លេង ឬមែន? ដួង ម៉ានិច ល្អូកល្អិន ជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រគួរឲ្យសង្ស័យ

  • 2019-06-20 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត ដួង ម៉ានិច ដែលធ្វើឲ្យគេខ្នាន់ក្នាញ់ជាមួយការសម្ដែងបញ្ចេញដើមទ្រូងទ្រលុកទ្រលន់តាមរយៈការសម្ដែងជាច្រើន ពិសេសក្នុងបទ “សក់ក្រហម” កាលពីឆ្នាំ ២០១៧ នោះ ថ្មីៗនេះ គេស្រាប់តែឃើញបង្ហាញភាពផ្អែមល្ហែមគួរឲ្យសង្ស័យជាមួយប្រុសក្មេង ថៃ អតិជាតិបុត្រ។

កម្រងរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពស្និទ្ធស្នាលរបស់តារាប្រុសស្រីទាំងពីរនៅលើបណ្ដាញសង្គម។ ពិសេសវេលាដែលពួកគេត្រូវបានឃើញទៅដើរកម្សាន្តជាមួយគ្នានៅទីកន្លែងកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាស្រុកកៀនស្វាយខេត្តកណ្តាលថ្មីៗ។ តាមរូបភាពនោះ ឃើញថា តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ មានភាពផ្អែមល្ហែមខ្លាំងជាមួយ ស្រីស្រស់ ដួងម៉ានិច។

មិនត្រឹមប៉ុណ្ណឹង ស្ថិតនៅក្នុងការផ្សាយផ្ទាល់នៅលើគណនីយហ្វេសប៊ុក(page)របស់ពួកគេផ្ទាល់ ក៏បបានបង្ហាញពីដំណើរកម្សាន្តបែបផ្អែមល្ហែមទៀត តាមរយៈការជិះឧបករណ៍កម្សាន្ត ការលេងកីឡា ពិសេសការទទួលទានអាហារបែបគូស្នេហ៍រ៉ូមេនទិក ដែលធ្វើឲ្យអ្នកគាំទ្រពួកគេចាប់អារម្មណ៍ខ្លាំង។

ភាពផ្អែមល្ហែមទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រពួកគេបញ្ចេញការសង្ស័យថា ជាស្នេហាខុសជំនាន់ដែលទើបនឹងដុះពន្លកឡើង។ មុនពេលលេចចេញភាពស្អិតល្មួតនេះ គេបានឃើញស្រីស្រស់ដួង ម៉ានិច ពោលពាក្យឯកាខ្លាំង។ ប៉ុន្តែមិនបានមួយថ្ងៃផងស្រាប់តែលេចមុខតារាចម្រៀងវ័យក្មេងស្រស់សង្ហាម្ចាស់បទ ”គ្រាស្នេហ៍” ថៃ អតិជាតិបុត្រ មកពោលពាក្យផ្អែមល្ហែម បែបលួងលោម។

គួរឲ្យចាប់អារម្មណ៍ ក្នុងការផ្សាយផ្ទាល់នេះមានអ្នកចូលទស្សនាប្រមាណជិត១០ម៉ឺននាក់នោះ ប្រុសក្មេង នៅបានពោលពាក្យថា ស្រលាញ់ ម៉ានិច មិនត្រឹមទុកតែត្រឹមជាបងស្រីនោះឡើយ។ អ្វីដែលពិសេសតារាប្រុសស្រស់សង្ហារូបនេះបានជូនកាដូខ្សែកដ៏ស្រស់ស្អាត និងពាក់នឹងកឲ្យតារាស្រីរូបនេះផងដែរ។

ទោះជាយ៉ាងណា ភាគីខាងតារាស្រី បានបញ្ជាក់ថា អ្វីដែលបងប្អូនបានឃើញ គ្រាន់តែជារាប់អានប៉ុណ្ណោះ និងថា ការស្និទ្ធស្នាលដោយការដើរជាមួយគ្នា ថតរូបជាមួយគ្នា គឺជារឿងធម្មតាសម្រាប់អ្នកសិល្បៈដូចគ្នាទៅហើយ។ ម្យ៉ាងនាងចាត់ទុក ថៃ អតិជាតិបុត្រ ជាប្អូនប្រុសប៉ុណ្ណោះ៕

រូបភាព៖ហ្វេសប៊ុក ថៃ អតិជាតិបុត្រ

អត្ថបទ៖ ស៊ុន ហួត