៣វិធី ប្រឡេះស្ត្រេស ដើម្បីបង្កើនឆន្ទៈ

  • 2019-06-26 09:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

សួស្តី! ស្វាគមន៍ជាថ្មីមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបមានវា! ក៏គួរដឹងផងដែរថា ស្មេរអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal)!

នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង ក៏ដូចជាមូលហេតុអ្វីបានជាពេលខ្លះយើងហាក់ដូចជាគ្មានវាក្នុងខ្លួនសោះនោះ!

ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ដោយរៀនផ្តោតអារម្មណ៍ និងពង្រឹងស្មារតី។

នៅវគ្គ ៣ យើងបានងាកមកមើលខ្លួនយើងវិញម្តង ហើយបានដឹងថាការញ៉ាំ ការដេក និងការហាត់ប្រាណមានឥទ្ធិពលខ្លាំងប៉ុណ្ណាក្នុងការពង្រឹងឆន្ទៈរបស់យើង!

ក្នុងវគ្គនេះផ្ទាល់ យើងនឹងក្រឡេកភ្នែកមកមើលក្នុងចិត្តយើងវិញម្តង ថាតើអារម្មណ៍អវិជ្ជមានដូចជាស្ត្រេសនិងការព្រួយបារម្ភ អាចបំបាក់ឆន្ទៈយើងដល់កំរិតណា ហើយយើងអាចធ្វើអ្វីខ្លះដើម្បីអាចបន្ថយវាបាន?

ស្ត្រេស៖ ឈ្មោះជាមិត្ត តែជាតិជាមារ

មនុស្សជាច្រើន រួមទាំងស្មេរផ្ទាល់ធ្លាប់ជឿថា ដើម្បីជំរុញទឹកចិត្តឲ្យយើងឈប់ខ្ជិល ហើយបំពេញការងារបានល្អនោះ គឺយើងអាចប្រើប្រាស់ស្ត្រេស អាចដាក់សំពាធលើខ្លួនឯងដោយ ដាក់ថ្ងៃបញ្ចប់ការងារឲ្យមុនថ្ងៃពិត ឬធ្វើការងារបន្ទាន់ពីរបីក្នុងពេលតែមួយជាដើម។

ធ្វើអញ្ចឹងដូចមានអារម្មណ៍ថាត្រូវ ព្រោះគ្រាន់តែភ័យជិតដល់ថ្ងៃដែលគេមកយកភ្លាម យើងតែងឈប់ដេក ឈប់ដើរលេង សុខចិត្តអត់ងងុយបញ្ចប់បង្ហើយទាំងយប់រាល់តែដង។ ក្នុងថ្នាក់នីមួយៗ គ្មានអ្វីជំរុញឲ្យសិស្សៗសាមគ្គីគ្នាធ្វើការសស្រាក់ដើម្បីបញ្ចប់ការងារក្រុម ជាងពេលដែលគ្រូត្រូវប្រមូលការងារថ្ងៃស្អែកនោះទេ។ តាមពិតទៅ​ យុទ្ធសាស្ត្រដាក់សម្ពាធលើខ្លួនឯងនេះ អាចនឹងមានប្រសិទ្ធិភាពក្នុងរយៈពេលខ្លីក៏ពិតមែន តែបើយើងប្រើវាជាប្រចាំនោះ វាអាចបំផ្លាញឆន្ទៈរបស់យើង ក៏ដូចជាអំពល់ទុក្ខដល់សុខភាពខ្លួនប្រាណយើងផងដែរ!

រូបភាពបានមកពី៖ ហ្គូស្តាវ ហ្សាមបេលី (Gustavo Zambelli)

មានដឹងអត់ថា តាមពិតការកើតស្ត្រេសជាប្រចាំហ្នឹង ជះផលអាក្រក់សំរាប់រាងកាយយើងច្រើនជំពូកណាស់! ស្ត្រេសឬប្រព័ន្ធវាយឬរត់ (fight-or-flight) គឺជាប្រព័ន្ធមួយដែលបង្វែរកំលាំងកាយ និងកំលាំងចិត្តរបស់យើង។​ ពេលយើងនៅសុខៗនៅធម្មតាៗ កំលាំងក្នុងរាយកាយយើង គឺយើងប្រើដើម្បីគិត និងចែកចាយឲ្យគ្រឿងក្នុងផ្សេងៗក្នុងកាយាយើង ដើម្បីឲ្យពួកវាធ្វើការបានតាមធម្មតា។

តែដល់ពេលប្រព័ន្ធវាយឬរត់នេះចេញមុខ ខួរយើងក៏ប្រឹងប្រមែប្រមូលយកកំលាំងទាំងអស់ពីការគិត និងពីគ្រឿងក្នុងផ្សេងៗ មកបំប៉នសាច់ដុំយើងក្នុងពេលបច្ចុប្បន្នទៅវិញ! ឧបមាថាយើងជិតត្រូវគេវាយបែកមាត់ ឬជិតដល់វេនយើងឡើងថ្លែងសន្ទរកថាក្នុងថ្នាក់ នោះប្រព័ន្ធវាយឬរត់នឹងចេញមុខជួយបង្វែរកំលាំង ឲ្យយើងអាចទប់ទល់ជាមួយអ្នកចង់វាយយើង (ឬដាក់មេប្រ៉ូចបានលឿន) និងអាចគិតវាសវៃ និងនិយាយក្នុងសន្ទរកថាបានឲ្យ អស់ពីកំលាំងក្នុងខ្លួនយើងនោះអី។

តែប្រសិនបើយើងបន្តប្រើប្រាស់ប្រព័ន្ធនេះគ្មានពេលឈប់សំរាកនោះ បានន័យថាគ្រឿងក្នុងយើងមិនបានទទួលថាមពលពេញលេញដើម្បីដំណើរការនោះទេ។ ដោយហេតុនេះហើយទើបគេបានស្រាវជ្រាវឃើញថា មនុស្សដែលមានស្ត្រេសជាប្រចាំ មិនមានថាមពលគ្រប់គ្រាន់សំរាប់ការកិនរំលាយអាហារ ការបង្កើតកូន ការព្យាបាលរបួស និងការវាយសំអាតបាក់តេរីក៏ដូចជាវីរសក្នុងខ្លួននោះទេ។

អញ្ចឹងហើយបានជាអ្នកខ្លះតែងសង្កេតឃើញថា ខ្លួនងាយនឹងធ្លាក់ខ្លួនឈឺក្រពះ ហើមពោះ និងងាយផ្តាសាយជាងធម្មតា ពេលដែលគាត់ស្ត្រេសជាប់គ្នាអស់ប៉ុន្មានអាទិត្យមក។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា មនុស្សដែលបន្តកើតស្ត្រេសរ៉ាំរ៉ៃមិនបាត់អស់ដល់រាប់ឆ្នាំនោះ ងាយនឹងប្រឈមជាមួយជំងឺសាហាវជាច្រើនដូចជា ជំងឺគាំងបេះដូង ស្ទះសសៃឈាម ទឹកនោមផ្អែម ឈឺចុករោយខ្នងជាប្រចាំ គ្មានកូន ហើយថែមទាំងឧស្សាហ៍ធ្លាក់ខ្លួនឈឺផ្តាសាយញឹកញយជាងគេឯងទៀតផង!

ស្ត្រេសក៏ធ្វើឲ្យយើងពិបាកគ្រប់គ្រងខ្លួនឯងជាងមុនលើគ្រប់វិស័យផងដែរ

មានការពិសោធន៍មួយនោះ គេឲ្យអ្នកញៀនបារីមួយក្រុម សាកស្រមៃថាខ្លួនជិតត្រូវទៅជួបពេទ្យធ្មេញ (អារឿងទៅជួបពេទ្យធ្មេញហ្នឹងហើយ ជារឿងដែលមនុស្សគ្រប់រូបខ្លាច ទោះអាយុប៉ុន្មានក៏ដោយ)។ ឯអ្នកញៀនបារីមួយក្រុមទៀត គេឲ្យអង្គុយលេង មិនគិតពីរឿងនេះទេ។ គ្រាន់តែចំណាយពេលប៉ុន្មាននាទីស្រមៃសោះ អ្នកញៀនបារីមួយក្រុមដំបូងក៏ចាប់ផ្តើមឡើងស្ត្រេសបន្តិចៗ ហើយចង់ជក់បារីខ្លាំងទៅៗ បើប្រៀបធៀបជាមួយក្រុមដែលអង្គុយលេង។

ដូចគ្នាផងដែរ មានការពិសោធន៍មួយទៀត គេបានបោកមនុស្សមួយក្រុមដែលញៀនអាហារចូលចិត្តញ៉ាំច្រើនលើសធម្មតា ថាបន្តិចទៀត ពួកគាត់ត្រូវទៅឡើងថ្លែងសន្ទរកថានៅមុខមនុស្សម្នាជាច្រើនជាមិនខាន។ គ្រាន់តែលឺអញ្ចឹងភ្លាម ពួកគាត់ក៏ចាប់ផ្តើមភ័យ ហើយឃ្លានកូរពោះចង់ញ៉ាំអាហារផ្អែមៗច្រើនជាងក្រុមដែលគេមិនបានបោក។ បើចង់បានព័ត៌មានបន្ថែម អាចអានរបាយការណ៍ពិសោធន៍នៅទីនេះ ទីមួយ និងទីពីរ។

ឃើញអត់? បើយើងចូលចិត្តដាក់សម្ពាធខ្លួនឯងដើម្បីបញ្ចប់ការងារណាមួយនោះ វាអាចនឹងជំរុញឲ្យយើងខំធ្វើការងារនោះក៏ពិតមែន តែវាក៏នឹងបំបាត់កំលាំងឆន្ទៈយើង ធ្វើឲ្យយើងគ្មានថាមពលក្នុងការលុបបំបាត់ទំលាប់អាក្រក់ ឬ ក្នុងការថែរក្សាចិត្ត និងរាងកាយយើងដោយការញ៉ាំអាហារល្អ ហាត់ប្រាណទៀងទាត់ និង រៀបគំរោងជីវិតឲ្យបានត្រឹមត្រូវនោះទេ!

ការរស់នៅដោយពឹងលើស្ត្រេសនិងសម្ពាធ គឺប្រៀបបានដូចជាយើងជិះលើកូនទូកមួយនៅកណ្តាលមហាសមុទ្រ មានព្យុះរលកបក់បោកជាប់លាប់រហូតអញ្ចឹង គឺចប់រលកមួយ នឹងមានរលកថ្មីមួយមកបោកអង្រួនទូកតូចកំសត់របស់យើងជាមិនខាន។ រវល់តែរត់ពីរលកមួយទៅរលកមួយ គ្មានកំលាំងឯណាទៅតំរង់ទូកឲ្យវាបរទៅតាមផ្លូវដែលយើងប្រាថ្នានោះទេ។ រស់នៅដោយសារស្ត្រេសអាចជួយយើងបានទទួលបានជោគជ័យរឿងតូចៗក្នុងរយៈពេលខ្លីក៏ពិតមែន តែយើងនឹងគ្មានកំលាំងឆន្ទៈនៅសល់ដើម្បីទៅផ្លាស់ប្តូររឿងធំៗ និងទៅរស់នៅជីវិតដែលយើងកំណត់ដោយខ្លួនឯងបានឡើយ។

តើអ្នកចង់រស់នៅមួយជីវិតនេះ ជាកូនទូកតូចកំសត់រសាត់អណ្តែតតាមរលកជីវិត ឬអ្នកចង់ក្លាយជាទូកធំរឹងមាំអាចបង្វិលចង្កូតទៅផ្លូវមួយដែលអ្នកអាចក្លាយជាមនុស្សដែលមានចរិតល្អ ចិត្តមេត្តា និងសុខភាពល្អ?

រូបភាពបានមកពី៖ ស្ទីវ ប៊ីចឺ (Steve Bidger)

ម៉េចបានស្ត្រេសអាក្រក់អីអាក្រក់ដល់ម្លឹង?

ដូចដែលស្មេរបាននិយាយពីខាងលើអញ្ចឹង តាមពិតស្ត្រេសពេលខ្លះក៏មានប្រយោជន៍គ្រាន់បើដែរ។ ខួរក្បាលយើងនៅតែរក្សាវាក៏ដោយសារ ស្ត្រេសគឺជាយុទ្ធសាស្ត្រការពារខ្លួនមួយរបស់យើង។ ជាពិសេសគឺវាមានប្រយោជន៍ខ្លាំងណាស់ ពេលដែលយើងជួបគ្រោះថ្នាក់ផ្លូវកាយ។ ឧទាហរណ៍ដូចជា ពេលយើងមើលតាមកញ្ចក់ឃើញដូចជាម៉ូតូពីក្រោយបំរុងចង់ឆក់កាបូបយើង ឬពេលដើរៗ ស្លុយផុងជើងប៊ិះដួលពីលើជណ្តើរជាដើម។ ស្ត្រេសនឹងចេញមុខមកភ្លាម មិនបាច់យើងប្រាប់នោះទេ វានឹងធ្វើឲ្យភ្នែកយើងមុតជាងមុន ត្រចៀកវៃ ដៃត្រៀមមូរហ្គាសរត់ពីចោរ ឬវានឹងធ្វើឲ្យសាច់ដុំជើងយើងរឹងមាំទប់លំនឹងមិនឲ្យធ្លាក់ពីលើជណ្តើរបាន។

តែស្ត្រេសមិនចេញមុខតែពេលយើងមានគ្រោះថ្នាក់ផ្លូវកាយនោះទេ ពេលយើងមានរបួសផ្លូវចិត្តក៏វាចេញមុខមកអន្តរគមជួយយើងដែរ! ជាក់ស្តែងពេលយើងពិបាកចិត្ត ថប់អារម្មណ៍ ខឹងជ្រួលច្រាលនោះ ខួរក្បាលយើងព្យាយាមចង់បង្វែរអារម្មណ៍យើង កុំឲ្យយើងគិតតែពីមូលហេតុដែលនាំឲ្យយើងពិបាកចិត្តខឹងមួម៉ៅនោះទេ។ អញ្ចឹងហើយបានជាវាព្យាយាមជំរុញឲ្យយើងឃ្លានញ៉ាំ ឃ្លានផឹក ឃ្លានជក់ ចង់មើលនេះមើលនោះ ចង់ដើរទិញអីវ៉ាន់នោះអី!

វាអាចនឹងគិតថា ៖ «ហេ៎! មានរឿងធំហើយ! មិនបាច់អង្គុយគិតហើយសឹមគូរទេ។ បើប៉ិនេះនៅតែពិបាកចិត្តដូចនេះទៀត តិចចង់សំលាប់ខ្លួនទៅ មិនងាប់ទាំងឯងហើយ? អញ្ចឹងទាល់តែបញ្ជាឲ្យគាត់ទៅលេងហ្គេម ទៅទិញខោអាវ និងញ៉ាំបង្អែមបន្តិចសិន។ នែមនុស្ស! កុំគិតពីរឿងកើតទុក្ខពេក! នោះន៎ មើលវីដេអូឆ្កែដេញមនុស្សហ្អ៎ សប្បាយអត់!?»

គិតទៅខួរក្បាលយើង គ្នាចិត្តល្អខំជួយដែរ តែយុទ្ធសាស្ត្រនេះមិនសូវជាមានប្រសិទ្ធិភាពខ្លាំងនោះទេ។ ដោយសារ ខួរក្បាលយើងមិនអាចឲ្យកំលាំងឆន្ទៈមកខ្លួនយើង ដើម្បីឲ្យយើងអាចងើបឡើងទៅដោះស្រាយបញ្ហាឈប់ពិបាកចិត្តនោះទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យយើងរត់ចេញពីបញ្ហាតាមរយៈអាហារ បារី ស្រា និងអុីនធឺណែតទៅវិញ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការអភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang

អត្ថបទពេញនិយម