រៀបផែនការជីវិត៖ ធ្វើរឿងមានប្រយោជន៍មុនគេដាច់ខាត

  • 2019-06-27 08:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ក្នុងអត្ថបទទំលាប់ ០ យើងបានដឹងថា យើងគួរយកចិត្តទុកដាក់លើការបណ្តុះចរិតយើង ជាជាងរៀនតិចនិចបំបោកគេឯងនោះ។

ក្នុងអត្ថបទទំលាប់ទី ១ យើងបានរៀនពីទស្សនៈ និងវិធីធ្វើយ៉ាងណាឲ្យយើងសកម្ម ឲ្យយើងក្លាយជាកាពីទែននៃជីវិតខ្លួន ជាជាងទំលាក់កំហុសឲ្យអ្នកនេះអ្នកនោះមិនឈប់។

ក្នុងអត្ថបទទំលាប់ទី ២ យើងបានរៀនធ្វើជាអ្នកដឹកនាំជីវិតខ្លួន ដោយកំណត់ថាខ្លួនគួរដើរតាមផ្លូវណា គួរក្លាយជាមនុស្សប្រភេទណា។

មកដល់ត្រឹមនេះ ជឿថាយើងម្នាក់ៗមានបេសកកម្មជីវិតម្នាក់មួយច្បាប់ហើយ (ទោះជាសរសេរមិនទាន់ចប់ល្អឥតខ្ចោះក៏ដោយ)។ អ្នកខ្លះចង់ក្លាយជាសង្សារល្អបំផុតតាមដែលខ្លួនអាចធ្វើបាន ខ្លះចង់រៀនចេះធ្វើគំនូរជីវចលឲ្យបានល្អល្វត់ល្វន់ឡើងវិញនៅខ្មែរ ឯខ្លះទៀតប្រាថ្នាត្រឹមចង់ក្លាយជាម្ចាស់ដ៏ល្អសំរាប់ឆ្កែនិងឆ្មាខ្លួននោះទេ។

គោលដៅក្នុងបេសកកម្មជីវិតយើងទាំងនេះសុទ្ធសឹងជាសុបិនដែលនៅឆ្ងាយ… ហើយបើងាកមកមើលរូបកាយ ស្ថានភាពយើងឥលូវវិញ គឺនៅមិនទាន់អាចឈោងដៃទៅប៉ះក្តីសុបិននោះដល់ឡើយ។

ឥលូវនេះយើងនៅត្រឹមជាសង្សារម្នាក់ដែលពូកែប្រច័ណ្ឌ ហើយរករឿងដៃគូខ្លួនទាំងដែលខ្លួនដឹងថា ធ្វើអញ្ចឹងមិនសម។ ឥលូវនេះយើងរវល់ គ្មានពេលលេងជាមួយឆ្កែឆ្មាផង កុំថាឡើយចង់មានពេលស្រឡាញ់ និងមើលថែរក្សាវាឲ្យបានដិតដល់នោះ។

តែកុំទាន់អាលពិបាកចិត្ត តូចចិត្តថាខ្លួនមិនទាន់អាចសំរេចប្រាថ្នាខ្លួនបានឲ្យសោះនោះ។ នៅក្នុងអត្ថបទទំលាប់មុននេះ យើងបានដើរតួជាអ្នកដឹកនាំម្នាក់ ដោយធ្វើការជ្រើសរើសថាខ្លួនគួរដើរទៅផ្លូវណា គួរចង់បានអ្វីជាចំបង។ តែបើគ្រាន់តែមានក្តីសុបិន និងចក្ខុវិស័យគឺមិនទាន់គ្រប់គ្រាន់នោះទេ យើងក៏ត្រូវការអ្នកគ្រប់គ្រងម្នាក់ ដែលចាំរៀបផែនការប្រចាំខែ ប្រចាំអាទិត្យ និងប្រចាំថ្ងៃឲ្យយើងដើម្បីធានាថា រាល់ថ្ងៃយើងតែងតែដើរទៅមុខជានិច្ច ទៅកាន់គោលដៅជីវិតរបស់យើង។

រូបភាពបានមកពី៖​ អាឡិចសាន់ឌឺរ យ៉ារ៉េមឈូក (Alexander Yaremchuk)

ក្នុងអត្ថបទនេះឯងដែលយើងនឹងរៀនធ្វើជាអ្នកគ្រប់គ្រងជីវិតយើងខ្លួនឯង។

អញ្ចឹងយើងត្រូវរៀបចំជីវិតយើងតាមបែបណា?

ជំហានទី ១៖ ដឹងពីភាពខុសគ្នារវាងថ្មធំ និងដុំក្រួសតូចៗ

ប្រហែលជាគ្នាយើងខ្លះធ្លាប់អាន ឬលឺគេនិយាយពីរឿងថ្មីធំ និងដុំក្រួសនេះហើយ តែខ្ញុំគិតថា យើងនៅតែត្រូវនិទានវាឡើងវិញអញ្ចឹង ដើម្បីដាស់តឿនរំលឹក ក៏ដូចជាប្រាប់ទៅអ្នកដែលមិនធ្លាប់លឺរឿងនេះ។

ស្រមៃថាយើងមានដុំថ្មធំបួនទៅប្រាំគ្រាប់ ហើយមានដុំក្រួសបីទៅបួនក្តាប់ដៃ និងក្រឡតូចមួយ។ គោលបំណងយើងគឺចង់ដាក់ទាំងថ្មធំ ទាំងដុំក្រួសទៅក្នុងដបនោះឲ្យចូលអស់តែម្តង។ ប្រសិនបើយើងដាក់ដុំក្រួសតូចៗចូលមុន នោះនឹងគ្មានកន្លែងនៅសល់សំរាប់ដាក់ថ្មធំពីក្រោយឡើយ។

ផ្ទុយទៅវិញ ប្រសិនបើយើងដាក់ថ្មធំៗចូលមុនសិន រួចទើបលាយដុំក្រួសពីក្រោយនោះ បែរជាចូលអស់ ព្រោះដុំក្រួសនឹងហូរទៅចន្លោះកន្លៀតតូចៗនៃថ្មធំៗបានជាមិនខាន។

រូបភាពនេះបានមកពី៖ ផេនដូលូម (Pendulum)

ជីវិតយើងរាល់ថ្ងៃក៏ដូចនឹងក្រឡតូចមួយនេះដែរ។ ដែលមានអារម្មណ៍ថាមួយថ្ងៃៗ ធ្វើការរកពេលដកឃ្លាមើលមីម (meme) មិនបានទេ តែបែរជាគ្មានអភិវឌ្ឍផ្នែកណាផ្នែកណីឲ្យច្បាស់សោះ។ នោះក៏ដោយសារ យើងយកពេលតែធ្វើការងារកំប៉ិចកំប៉ុក ដូចដុំក្រួសតូចៗអញ្ចឹង ជាការងារដែលមិនសំខាន់តែយើងត្រូវប្រញ៉ាប់ធ្វើ ឬអាចជាការងារដែលមិនសំខាន់ហើយ មិនប្រញ៉ាប់ទៀតផង!

គ្រប់ការងារ គ្រប់សកម្មភាពដែលយើងធ្វើក្នុងជីវិតយើងអាចបែងចែកជាបួនប្រភេទ ដោយផ្អែកលើសារៈសំខាន់របស់វា និងភាពប្រញ៉ាប់របស់វា។

រូបភាពបានមកពី៖ ប៉ែន ឧត្តម (វប្បធម៌)

ដូចដែលបានចារពីលើអញ្ចឹង សកម្មភាពប្រភេទ ៣ និង ៤ ជាគ្រាប់ក្រួសតូចៗ។ ប្រសិនបើមួយថ្ងៃៗរវល់ធ្វើតែរឿងប្រភេទពីរនេះ រវល់តែទៅនេះទៅនោះ ជួបគេនិយាយរឿងអត់ប្រយោជន៍ និងលេងអុីនធឺណែតដោយគ្មានគោលដៅនោះ យើងនឹងហត់អស់កំលាំង ហើយមិនបានសំរេចគោលដៅជីវិតយើងទៀតផង!

ការងារប្រភេទទី១ និង ទី២ គឺជាដុំថ្មធំៗ។ តែមានមនុស្សខ្លះតែងចំណាយពេលជាច្រើនធ្វើតែរឿងប្រភេទទី ១ ហាក់ដូចជាជីវិតគាត់ចេះតែមានបញ្ហាកើតឡើងបន្តកន្ទុយគ្នារហូតមិនចេះដាច់គ្នាសោះអញ្ចឹង។ ថ្ងៃនេះក៏អត់លុយចាយ ថ្ងៃស្អែកក៏ទៅខ្ចីលុយគេ ខានស្អែកត្រូវរកវិធីសងលុយគេវិញ។ មិនទាន់បានអីផង ស្រាប់តែធ្លាក់ទឹកចិត្ត មិនចង់ធ្វើការអ្វីសោះ ហើយមិនទាន់ជាស្រួលបួលផងក៏តូចចិត្តដោយសារគ្មានមិត្តជិតដិត ឬសង្សារនែបនិត្យនឹងគេ។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang