សំណាង​ណាស់ ​កុមារ​កម្ពុជា​ ២៤នាក់​ ទៅ​ហាត់​ជា​មួយ​គ្រូ​ Spurs​ ដោយ​មិន​អស់​លុយ​នៅ​ភូកេត​

  • 2019-06-24 08:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុមារ​កម្ពុជា​ចំនួន​ ២៤​នាក់​ បាន​ទទួល​អាហារូបករណ៍​ពី​ AIA​ ដើម្បី​ទៅ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​របស់​ក្រុម​លំដាប់​អន្តរជាតិ​ Spurs​ នៅ​ឯ​ប្រទេស​ថៃ​ រយៈពេល​៦ថ្ងៃ​ បន្ថែម​បទ​ពិសោធ​បន្ត​ការ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ពួកគេ​ឲ្យ​ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពកន្លងទៅ

លោក​ Anton Blackwood​ ដែល​ជា​គ្រូ​បង្វឹក​មក​ពី​ក្រុម​ Spurs​ បាន​ឲ្យ​ដឹង​ថា​​ពិត​ជា​មាន​ការ​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ និង​ជ្រើសរើស​កុមារ​ដែល​យក​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ព្រោះ​អាហារូបករណ៍​នេះ​គឺ​មាន​កំណត់​ ខណៈ​កុមារ​មាន​ទេពកោសល្យ​ប្រហាក់ប្រហែល​គ្នា។​ គ្រូ​មក​ពី​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​ខាង​លើ​នេះ​ លើក​ឡើង​ទៀត​ថា​ ពួក​លោក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ជ្រើសរើស​ពួកគេ​ទាំង​២៤នាក់​នេះ​។លោកជឿជាក់​ថា ​អ្នក​ទាំង​អស់​នោះ​​ពិត​ជា​មាន​សក្ដានុពល​ពិត​ប្រាកដ​មែន​ ដែល​អាច​ឲ្យបង្ហាត់​ក៏​ដូច​អភិវឌ្ឍន៍​បាន​យ៉ាង​ពេញលេញ​នៅ​ឯ​ប្រទេស​ថៃ​ខែ​ក្រោយ​នេះ។​

ទិដ្ឋភាពកន្លងទៅ

ការ​ហ្វឹកហាត់​រយៈពេល​៦ថ្ងៃ​នេះ​ គឺ​ផ្ដោត​លើ​អភិវឌ្ឍន៍​ជំនាញ​​បាល់​ទាត់​ សុខភាព​រាងកាយ​របស់​កុមារ​តាម​រយៈ​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត​ផង​ដែរ។​ បន្ថែម​ពី​នេះ​អាហារូបករណ៍​នេះ ​នឹង​មាន​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ​រួម​ជា​មួយ​និង​មេរៀន​ ការ​រៀបចំ​របប​អាហារូបត្ថម្ភ​ល្អ​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កុមារ​។

ទិដ្ឋភាពកន្លងទៅ

ចំណែក​លោក​ស្រី​ Pauline Teoh​ តំណាង​ AIA​ Cambodia​ ឲ្យ​ដឹង​ថា​ មាន​សេចក្ដី​រំភើប​រីករាយ​ណាស់​តាម​រយៈ​ការ​ចាប់​ដៃគូ​ជា​មួយ​ និង​ក្រុម​បាល់ទាត់​ឈាន​មុខ​គេ​ដូច​ជា​ Tottenham Hotspur ហើយ​អាច​ផ្ដល់​ឲ្យ​កុមារ​កម្ពុជា​នូវ​ឱកាស​ហ្វឹកហាត់​បាល់ទាត់​លំដាប់​ពិភពលោក។​ តំណាង​ម្ចាស់​អាហារូបករណ៍​រូប​នេះ​ សង្ឃឹម​ថា​គំនិត​ផ្ដួចផ្ដើម​នេះ​ នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អនាគត​នៃ​វិស័យ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​នឹង​ការ​ផ្សព្វផ្សាយ​សារ​ដ៏​សំខាន់​របស់​ AIA ដែល​ថា​«ការ​ធ្វើ​លំហាត់​ប្រាណ​ ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ»។​

លោក​ Anton Blackwood(ឆ្វេង)

បញ្ជាក់​ផង​ដែរ​ថា ​កុមារ​ដែល​ជាប់​ទៅ​ហ្វឹកហាត់​នៅ​ឯ​ភូកេត​ ប្រទេស​ថៃ​ទាំង​២៤នាក់​នេះ​ គឺ​រាប់រង​ការ​ចំណាយ​ទាំង​ស្រុង​ដោយ​ AIA ​Cambodia។​ ការ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​ក្រុម​ Spurs​ នេះ​ធ្វើ​ឡើង​រយៈពេល​៦ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅ​រមណីយដ្ឋាន​សុខភាព ​និង​ពហុ​កីឡដ្ឋាន​ Thanyapura​ ប្រទេស​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​