អាថ៍កំបាំង​១១យ៉ាង​ ដែល​អ្នក​កម្រ​ដឹង​អំពី​សត្វ​ប្រជៀវ

  • 2019-06-29 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជៀវ​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ខ្លាច​បន្តិច ប៉ុន្តែ​ថនិកសត្វ (សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ) ​អាច​ហោះ​បាន​នេះ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជីវិត​ពួកវា​ផ្ទាល់ និង សម្រាប់​មនុស្ស។

ខាង​ក្រោម​នេះ​គឺ​ជា​ការពិត​ចំនួន ១១ អំពី​សត្វ​​ដែល​ភាគច្រើន​មនុស្ស​មិន​សូវ​ដឹង​ពី​ពួកវា៖

១ ប្រចៀវ​មាន​ប្រមាណ​២០%​ក្នុង​ចំណោម​​ថនិកសត្វ​​ទាំង​អស់

ក្នុង​ចំណោម​អំបូរ​ប្រចៀវ​​ជាង ១,២០០​ប្រភេទ ដែល​មាន​ជ្រឹង​ជាដើម សត្វ​ប្រចៀវ​ជាថនិកសត្វ​មាន​ចំនួន​ច្រើន​ក្រុមជាង​គេ​គឺ​ប្រមាណ​២០​%​​ក្នុង​ចំណោម​​ថនិកសត្វ​​ទាំង​អស់​ លើក​លែង​តែ​ថនិកសត្វ​ក្នុង​ក្រុម​​ពពួក​កកេរ​ដូចជា​កណ្តុរ កំប្រុក​ជាដើម​ដែល​មាន​ជាង ២,២៧៧ ប្រភេទ​ស្មើ​នឹង ៤០%​នៃ​ថនិកសត្វទាំង​អស់​ ​ដែល​​ធ្វើ​ឲ្យ​អំបូរ​នេះមាន​ច្រើន​ក្រុម​ជាង​អំបូរ​​ប្រចៀវ​​។

២ ប្រចៀវ​រស់​នៅ​គ្រប់​កន្លែង​លើ​ផែនដី លើក​លែង​តែ​២​កន្លែង

ប្រចៀវ​រស់​នៅ​គ្រប់​ទីកន្លែង​មិន​ថា​រូងភ្នំ ឬ អាគារ​ឡើយ លើក​លែង​តែ​ទ្វីប​អាកទិច និង អាត្លង់ទិច​ដែល​ត្រជាក់​ខ្លាំង។ គ្រាន់​តែ​នៅ​សហរដ្ឋអាមេរិក​មួយ​មាន​អំបូរ​ប្រចៀវ​ប្រមាណ ៤៥ ប្រភេទ​ក្នុង​ចំណោម ១,២០០​ប្រភេទ​រស់​នៅ​ទៅ​ហើយ។ ​

៣​ ប្រចៀវ​​ប្រើ​រលក​សំលេង​ដើម្បី​​គេច​ឧបសគ្គ

ពួកវា​ប្រើ​រលក​សំលេង​នៅ​​ពេល​ហោះ​ហើរ ពោល​គឺ​​នៅ​ពេល​មាន​សត្វល្អិត ឬ របស់​អ្វី​មួយ​តូច​ល្អិត​សូម្បី​ប៉ុន​សរសៃ​សក់​មនុស្ស​​នៅ​ជិត​ខ្លួន​វា​ក៏​​សមត្ថភាព​រលក​​សម្លេង​ដ៏​ល្អ​របស់​វា​នឹង​​ផ្តល់​​​ sensor (រំញោច) ឲ្យ​វា​ដឹង​ភ្លាម។

៤ ប្រចៀវ​ជួយ​មនុស្ស​សន្សំ​លុយ​រាប់​ពាន់​លាន​ឲ្យ​មនុស្ស​នៅ​ក្នុង​វិស័យ​កសិកម្ម

ប្រចៀវ​អាច​ស៊ី​សត្វ​ល្អិត​បាន​ដល់​ទៅ ៦០០ ប្រភេទ​ក្នុង​១​ម៉ោង ដូច្នេះ​អាចម៍​របស់​វា​ល្អ​បំផុត​សម្រាប់​កសិកម្ម ព្រម​ទាំង​វា​មាន​តួនាទី​សម្លាប់​សត្វ​ល្អិត​ចង្រៃ។

៥ ការ​បន្ត​ពូជ

សត្វ​ខ្លះ​ក្នុង​អំបូរ​ប្រចៀវ​ការ​រួមភេទ​នឹង​កើត​មាន​ឡើង​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ប៉ុន្តែ​សត្វ​ញី​នឹង​រក្សា​មេ​ជីវិត​ឈ្មោល​នៅ​ក្នុង​បំពង់​បន្តពូជ​របស់​វា​រហូត​ដល់​រដូវ​ស្លឹកផ្ការីក ក្នុង​ការ​អភិវឌ្ឍ​ទៅ​ជា​កូន។

៦ ប្រចៀវ​ជញ្ជក់​ឈាម

ផ្ទុយ​ទៅ​នឹង​ជំនឿ​បិសាច​ជញ្ជក់​ឈាម ​អំបូរ​ប្រចៀវ​​ខ្លះ​នឹង​ប្រើ​ធ្មេញ​ដ៏​​ស្រួច​របស់​វា​ខាំ​សត្វ​ដែល​កំពុង​ដេក​លក់ ហើយ​បឺត​ឈាម​ដែល​ចេញ​ពី​ដំបៅ​នោះ​ប៉ុណ្ណោះ។ ជា​មធ្យម​វា​​ត្រូវការ​ឈាម​ប្រហែល​តែ​២​ស្លាបព្រា​បាយ​ប៉ុណ្ណោះ​​ក្នុង​១​ថ្ងៃ ដែល​ចំនួន​នេះ​នឹង​មិន​អាច​ប៉ះ​ពាល់​ដល់​សត្វ​ដែល​វា​ខាំ​ឡើយ។

៧ អំបូរ​ប្រចៀវ​ខ្លះ​ចូលចិត្ត​ម្ហូប​បួស​

​​​​​​​​​​​ប្រហែល​៧០​% នៃ​អំបូរ​ប្រចៀវ​ស៊ី​សត្វ​ល្អិត លើកលែង​តែ​មួយ​​ភាគ​តូច ដែល​ផឹក​ឈាម ឬ បរិភោគត្រី ក្រៅ​ពី​នោះ​ដូចជា​ជ្រឹង ​ចូលចិត្ត​ម្ហូប​បួស​ដូច​ជា​​ផ្លែឈើ និង លំអង​ផ្កា​ជាដើម។

៨ ប្រចៀវ​ព្យួរ​ខ្លួន​ដាំ​ក្បាល​ចុះ​ក្រោម​ដើម្បី​រក្សា​ថាមពល

ប្រសិន​បើ​មនុស្ស​ដាំ​ក្បាយ​ចុះ​រាប់​ម៉ោង ច្បាស់​ជា​ឈាម​ច្រាល​ក្រហម​ពេញ​​ធ្វើ​ឲ្យ​ងងឹត​មុខ​ឈឹង​ជា​មិន​ខាង ប៉ុន្តែ​ប្រចៀវ​​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​រក្សា​ថាមពល។ សរសៃ​វ៉ែន​​នៃ​ឈាម​របស់​មនុស្ស​​រត់​ពី​លើ​ទៅ​ក្រោម​និង​គ្រប់​សរីរាង្គ ប៉ុន្តែ​ចលនា​​ឈាម​រត់​ក្នុង​ខ្លួន​ប្រចៀវ​ផ្ទុយ​ពី​មនុស្ស ដូច្នោះ​ហើយ​ទើប​វា​ដេក​សំយ៉ុង​ក្បាល​ចុះ​ក្រោម។

៩ ប្រចៀវ​គឺ​ជា​ថនិកសត្វ​តែ​មួយ​គត់​ដែល​អាច​ហោះ​បាន

​​ក្នុង​ចំណោម​អំបូរ​​ថនិកសត្វ​​រាប់​ពាន់​ប្រភេទ ((សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ) ប្រចៀវ​គឺ​ជា​ថនិកសត្វ​តែ​មួយ​គត់​ដែល​អាច​ហោះ​បាន។

១០ អំបូរ​ប្រចៀវ​ខ្លះ​អាយុ​វែង​ជាង​មនុស្ស​ទៀត

ការ​សិក្សា​​​ឆ្នាំ​២០១៩​មួយ​​ដែល​បាន​ចុះ​ផ្សាយ​ដោយ Mother nature network បាន​និយាយ​ថា​​អំបូរ​ប្រចៀវ Brandt ដែល​មាន​ទម្ងន់​ពី ៤ ទៅ ៨​ក្រាម​ អាច​រស់​បាន​រហូត​ដល់​ទៅ​៤០​ឆ្នាំ។

១១ ប្រចៀវ​ចែករំលែក​ផ្ទះ​របស់​វា​ជាមួយ​ប្រចៀវ​រាប់​ពាន់​ក្បាល​ទៀត

អាណានិគម​ប្រចៀវ​ដ៏​ធំ​បំផុត​លើ​លោក​គឺ​នៅ​រូងភ្នំ racken Bat នៅក្នុងរដ្ឋ Texas ដែល​មាន​ប្រចៀវ​ចំនួន ២០ លាន​ក្បាល។ ក្នុង​រយៈ​ពេល​១​យប់​ អាណានិគម​ទាំង​មូល​​នេះ​អាច​ស៊ី​សត្វ​ល្អិត​រហូត​ដល់​ទៅ​ ២០០ តោន​ឯណោះ៕

អាន៖ តុលាការ​ឥណ្ឌា​បណ្ដេញ​កុលសម្ព័ន្ធ​ជិត​១​លាន​នាក់​​ពី​លំនៅឋាន ព្រោះ​ចង់រក្សា​សត្វព្រៃ

ប្រភព៖ MNN   ប្រែ​សម្រួល៖ សុខ លាងហ៊ត