គូ​ស្នេហ៍​ត្រកូល Song មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹកត្រូវចែកគ្នា ពេល​លែងលះ

  • 2019-06-30 06:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​តាម​ការ​រាយការណ៍​ Song Joong Ki និង Song Hye Kyo មាន​ទ្រព្យ​សម្បត្តិ​ជាង ១០០ ពាន់​លាន​វ៉ុន (ប្រមាណ ៨៦,៥ លានដុល្លារ) ត្រូវ​បែង​ចែក​គ្នា​​នៅ​ពេល​លែងលះ។ Maeil Business បាន​រៀបរាប់​អំពី​ទ្រព្យ​សម្បត្តិ​របស់​ភាគី​ម្ខាងៗ​មាន​ដូច​ត​ទៅ​នេះ ៖

ចំពោះ Song Joong Ki តម្លៃ​ខ្លួន​របស់​​លោក​បាន​​កើន​ឡើង​តាំង​ពី​មុន​រៀប​ការ​មក​ម្ល៉េះ ហើយ​លោក​​អាច​រក​ចំណូល​បាន​ប្រមាណ ៣៤,៥ លាន​ដុល្លារ ពី​ការ​ថត​ពាណិជ្ជកម្ម​តែ​មួយ​មុខ​ប៉ុណ្ណោះ។ តារា​ប្រុស​រូប​នេះ​ក៏​បាន​ទិញ​អចលនទ្រព្យ​ជា​ច្រើន​ជា​មួយ​លុយ​ដែល​រក​បាន​តាំង​ពី​ចូល​ប្រឡូក​សិល្បៈ។ ជាក់​ស្ដែង​ដូច​ជា​បាន​ទិញ​វីឡា​នៅ​ភូមិ Seorae សង្កាត់​ Seocho តម្លៃ​ប្រមាណ ២,២ ​លាន​ដុល្លារ​ និង​ទិញ​ភូមិគ្រឹះ​​នៅ Itaewon សង្កាត់​ Yongsan តម្លៃ​ប្រមាណ ៨,៦ លាន​ដុល្លារ។ នៅ​មាន​ផ្ទះ​នៅ​ Itaewon ដែល​គ្រប់​គ្នា​ដឹង​ថា​ជា​ផ្ទះ​សម្រាប់​រស់​នៅ​ជា​មួយ Song Hye Kyo ពេល​រៀប​ការ​រួច​ទៀត​ផង។

ចំណែក Song Hye Kyo វិញ​ បាន​ក្លាយ​ជា​តារា​កំពូល​​តាំង​ពី​យូរ​យារ យូរ​ជាង Song Joong Ki ហេតុ​នេះ​ មិន​ចម្លែក​ទេ​ដែល​នាង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង។ តារា​វ័យ ៣៧ ឆ្នាំ​នេះ​មាន​​​ផ្ទះ​ដែល​ទិញ​នៅ​ឆ្នាំ ២០០៤ ក្នុង​តម្លៃ ៤,៣ លាន​ដុល្លារ ដែល​បច្ចុប្បន្ន​តម្លៃ​ឡើង​ដល់​​ ៨,៦ លាន​ដុល្លារ ហើយ​បាន​ទិញ​វីឡា​ប្រណិត​មួយ​តម្លៃ ២,៦ លាន​ដុល្លារ។ Hye Kyo ក៏​បាន​ទិញ​ផ្ទះ​មួយ​​​តម្លៃ ៧,៩ លានដុល្លារ​កាល​ពី​ឆ្នាំ ២០១៧ ផង​ដែរ។ លើស​ពី​នេះ​នាង​មាន​ផ្ទះ​បី​ទៀត​នៅ​​​តំបន់​ Samseong ដែល​មាន​តម្លៃ​សរុប​ប្រមាណ ១៧,៨ លានដុល្លារ។

​​​Song Hye Kyo ក៏​នៅ​មាន​ខុនដូ​មួយ​ដែល​នាង​រៀប​ចំ​ដោយ​ខ្លួន​ឯង អំឡុង​ពេល​ថត​ខ្សែ​ភាពយន្ត​អាមេរិក​នៅ​ទីក្រុង​ New York ចំណង​ជើង​ថា "Fetish” កាល​ពី​ឆ្នាំ ២០០៨ ដែល​មាន​តម្លៃ ១,៧ លានដុល្លារ​នា​ពេល​នោះ។

ដោយ​សារ​តែ​គូ​ស្នេហ៍​នេះ​មាន​ចំណង​អាពាហ៍ពិពាហ៍​មិន​យូរ​​​​ និង​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​មុន​ពេល​រៀប​ការ ហេតុ​នេះ​ទ្រព្យ​សម្បត្តិ​ដែល​មាន​រួម​គ្នា​តាំង​ពី​ពេល​រៀប​ការ​អាច​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ។ Maeil Business ប៉ាន់​ស្មាន​ថា​​គូ​ស្នេហ៍​ត្រកូល Song នឹង​ព្រម​ចែក​ទ្រព្យ​គ្នា​ដោយ​​នឹង​មិន​មាន​ជម្លោះ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ៕​

ចុចអាន ៖ Song Hye Kyo បក​​ស្រាយ​មូលហេតុ​ឈាន​ដល់​ការ​លែង​លះ Song Joong Ki

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម