កម្ពុជា​នឹង​បង្កើត​​មាន​ចម្ការ​​ដាំ​ដើម​​​ឫស្សី​ និង​ផ្ដៅ​ធំ​បង្អស់​ រហូត​ខ្ទង់ម៉ឺន​ហិច​តា​នាពេលខាងមុខ

  • 2019-06-29 07:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល​នឹង​ផ្ដល់​​ដី​សម្បទាន​ជាង​បួន​ម៉ឺន​ហិច​តា​ដល់​សហគមន៍​សម្រាប់​ដាំ​ឫស្សី​ និង​ផ្ដៅ​នៅ​ពេល​ខាង​មុខ​ ខណៈ​សេចក្ដី​ព្រាង​ច្បាប់ ​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​បង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី ​និង​ផ្ដៅ​ត្រូវ​បាន​ព្រឹទ្ធ​សភា​អនុម័ត​ទាំង​ស្រុង​ ហើយ​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា​នេះ។​

ឯកឧត្ដម ​ម៉ម ប៊ុននាង ​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ​រាជរដ្ឋាភិបាល​ នឹង​ផ្តល់​ឱកាស​ដល់​សហគមន៍​ដាំ​នូវ​ដើម​ឫស្សី ​និង​ផ្ដៅ​នៅ​ទីតាំង​ណាមួយ​ ដែល​បាន​ដក​ហូត​ពី​ក្រុមហ៊ុន​ឯកជន ​និង​ដី​ ដែល​ត្រូវ​បាន​គេ​កាប់​ព្រៃ​អស់​នា​ពេល​កន្លង​ទៅ ​ហើយ​ការ​ដាំ​ដើម​ឫស្សី ​និង​ផ្ដៅ​នេះ​​ នឹង​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​។​

ឯក​ឧត្ដម ​ម៉ម ប៊ុននាង បាន​បន្ថែម​ថា ​ការ​ដាំ​ដើម​ឫស្សី ​និង​ផ្ដៅ ​នេះ នឹង​យក​ទៅ​ធ្វើ​ជា​ផលិត​ផល​ផ្សេង​ៗ​សម្រាប់​យក​ទៅ​លក់​នៅ​ ក្នុង​ទីផ្សារ​អន្តរជាតិ​ ហើយ​វា​នឹង​ពង្រីក​វិសាល​ភាព​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ​។​

ឯកឧត្ដម ម៉ុង ឫទ្ធី ​ប្រធាន​គណ:កម្មការទី០៣ ​នៃ​ព្រឹទ្ធ​សភា​បាន​អាន​សេចក្ដី​ថ្លែង​ហេតុ និង​បាន​ឱ្យ​ដឹង​​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រាង​នេះ​កម្ពុជា​នឹង​ទទួល​បាន​÷ ​

  • ទី​១​-​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មួយ​ដ៏​ល្អ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ដាំដុះ ​ថែរក្សា ​ការពារ ​ប្រមូល​ផល ​និង​ធ្វើ​ការ​កែ​ច្នៃ ​ក្នុង​ទិស​ដៅ​អភិវឌ្ឍ​ធន​ធាន​ឫស្សី​ និង​ផ្ដៅ​ប្រកប​ដោយ​និរន្តរភាព​។​

  • ​ទី២​- ​ថែរក្សា ​និង​អភិរក្ស​វប្បធម៌​ដ៏​ប្រពៃ​ នៃ​ការ​ប្រើ​ប្រាស់​ធនធាន​ឫស្សី​ និង​ផ្តៅ​ដ៏​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ពឹង​អាស្រ័យ​លើ​ផល ​និង​អនុផល​ឫស្សី ​និង​ផ្ដៅ​​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ​ក៏​ដូច​ជា​ពេល​អនាគត​។​​

ឯកឧត្ដម​ វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ថ្លែង​អំណរគុណ​ដល់ រាជរដ្ឋាភិបាល និង ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ​ដែល​បាន​ពិនិត្យ​ និង​អនុម័ត​យល់​ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​បង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី ​និង​ផ្ដៅ​ ពិសេស​ដើម្បី​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ និង​ផ្ដៅ​​នា​ពេល​នេះ​។

នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ ​មាន​២២​មាត្រា​ ដែល​គ្រប​ដណ្ដប់​ ដោយ​ខ្លឹមសារ​ពិស្ដារ​​ រួម​មាន​ដូច​ជា​ ៖

  • ទី​១.​ ប្រវត្តិ ​នៃ​អង្គការ​បណ្ដាញ​អន្តរ​ជាតិ​ឫស្សី ​និង​ផ្ដៅ
  • ​ទី២. គោលនយោបាយ និង​ផែន​ការ​យុទ្ធសាស្ត្រ​
  • ​ទី៣. ​លក្ខន្តិក​ នៃ​ការ​ចូល​ជា​សមាជិក​
  • ​ទី​៤.​ ​ការ​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​មុន​ចូល​ជា​សមាជិក​
  • ទី​៥.​ អត្ថ​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​។​

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ផលិតករ​ ​និង​សហគមន៍​អនុផល​ព្រៃ​ឈើ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ ប្រមាណ​៦៨​ភាគ​រយ​ ​នៃ​គ្រួសារ​ជន​បទ​នៅ​ទូទាំង​ប្រទេស​ គឺ​បាន​ពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃ​ឈើ ​ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្រមូល​ផល​ពី​ព្រៃ​ឫស្សី ​ផ្ដៅ​ ទឹក​ឃ្មុំ ​ជ័រ​ទឹក​ និង​ដើម​ទ្រាំង​​ជាដើម​៕

អត្ថបទ៖ សុផល