សិត និងសាធារណជនឲ្យយកចិត្តទុកឲ្យចេះស្រលាញ់ និងអភិរក្ស សិល្បៈបុរាណ ព្រមទាំងថែរក្សាបរិស្ថាន និងការយល់ដឹងទាក់ទងនឹងការស្រលាញ់ភេទដូចគ្នា។

ពិព័រណ៍រូបថតនេះ ផ្តោតទៅលើប្រធានបទធំបី មានដូចជា ប្រធានបទទីមួយ មានឈ្មោះថា «គ្មានទេផែន»ដីទី២ ដែល បង្ហាញពីបញ្ហាចោលសម្រាមគ្មានសណ្ដាប់ធ្នាប់ ដែលជាហេតុបណ្ដាលឲ្យមានការប៉ះពាល់ដល់បរិស្ថាន សុខភាព និងសោភ័ណភាព។ ប្រធានបទទីពីរ មានចំណងជើងថា «ដំណក់់ញើស» ដែលបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ របស់សិល្បកររបាំបុរាណដើម្បីក្លាយជាអ្នករបាំដ៏ប៉ិនប្រសប់ម្នាក់។ ប្រធានបទចុងក្រោយទាក់ទងនឹងការស្រលាញ់មួយ ដែលមិនទាន់មានការ គាំទ្រពីមហាជន គឺអ្នកស្រលាញ់ភេទដូចគ្នា ក្រោមចំណងជើងថា «ក្រមប្រតិព័ទ្ធ» ។

លោកផន ភារិទ្ធ ដែលជាគ្រូផ្នែកវិជ្ជាជីវៈថតរូប នៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងជាអ្នកដឹកនាំ គម្រោងផ្ទាល់ បានឲ្យដឹងថា ពិព័រណ៍រូបថត «ពីក្រោយការពិត»ជាគម្រោងផ្ដួចផ្ដើមដ៏ល្អមួយសម្រាប់យុវជន ទោះបីគម្រោងនេះ មិនធំដូចគម្រោងដែលអ្នកថតរូបអាជីពបានធ្វើ ប៉ុន្តែនិស្សិតនៅពីក្រោយគម្រោងមួយនេះ អាចបង្ហាញពីបរិបទ ប្រឈមផ្សេងៗក្នុង សង្គមតាមលក្ខណៈជាការអប់រំតាមរយះពិព័រណ៍មួយនេះបាន។

លោក អ៊ុង ប៊ុនអ៊ី ប្រធានស្ដីទីដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) បានលើកឡើងថា ពិព័រណ៍រូបថត នេះ បានរំលេចនូវចំណុចសំខាន់៣ គឺទីមួយ ផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នឹងការអនុវត្តផ្ទាល់របស់និស្សិតដើម្បីពង្រឹងចំណេះ ដឹង ក៏ដូចជាចំណេះធ្វើរបស់ពួកគេ។ ទី២គឺបង្កលក្ខណៈឲ្យនិស្សិតសិក្សាស្រាវជ្រាវឈ្វេងយល់ពីបញ្ហានានា ក៏ដូចជា វឌ្ឍនភាពនានានៅក្នុងសង្គម រួចឆ្លុះបញ្ចាំងរឿងរ៉ាវទាំងនោះតាមរយៈអ្វីដែលខ្លួនបានសិក្សារៀនសូត្រ ដើម្បីឲ្យមហាជន បានដឹងឮ។ ទី៣គឺជួយពញ្ញាក់ស្មារតីរបស់មហាជនឲ្យបង្កើនការចាប់អារម្មណ៍លើបញ្ហាទាំងនោះ និងចង់ឲ្យពួកគាត់ ជាចំណែកមួយនៃដំណោះស្រាយផងដែរ។

ជានិស្សិតម្នាក់ក្នុងគម្រោងពិព័រណ៍នេះ លោក ឆាយ រង្សី បង្ហាញពីសេក្ដីរំពឹងទុកសម្រាប់ពិព័រណ៍«ពីក្រោយការពិត»ថា៖ «ពួកយើងសង្ឃឹមថាកម្លាំងចិត្ត កម្លាំងកាយដែលយើងបានដាក់ដើម្បីឲ្យគម្រោងនេះកើតឡើងនឹងបញ្ជូនសារវិជ្ជមានទៅសង្គម ពិសេសមហាជននឹងចូលរួមគាំទ្រឲ្យបានច្រើនកុះករ»។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីថ្ងៃសម្ពោធរួចរាល់ហើយ រូបថតនឹងត្រូវដាក់បង្ហាញជាសាធារណៈរយៈពេលមួយខែពេញ នៅបរិវេណ ដេប៉ាតឺម៉ង់ DMC រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩។ ដូចនេះសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមពិធីសម្ពោធ និងទស្សនាពិព័រណ៍រូបថតនេះ ដោយក្ដី សោមនស្សរីករាយ។

សាកសួរព័ត៌មាន ពីការទស្សនារូបថតទាំងអស់នោះ សូមទាក់ទងទៅកាន់ លោក អ៊ឹង ហាំងប៊ូ និងលោក ងួន វឌ្ឍនៈបណ្ឌិត អ្នកសម្របសម្រួលកម្មវិធី ពិព័រណ៍រូបថតនេះ តាមរយៈទូរស័ព្ទលេខ (+855 86 683 368)/(+855 78 851 199) ឬតាមអ៊ីម៉ែល behindthereality17@gmail.com និងគេហទំព័រហ្វេសប៊ុក «ពីក្រោយការពិត - Behind the Reality»៕

អត្ថបទ៖ Khun Pisith