ឆាប់ៗ​នេះ បញ្ហា​កក​ស្ទះ​នៅ​ម្តុំ​​ក្បាល​ថ្នល់​ នឹង​ត្រូវ​កាត់បន្ថយ​​ ក្រោយ​ស្ពាន​មួយ​ខ្សែ​សាង​សង់​រួច

  • 2019-06-19 04:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មួយ​ខ្សែ​ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​ នឹង​ត្រូវ​សាងសង់​​ ក្នុង​ពេល​ឆាប់​ៗ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ប្រាប់​ Sabay។

លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​បណ្ដាញ​ក្រោម​ដី​រួច ការ​ដ្ឋាន​បាន​ចាប់​ផ្តើម​ខួង​គ្រឹះ​ស្ពាន​កាល​ពី​ដើម​ខែ​មិថុនា​នេះ​ ដោយ​នឹង​សាង​សង់​ស្ពាន​១​ខ្សែ​ពី​មហាវិថី​ព្រះមុនីវង្ស​បត់​ឆ្វេងឆ្ពោះ​ទៅ​មហាវិថី​ព្រះនរោត្ដម​។ ​ស្ពាន​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​​សាងសង់​រយៈ​ពេល​៧ខែ អាច​ឱ្យ​អ្នកដំណើរ​ឆ្លង​កាត់​បាន​។ ដោយ​មើល​ឃើញ បញ្ហា​កក​ស្ទះ​ចរាចរ​នៅ​តែ​កើត​មាន​ ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាល​ថ្នល់​នោះ អាជ្ញាធរ​​រាជ​ធានី​ភ្នំពេញ  បាន​សម្រេច ស្ថាបនា​ស្ពាន​អាកាស​ក្បាល​ថ្នល់  បន្ថែម​ទៀត ​ដើម្បី​កែ​លំអ​ និង​ដោះ​ស្រាយ​បញ្ហា​ចរាចរ​ឲ្យ​កាន់​តែ​មាន​ភាព​រលូន​ដូច​ស្ពាន​អាកាស ​និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មានជ័យ​នោះ  ពិធី​នេះ​​បើក​ការដ្ឋាន​សាងសង់​​ស្ពាន​នេះ​បាន​ប្រព្រឹត្ត​​ នៅ​ថ្ងៃ​ទី ​០៤​ធ្នូ ​២០១៦ ​កន្លង​មក​។

លោក ប៉ា សុជាតិវង្ស ដែល​ពេល​នោះ​ជា​អភិបាល​រាជ​ធានី​ភ្នំពេញ ​បាន​ឱ្យ​ដឹង​​ថា​ អាជ្ញាធរ​នឹង​ចំណាយ​ថវិកា ៤​លានដុល្លារ ដើម្បី​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស  និង​ជួយ​កែ សម្រួល​ឲ្យ​ទូលាយ នៅ​តំបន់​ក្បាល​ថ្នល់​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​ ប៉ុន្តែ​គម្រោង​នេះ​ហាក់​មាន​ភាព​យឺត​យ៉ាវ បន្ទាប់​ពី​​មហាវិថី​សម្តេច​តេជោ(​ផ្លូវ​ ៦០​ម៉ែត្រ​) បាន​ដាក់​ឱ្យ​ដំណើរ​ការ​ ស្ថាន​ភាព​ចរាចរណ៍​នៅ​តំបន់​ក្បាល​ថ្នល់​កាន់​តែ​មាន​ការ​កកស្ទះ។

លោក ម៉េត មាស​ភក្តី ​អ្នក​នាំ​ពាក្យ​សា​លា​រាជ​ធានី​ភ្នំពេញ​ធ្លាប់​បាន​ពន្យល់​ប្រាប់​ Sabay ថា​ ​​ភាព​យឺត​យ៉ាវ​ដោយ​សារ​តែ​ខាង​សាលា​រាជ​ធានី​កំពុង​កែសម្រួល​ផ្នែក​ខ្លះ​នៃ​គម្រោង និង​ថា​កំពុង​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ខ្លះ​ៗ​ជាមួយ​ប្រ​ជា​ពល​រដ្ឋ ទើប​បណ្ដាល​ឱ្យ​មាន​ភាព​យឺត​យ៉ាវ។ សាលា​រាជធានី​ក៏​មាន គម្រោង​សង់​ស្ពាន​អាកាស​ថ្មី​មួយ​ទៀត​ត្រង់​ចំណុច​ប្រ​សព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនីវង្ស និង​ផ្លូវ​២៧១ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់។​ លោក​បន្ថែម​ថា​ “ខ្ញុំ​អាច​និយាយ​បាន​ថា​ គម្រោង​​នេះ​អាច​មាន​ភាព​យឺត​យ៉ាវ មិន​ហើយ​ដូច​ការ​គ្រោង​ទុក​ពី​មុន​ទេ ប៉ុន្តែ​សាលា​រាជធានី​​នឹង​នៅ​តែ​បន្ត​ការ​សាង​សង​ដដែល​ទេ”​។

រំលឹក​អំឡុង​បើក​ការដ្ឋាន​សាងសង់​ កាល​ពី​ឆ្នាំ​២០១៦ គម្រោង​ស្ពាន​អាកាស ​ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ជ្រើស​យក​ នោះ​​មាន​ចំនួន​០៣ ខ្សែ  គឺ ទី១​.ស្ពាន​ស្រប​ពី​លើ​មហា​វិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ ឡើង​ភ្ពាប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ​ទី​២.​តភ្ជាប់​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ​ ទី៣.​ផ្លូវ​ស្រប​ពី​លើ​មហាវិថី​ព្រះមុនីវង្ស​បត់​ទៅ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ​ ​។​

​បើ​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ ដោយ​​​​លោក​ សាំ ពិសិដ្ឋ​ មាន​ន័យ​ថា គម្រោង​នេះ​ចាប់​ផ្ដើម​​សាង​សង់​​ស្ពាន​មួយ​ខ្សែ​ពី​មហាវិថី​ព្រះមុនីវង្ស បត់​ឆ្វេង​ឆ្ពោះ​ទៅ​មហាវិថី​ព្រះ​នរោត្តម​មុន​គេ​ ​។​ គម្រោង​នេះ​ ទទួល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​OCIC កោះ​ពេជ្រ​៕​

អត្ថបទ៖ សុផល

អត្ថបទពេញនិយម