អានលេង៖ ព្រីយ៉ុងសេចក្តីសុខ និពន្ធដោយ ចណាថាន់លឺមេន

  • 2019-06-26 10:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

សេចក្តីសុខ…យើងម្នាក់ៗតែងឲ្យនិយមន័យវាខុសៗគ្នា តែនរណាៗក៏ចង់បានវាដែរ។

អារឿងទស្សនៈហ្នឹង សរសេរប៉ុន្មានរយអត្ថបទក៏មិនចេះអស់ដែរ ព្រោះមានសាសនា ទស្សនវិទូ​ និងមនុស្សជាច្រើនបានបញ្ចេញយោបល់ផ្ទាល់ខ្លួនពីរឿងនេះ។

តែបើនិយាយពីវិទ្យាសាស្ត្រ និងលទ្ធផលពិសោធន៍វិញ មានតែអ្នកនិពន្ធមួយក្រុមតូចប៉ុណ្ណោះដែលបានយកវាមកចងក្រងសរសេរជាសៀវភៅ។ ហើយថ្ងៃនេះផ្ទាល យើងនឹងសង្ខេបសៀវភៅមួយមានដែលចំណងជើងថា ព្រីយ៉ុងសេចក្តីសុខ និពន្ធដោយ លោកចណាថាន់ លឺមេន (Jonathan Lehman)។ អ្វីដែលធ្វើឲ្យសៀវភៅនេះខុសប្លែកពីគេ ក៏ដោយសារវាពោរពេញទៅដោយការបកស្រាយបែបវិទ្យាសាស្ត្រ និងយោងលើលទ្ធផលពិសោធន៍ផ្ទាល់ៗទាក់ទងនឹងប្រធានបទសេចក្តីសុខនេះតែម្តង។ និយាយពិតទៅ​ មានតែព្រីយ៉ុងនេះទេដែលបើកចាក់ហើយមិនបាច់ខ្លាចគ្រូចាប់នោះ! អញ្ចឹង តោះចាប់ផ្តើមទាំងអស់គ្នា។

មេរៀនទី 1៖ សេចក្តីសុខគឺចេញពីចិត្តយើង មិនមែនមកពីខាងក្រៅទេ

ដឹងទេថា តើរាល់ថ្ងៃយើងរងទុក្ខដោយសារអីជាងគេ? មកពីចិត្តយើងហ្នឹងឯង អញ្ចឹងបានជាមានគេឧស្សាហ៍និយាយថា៖ «ចិត្តយើងហ្នឹងហើយជាមេបង្ករឿងធំជាងគេ។»

ខ្ញុំជឿថានរណាៗក៏ធ្លាប់លឺសំលេងពីក្នុងចិត្តយើងប្រាប់យើងរហូតថាយើងចេះមិនដល់គេ មុខអាក្រក់ ចរិតអន់ ធ្វើអីក៏ខុស ធ្វើអីក៏បរាជ័យនោះ។ សំលេងក្នុងចិត្តនេះហើយជាអ្នកលួចយកសេចក្តីសុខពីយើង… ហើយគួរឲ្យអនិច្ចាណាស់ដែលយើងភាគច្រើនតែងបណ្តោយឲ្យវាធ្វើបាបយើងតាមអំពើចិត្តវា។

មេរៀនទី 2៖ តើសេចក្តីសុខជាអ្វី? ធ្វើម៉េចទើបយើងមានវាបាន?

ដូចបានសរសេរពីមុនអញ្ចឹង មនុស្សយើងម្នាក់ៗមានសេចក្តីសុខជាមួយរឿងខុសៗគ្នា។ សំរាប់អ្នកខ្លះ សុខចិត្តសន្សំលុយ សុំសំរាកពីការងារដើម្បីទៅដើរព្រៃរុករកជ្រលងភ្នំជ្រៅ ព្រោះនេះហើយជាសេចក្តីសុខគាត់។ តែសំរាប់អ្នកខ្លះវិញ សឹងតែឲ្យលុយទៅក៏មិនចង់ទៅផង! អ្នកផ្ទាល់ប្រហែលជាចូលចិត្តទៅដេកសមុទ្រស្តាប់សំលេងរលកបក់បោកពេញមួយថ្ងៃ តែមិត្តអ្នកវិញមិនសូវជាចង់ទៅប៉ុន្មានទេ ព្រោះមិនចូលចិត្តព្រះអាទិត្យក្តៅ និងខ្សាច់ចូលសំពត់ខោឡើយ។

អញ្ចឹងតើយើងធ្វើម៉េចទើបមានសេចក្តីសុខបាន បើម្នាក់ៗចូលចិត្តរបស់ខុសៗគ្នាអញ្ចឹង?

បើតាមអ្នកនិពន្ធសៀវភៅនេះផ្ទាល់វិញ គាត់ឲ្យនិយមន័យ សេចក្តីសុខថាជាពេលដែលយើងគ្មានទុក្ខ។ ទុក្ខគឺជាពេលដែលចិត្ត និងអារម្មណ៍យើងមានភាពអវិជ្ជមាន ដូចជាពេលយើងមានសេចក្តីភ័យខ្លាច មានភាពឈឺចុកចាប់ ពិបាកចិត្ត ធុញថប់ តក់ស្លុត ឬដឹងខ្លួនខុសជាដើម។

នេះបានន័យថា បើចង់ឲ្យខ្លួនមានសេចក្តីសុខច្រើនជាងមុន ត្រូវបន្ថយទុក្ខឲ្យបានច្រើន។ រឹតតែមានទុក្ខតិច នោះសេចក្តីសុខយើងនឹងមានកាន់តែច្រើន។

ម៉្យាងវិញទៀត សេចក្តីសុខគឺពេលដែលយើងទទួលស្គាល់ ទទួលដឹងពីអ្វីទាំងអស់ដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្នកាល។ គិតៗទៅ យើងភាគច្រើនមិនដែលពិបាកចិត្តដោយសាររឿងដែលយើងកំពុងជួបប្រទះក្នុងនាទីនេះតែម្តងទេ! ភាគច្រើនយើងពិបាកចិត្ត ពេលដែលយើងគិតដល់រឿងពីអតីតកាល ឬបារម្ភរឿងដែលអាចកើតឡើងនៅថ្ងៃអនាគត។ តែតាមពិត ក្នុងនាទីនេះ វិនាទីនេះផ្ទាល់ យើងមិនមានរឿងអ្វីឡើយ យើងនៅមានជីវិត នៅមានដង្ហើមនៅឡើយទេ។

រូបភាពបានមកពី៖ អេនឌី ដាយ (Andy Dai)

មេរៀនទី 3៖ បច្ចុប្បន្នកាលមានរយៈពេលតែ 3 វិនាទីតែប៉ុណ្ណោះ

នេះជាការរកឃើញវិទ្យាសាស្ត្រដែលគួរឲ្យចាប់អារម្មណ៍មួយ… បច្ចុប្បន្នកាលរបស់យើងគឺមានរយៈពេលតែ 3 វិនាទីតែប៉ុណ្ណោះ។

គេរកឃើញរយៈពេលនេះដោយធ្វើការស្រាវជ្រាវលើសត្វ និងមនុស្សជាយូរណាស់មកហើយ។ មានសកម្មភាពជាច្រើនដែលថនិកសត្វយើងធ្វើដែលមានរយៈពេលតែ 3 វិនាទីប៉ុណ្ណោះ។ ហើយកុំភ្លេចថាមនុស្សលោកយើងក៏ជាថនិកសត្វផងដែរ!

ឧទាហរណ៍ សត្វខ្លាំឃ្មុំផេនដាជុះអាចម៍ដាក់ជីមួយដុំគឺ ៣ វិនាទី។ សត្វកវែងទំពារស្មៅមួយម៉ាត់គឺ 3 វិនាទី ហើយមនុស្សយើងឱបគ្នាក៏មានរយៈពេល 3 វិនាទីផងដែរ។

តាមពិតទៅ ការគិតនិងអារម្មណ៍យើងភាគច្រើនកើតឡើងតែ 3 វិនាទីហើយរសាយទៅវិញហើយ។ តែបើយើងនៅស្រវាចាប់វាមិនព្រមលែងនោះ វានឹងបន្តនៅវិលវល់ក្នុងចិត្តយើងរាប់ម៉ោង រាប់ថ្ងៃនោះឯង!

សាកងាកទៅមើលក្មេងៗទៅ​ មួយភ្លែតសប្បាយសើចកក្អឹក តែបើត្រូវយំគឺចេញទឹកភ្នែកមួយរំពេច។ នោះបានន័យថា តាមធម្មជាតិអារម្មណ៍ និងគំនិតយើងអាចផ្លាស់ប្តូរលឿនណាស់។ តែពេលយើងធំដឹងក្តីទៅៗ យើងក៏ចាប់ផ្តើមមានទំលាប់ស្រវាចាប់អារម្មណ៍ ស្រវាចាប់គំនិតណាមួយមិនព្រមលែង ធ្វើឲ្យវាមានអំណាចស្ថិតក្នុងចិត្តយើងអស់ពេលជាយូរបាន។

មេរៀនទី 4៖ ក្នុងមួយជីវិតយើងមានបច្ចុប្បន្នកាលចំនួន 500 លានដង

ប្រសិនបើយើងឧបមារថាយើងអាចរស់នៅដល់អាយុ 80 ឆ្នាំ ហើយយើងដេកលក់មិនដឹងខ្លួនអស់ ⅓ នៃជីវិតយើង នោះ ជីវិតដែលនៅសល់គឺស្មើនឹង 3 វិនាទីគុណនឹង 500 លានដង។

នេះបានន័យថា យើងមានឱកាសចំនួន 500 លានឱកាសឯណោះ ដែលយើងអាចទទួលសេចក្តីសុខ ឬសេចក្តីទុក្ខ។

រូបភាពបានមកពី៖ ចាស្ទីន ត្រាន (Justin Tran)

តើនរណាចង់កើតទុក្ខដល់ទៅ 500 លានដងក្នុងមួយជីវិតនោះ? បើចង់ មិនបាច់អានតទៀតទេ

អត្ថបទ៖ Sokcheng Seang

អត្ថបទពេញនិយម