លម្អិតប្រវត្តិជនរងគ្រោះប្តីប្រពន្ធស្លាប់ហេតុការណ៍រលំអគារនៅព្រះសីហនុ បន្សល់កូនប្រុសតូចក្រោមបន្ទុកជីដូនជរា
- 2019-06-25 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតប្រវត្តិជនរងគ្រោះប្តីប្រពន្ធស្លាប់ហេតុការណ៍រលំអគារនៅព្រះសីហនុ បន្សល់កូនប្រុសតូចក្រោមបន្ទុកជីដូនជរា
ចន្លោះមិនឃើញ
ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីថ្ងៃ២២ មិថុនា កន្លងមក បង្កើតជាសោកនាដកម្មយ៉ាងក្រៀមក្រំសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ក្នុងចំណោមជនរងគ្រោះទាំងអស់ លោក ទន់ ប្រុស និងប្រពន្ធឈ្មោះ ហួង ចាន់ថាល បានស្លាប់ក្នុងគំនរបាក់បែកនោះ ដោយបន្សល់កូនប្រុសតូច៣នាក់ រស់នៅកម្សត់ជាមួយជីដូនយ៉ាងរងាបំផុត។
បើតាមលោកយាយ ង៉ា មុំ ត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះ ហួង ចាន់ថាល រៀបរាប់ថា កូនស្រីគាត់កាលនៅរស់ កម្សត់ណាស់ ព្រោះប្ដីប្រពន្ធទាំងពីរពុំមានផ្ទះសម្បែង ដីធ្លីជាកម្មសិទ្ធិឡើយ។ ដោយគ្មានទីពឹង អ្នកទាំងពីរសម្រេចចាកចោលកូនទាំង៣ទាំងអាល័យទៅធ្វើកម្មករសំណង់នៅប្រទេសថៃ ដោយទុកកូនឲ្យលោកយាយមើលថែ។ នៅទីនោះ កូនស្រីលោកយាយរកបាន៣០០បាត ហើយផ្ញើប្រាក់មួយខែម្ដង ប្រហែល៣ពាន់ទៅ៤ពាន់បាតឲ្យលោកយាយទុកទិញម្ហូប នំចំណីឲ្យកូនតូចៗបរិភោគនិងទៅរៀន។ អស់ពេលជាង១០ឆ្នាំ អ្នកទាំងពីរយូរៗមកលេងផ្ទះនៅបាត់ដំបងពេលបុណ្យទាន។
លោកយាយអាយុ៥៨ឆ្នាំ មិនអាចចេញទៅប្រកបរបរអ្វីឡើយ គាត់បានត្រឹមនៅផ្ទះដាំបាយ មើលចៅប៉ុណ្ណោះ។ ដោយសារធ្វើការយូរនៅប្រទេសថៃមិនសល់ប្រាក់ ប្ដីប្រពន្ធទាំងពីរក៏សម្រេចមកស្រុកខ្មែរ ហើយធ្វើជាកម្មករសំណង់នៅកំពង់សោមវិញ ដោយប្តីមួយថ្ងៃបាន១៥ដុល្លារ ប្រពន្ធបាន១៤ដុល្លារ។ ធ្វើការបាន៣ថ្ងៃ អភ័ព្វអីអ្នកទាំងពីរក៏ជួបគ្រោះអកុសលបាក់រលំអគារ៧ជាន់នោះ ស្លាប់យ៉ាងអាណោចអាធ័ម។ ពេលលឺដំណឹងភ្លាមៗ លោកយាយទៅយកសពកូនមកធ្វើបុណ្យនៅស្រុកកំណើតក្នុងភូមិ អូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ហួង ចាន់ថាល អាយុ៣៨ឆ្នាំជាកូនស្រីច្បងចំណោម៨នាក់ និងមានប្ដីឈ្មោះ ទន់ ប្រុស អាយុ៤២ឆ្នាំ។ កូនប្រុសជនរងគ្រោះច្បងអាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៧ កូនទី២ អាយុ១២ឆ្នាំ រៀនថ្នាក់ទី៤ និងកូនពៅអាយុ៩ឆ្នាំ រៀនថ្នាក់ទី២។ ក្រោយមរណភាពកូនស្រី លោកយាយប្រាប់ថាជីវិតកាន់តែវេទនា លំបាកកាន់តែខ្លាំង ព្រោះត្រូវរ៉ាប់រងចិញ្ចឹមចៅតូចៗ។ និយាយបណ្ដើរយំបណ្ដើរ ព្រោះអាសូរកូនស្រីស្លាប់ចោលលឿនពេក ។ ចំពោះបន្ទុកចិញ្ចឹមចៅទាំងបីត្រូវធ្លាក់លើជីដូនទាំងស្រុង ហើយលោកយាយប្រាប់ថា មិនអាចចេញទៅរករបរខាងក្រៅបានទេ មានតែយកប្រាក់ពីកូនៗ ៧នាក់ផ្សេងទៀតផ្ដល់ឲ្យប៉ុណ្ណោះ។
ពេលនេះ លោកយាយបានរៀបចំធ្វើបុណ្យឲ្យកូនរួចហើយ និងទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនផងដែរ ចំពោះហេតុការណ៍នេះ។ គួរបញ្ជាក់ថា ត្រឹមថ្ងៃ២៥ ខែមិថុនា ២០១៩ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ មានអ្នកសា្លប់ចំនួន២៨នាក់ និងរងរបួស២៦នាក់ ពីហេតុការណ៍បាក់រលំអគារ៧ជាន់នៅក្រុងព្រះសីហនុ៕