​​ក្រោយ​​រៀប​ការ​រួច​ មាន​ផ្ទះ​រស់​នៅ​ខ្លួន​ឯង​ ឫ​នៅ​ជា​មួយ​​ឪពុក​ម្ដាយ តើមួយ​ណាល្អជាង?

  • 2019-06-20 09:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀប​ការ​ ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​កន្លែង​រស់​នៅ​មិន​មែន​​ជា​បញ្ហា​មនុស្ស​តែ​ម្នាក់​នោះ​ឡើយ វា​ជា​បញ្ហា​ចម្បង​ដែល​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​​​ជា​ច្រើន​ ​​ត្រូវ​គិត​​​​ និង​រួម​គ្នា​ដោះស្រាយ  គ្រាន់តែ​​​វិធី​ដែល​ពួក​គេ​ដោះ​ស្រាយ​​ មាន​លក្ខណៈ​ខុស​ៗ​គ្នា​វា​អាស្រ័យ​ទៅ​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​ និង​ជីវភាព​របស់​​គ្រួសារ​​ពួក​គេ​តែ​ប៉ុណ្ណោះ​។

ជា​គណនេយ្យ​ករ​ម្នាក់​ដែល​ទើបនឹង​​រៀប​ការ​រួច​កាល​ពី​ខែ​​មេសា ឆ្នាំ​នេះ​ អ្នក​នាង​ ជា​ សុជាតិ បាន​រៀប​រាប់​ថា ​ក្រោយ​​​ពី​រៀប​ការ​រួច​បើ​តាម​ចិត្ត​របស់​គ្រួសារ (ស្វាមី) ​ខ្ញុំ​គាត់​​​​ចង់​បាន​ផ្ទះ​មួយ​នៅ​ឯ​ស្រុក ​​​ដែល​ល្មម​​អាច​ឲ្យ​ពួក​យើង​រស់​នៅ​បាន តែ​សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​គិត​ថា ​ចង់​រក​ទិញ​ផ្ទះ​ណា​ល្មម​ធូរ​ថ្លៃ​មួយ​នៅ​ភ្នំ​ពេញ។  ដូច្នេះ​ពេល​នេះ​ពួក​យើង​កំ​ពុង​គិត​ និង​ពិចារណា​សិន​ តែ​បើ​តាម​ចិត្ត​គាត់​ (ស្វាមី) គឺ​គាត់​តាម​ខ្ញុំ​ច្រើន​ជាង​។

នៅ​ពេល​សួរ​ថា ចុះ​ហេតុ​អ្វី​មិន​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​តែ​ម្ដង​ទៅ? អ្នក​នាង​ សុជាតិ ​បាន​លើក​ឡើង​ថា​ ​ការ​រស់​នៅ​ផ្ទះ​ជាមួយ​​ឪពុក​ម្ដាយ​ក្រោយ​រៀប​ការ​រួច​​​ វា​​មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ​ ​​ ក៏​ប៉ុន្តែ​យើង​មិន​អាច​រស់​នៅ​បែប​​​នេះ​រហូត​បាន​ទេ ព្រោះ​បន្តិច​ទៀត​​យើង​នឹង​មាន​កូន​ ហើយ​ពេល​គេ​​ធំឡើង​គេ​ត្រូវ​ការ​បន្ទប់​ខ្លួនឯង។​ ដូច្នេះ​​វាចាំ​បាច់​ណាស់​ដែល​យើង​​ត្រូវ​មាន​ផ្ទះ​ខ្លួន​ឯង។

អ្នក​នាង​ សុជាតិ បន្តថា ​ការ​រស់​នៅ​ជុំ​គ្នា​ជាមួយ​ឪពុក-ម្តាយ​ក្មេក ឫ ​ឪពុកម្តាយ​បង្កើត​ ​ក្រោយ​ពី​រៀប​ការ​រួច ដំបូង​វាអាច​​​មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ទេ តែ​យូរៗ​ទៅ​វា​អាច​នឹង​មាន​បញ្ហា ​ទាស់ទែង​​ក៏​ដូចជា​ការ​រស់​នៅ​មិន​ចុះ​សម្រុង មើល​មុខ​គ្នា​មិន​ចំ​ ព្រោះ​យើង​មិន​ប្រាកដ​ថា ប្ដី​របស់​យើង​គាត់​អាច​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​​ឪពុក​ម្ដាយ​ក្មេក ហើយ​យើង​ខ្លួន​ឯង​ក៏ មិន​​ប្រាកដ​ថា​អាច​រស់​នៅ​​ចុះ​សម្រុង​ជា​មួយ​​ឪពុក ម្តាយ​ខាង​ប្តី​ដែរ។​​

ការ​រស់​ផ្ទះ​ដោយ​ឡែក​ពី ​ឪពុក-ម្តាយ​ ធ្វើ​ឲ្យ​យើង​មាន​ភាព​ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួសារ ចេះ​ពឹង​ពាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខដុម​រមនា រវាង​ប្ដី​ និង​ប្រពន្ធ​ ​មាន​អី​ហូប​នឹង​ ចេះ​គោរព​សិទ្ធិ​​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​​អធ្យាស្រ័យ​​​យោគ​យល់គ្នា ​ដឹង​ពី​សុខ​ទុក្ខ​​គ្នា បើ​មាន​ចំណុច​ខ្វះ​ខាត​​​ត្រូវ​​បំពេញ​​​ឲ្យ​គ្នា​​ នេះ​​ទើប​​​ជា​ការ​ចាប់​ផ្ដើម​កសាង​ជីវិត​គ្រួសារ​មួយ​ដ៏​ល្អ​។​ ការ​មាន​​​ផ្ទះ​​ផ្ទាល់​ខ្លួន​ក្រោយ​ពី​រៀប​ការ​រួច​វាជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ជម្រក​មួយ​សម្រាប់​ការ​កសាង​សុភមង្គល​គ្រួសារ​ថ្មី និង​ជៀស​វាង​នូវ​ការ​ទាស់ទែង​នានា ក៏​ដូចជា​ការ​រស់​នៅ​មិន​ចុះ​សម្រុង មើល​មុខ​គ្នា​មិន​ចំ​ ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ទៅ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្មេក ឫ ​ឪពុក​ម្ដាយ​បង្កើត​​៕

អត្ថបទ៖ ហេង នាង (CCJ)