មន្ត្រី​មួយចំនួន​​លាលែង​ បញ្ចប់​​​ និង​ផ្ទេរ​ភារកិច្ច​ទាក់ទង​ហេតុការណ៍​រលំអគារនៅ​ក្រុង​ព្រះ​សីហនុ​

  • 2019-06-25 02:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​ប្រាំ​ពី​រជាន់​នៅ​ក្រុង​ព្រះ​សីហនុកាលពី​​ព្រឹក​ព្រលឹម​ថ្ងៃទី២២ ខែ​មិថុនា កន្លង​មកនេះ​បណ្ដាល​ឲ្យ​មាន​អ្នក​សា្លប់ចំនួន​២៨​នាក់ និង​រង​របួស​២៦​នាក់។ នេះបើតាម​សេចក្ដីប្រ​កាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តព្រះ​សី​ហនុ​កាលពី​យប់​មិញ។

ទាក់ទង​នឹង​ហេតុការណ៍នេះ​មន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​ដក​ដំណែង ផ្ទេរភារកិច្ច និង​សុំ​លាង​លែង។ អភិបាល​ខេត្ត​ព្រះសីហនុ​ឯកឧត្តម​ យន្ត ​មីន បាន​សម្ដែង​ការ​សោក​ស្តាយ​ចំពោះ​ហេតុការណ៍នេះ ដោយ​​បានទទួលកំ​ហុស​​និងសុំ​លាលែងពី​តំណែង​ជាអភិបាល​ខេត្ត និង​ត្រូវ​ផ្ទេរ​ភារកិច្ច​មក​បម្រើការ​នៅ​ទីស្ដីការ​ក្រ​សួង​មហាផ្ទៃ ដើម្បីទទួលភារកិច្ច​ថ្មី។

(ឯកឧត្តម យន្ត មីន/ប្រភព៖ ហ្វេសប៊ុកឯ. យន្ត មីន))

សម្រាប់​តំណែង​អភិបាលខេត្ត​ព្រះ​សីហនុ​ត្រូវ​ជំនួស​ដោយ​ឯកឧត្តម គួច ចំរើន ដែល​ត្រូវ​ផ្ទេ​រភារកិច្ច​ពី​អភិបាល​ខេត្ត​កំពង់ចាម មកជា​អភិបាល​ខេត្ត​ព្រះសីហនុ​វិញ។ នេះ​បើ​តាម​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃទី​២៤ ខែមិថុនា។​

(ឯកឧត្តម គួច ចំរើន/ប្រភព៖ ហ្វេស​ប៊ុក ឯ.គួច ចំរើន)

ដោយ​ឡែក​អភិបាល​ខេត្ត​ព្រះ​វិហារ ឯកឧត្តម អ៊ុន ចាន់ដា ត្រូវ​ផ្ទេរ​មក​កាន់តំណែងជា​អភិបាល​ខេត្ត​កំពង់ចាម​វិញ និង​តំណែង​អភិបាល​ខេត្ត​ព្រះ​វិ​ហារ​ត្រូវជំនួស​ដោយ​អភិបាល​រង​ខេត្ត​ស្វាយ​រៀង​ម្នាក់​វិញ។

ជាមួយ​គ្នានេះ​ដែរឯកឧត្តម ញឹម វណ្ណដា ត្រូវបញ្ចប់​តំណែង​ជា​អនុប្រ​ធានទី​១ នៃ​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជំនួស​វិញ​ដោយ​ឯកឧត្តម គន់ គីម។​ ទោះយ៉ាង​នា​ឯកឧត្តម ញឹម វណ្ណដា ត្រូវ​បាន​តែង​តាំង និងផ្ដល់​តំណែង​ជាទីប្រឹក្សារាជ​រដ្ឋាភិបាល​ឋានៈស្មើ​ទេស​រដ្ឋមន្ត្រី។​

គួរ​បញ្ជាក់ថា​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍នេះ​នឹង​ទទួល​បាន​ថវិកា​មិន​តិច​ជាង​ប្រាំ​មួយ​ម៉ឺន​ដុល្លារ​ និង​អ្នក​រង​របួស​នឹង​ទទួលបាន​ថវិកា​ជាង​មួយ​ម៉ឺន​ដុល្លារ៕

អត្ថបទ៖ ទូច សុខា