អណ្ដូងកោះស្ដេច ជាប់រឿងប្រវត្តិសាស្ត្រ មានទឹកខួបប្រាំង-ខួបវស្សា
- 2019-06-19 09:49:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អណ្ដូងកោះស្ដេច ជាប់រឿងប្រវត្តិសាស្ត្រ មានទឹកខួបប្រាំង-ខួបវស្សា
ចន្លោះមិនឃើញ
អណ្ដូងកោះស្ដេចមួយកន្លែងអាចផ្ដល់ទឹកសាបសម្រាប់ការប្រើប្រាស់ដល់អ្នកភូមិរាប់រយគ្រួសារនៅលើកោះស្ដេច ស្ថិតនៅក្នុងស្រុកគីរីសាគរ ដែលមានចម្ងាយ ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ អណ្ដូងទឹកនេះ មានជាប់រឿងដំណាលប្រវត្តិសាស្ត្រ។ តើតំណាលនៃរឿងនិទានបែបប្រវត្តិសាស្ត្រមានដំណើរដូចម្ដេចខ្លះ?
អណ្ដូងកោះស្ដេចល្បីមិនចេះរីកស្ងួត និង អបិយជំនឿបន់អ្វីច្រើនបានសម្រេច
តាមការតំណាលតៗគ្នាឲ្យដឹងថា កោះស្ដេចមានជាប់រឿងដំណាលមួយថា ជាយូរណាស់មកហើយមានស្ដេចមេទ័ពមួយអង្គបាននំាទ័ពឡើងទៅលើកោះនោះ ប៉ុន្ដែ នៅលើកោះនោះពុំមានទឹកសាបសម្រាប់ប្រើប្រាស់នោះទេ។ ដូច្នេះ ហើយស្ដេចមេទ័ពក៏ដើររុករកឃើញកន្លែងមួយដែលមានទឹកចេញពីប្រភពក្រោមថ្មនៅជាប់មាត់សមុទ្រ។ ស្ដេចក៏បានយកចំពុះព្រះខ័ណ្ឌពុះថ្មនោះ ហើយទឹកបានហូរចេញមកប្រើប្រាស់មិនចេះអស់ ដែលមានរហូតមកដល់សព្វថ្ងៃនេះ។
ផ្ទះអ្នកភូមិជុំវិញអណ្ដូងកោះស្ដេច និង ផ្ទៃសមុទ្រនៅពីក្រោយ រួមទំាងប្រជុំកោះតូចៗផ្សេងៗទៀត
“តាំងពីរខ្ញុំមករស់នៅទីនេះ អណ្ដូងនេះប្រើប្រាស់យ៉ាងម៉េចក៏មិនចេះរីងដែរ។ ហើយប្រភពអណ្ដូងនេះ គឺមានឥតឈប់ ដោយអាចផ្ដល់ទឹកសាបដល់អ្នកស្រុកទាំងអស់នៅលើកោះនេះ។" លោក យាយ ព្រឿង អ្នករស់នៅលើកោះស្ដេច បានប្រាប់ក្រុមការងារ Sabay។
លោកយាយ វ័យ ៨០ ឆ្នាំជាង បានរៀបរាប់ទៀតថា ក្រៅពីអណ្ដូងមួយនេះ បានផ្ដល់ទឹកសាបឲ្យអ្នកភូមិប្រើប្រាស់ហើយ អណ្ដូងនេះថែមទាំងស័ក្ដិសិទ្ធិ ដោយមានអ្នកបួងសួងជាច្រើនសម្រេចដូចក្ដីប្រាថ្នា ពីការឈឺថ្កាត់ និង រកស៊ីមានបាន ជាពិសេសអ្នកមកបន់ស្រន់សុំកូនក៏មានដែរ។
លោកយាយ ព្រឿង ពន្យល់លម្អិតតាមរយៈវីដេអូខាងក្រោមនេះ អំពីប្រវត្តិអណ្ដូងកោះស្ដេច៖
កោះស្ដេច គឺជាកោះមួយស្ថិតនៅប្រជុំកោះ ស្រុកគីរីសាគរ ដែលមានចម្ងាយ ៨១គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ប៉ុន្តែ ត្រូវជិះអូប័រ ឬ កាណូត ប្រហែល ៣០ នាទី ទើបមកដល់កោះស្ដេចនេះ។ កោះស្ដេចត្រូវបានគេចាត់ទុកជារមណីយដ្ឋានធម្មជាតិ ដែលមានឆ្នេរខ្សាច់វែង និង ជាតំបន់សំបូរទៅដោយផ្កាថ្ម និង ត្រីសមុទ្រ គ្រប់ប្រភេទ។