អ្នក​ខេត្ត​សៀមរាប​ជិត​បាន​កន្លែង​កម្សាន្ត​ថ្មី​ចែស​មួយ​ទៀត​ហើយ គឺ​កន្រ្ដកវិល របស់​ជប៉ុន

  • 2019-07-01 06:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​បាន​ចាប់​ផ្ដើម​សាងសង់​កន្ត្រក​វិល តម្លៃ​ជាង​៧លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប។ កន្រ្តក​វិល​នេះ គឺ​ផ្ដើម​ការ​វិនិយោគ​ឡើង​ដោយ​ ក្រុមហ៊ុន Angkor Eye ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​ មាន​សាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការ​វិនិយោគ​ទឹកប្រាក់​ ៧,២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​សាងសង់​កន្ត្រក​វិល​ដ៏​ថ្មី​សន្លាង​នេះ​ឡើង។ ក្រោយ​ការ​សាងសង់​រួចរាល់​ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយ​ជានិមិត្ត​រូប​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​​របស់​ខេត្ត​សៀមរាប។

ឯកឧត្តម ទៀ សីហា អភិបាល​ នៃគណៈអភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ការ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​កម្សាន្ត​កន្រ្តក​វិល​ លំដាប់​ពិភពលោក ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង ៧លាន​ដុល្លារ​នេះ គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​កម្ពុជា និង ជប៉ុន។

មណ្ឌល​កម្សាន្ត​ លំដាប់​ពិភពលោក​នេះ ត្រូវ​បាន​សម្ពោធ​បើកការដ្ឋាន​សាងសង់​ផ្លូវការ កាលពីថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ នៅ​ក្នុង​បរិវេណ​ផ្សារ​ Box Vill នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គុំ ពោលគឺ​ស្ថិត​នៅ​​ខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌ នៃក្រុងសៀមរាប ខេត្តសៀមរាប។​

លោក Takeyoshi Shinomiya ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន Angkor Eye Co.,Ltd. បាន​ថ្លែង​តាម​រយៈ​សន្ទរកថា​បាន​ឲ្យ​ដឹង​ថា គម្រោង​កន្រ្តក​វិល Angkor Eye មាន​កម្ពស់​ខ្ពស់​បំផុត​ ៨៥ម៉ែត្រ​ពី​ដី​ ដែល​អាច​មើល​ឃើញ​ទេសភាព​ស្រែ​ចម្ការ​ដ៏​ស្រស់​ស្អាត ហើយ​កន្រ្តក​សណ្ដោង​ទាំង​អស់​សុទ្ធតែ​បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ ដែល​អាច​ផ្ទុក​មនុស្ស​ចំនួន ១៩២ នាក់ ប្រកប​ដោយ​ផាសុកភាព និង​មាន​រយៈពេល ១៨​នាទី ក្នុង​១ជុំ។

កន្រ្តក​វិល​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ពី​ប្រទេស​ជប៉ុន​ពី​ឆ្នាំ​មុន តាមរយៈ​ទូរ​កុង​តឺន័រ ៨៥ទូរ និង​ត្រូវ​បាន​តុបតែង​កែ​លម្អ​ពេល​យក​មក​ដល់​ ហើយ​យើង​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ផ្គុំ​ដំឡើង។ កន្រ្តក​នេះ​ គឺជា​កន្រ្តក​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក​ ដែល​ត្រូវ​បាន​ផលិត និង​បង្កើត​ឡើង​ជាមួយ​រូប​សណ្ឋាន​មាន​លក្ខណៈ​លម្អិត​ដ៏​កម្រ ក្នុង​ចំណោម​កន្រ្តក​វិល​ទាំង ១៤០ ក្នុង​ប្រទេស​ជប៉ុន។ ចំណុច​ពិសេស​មួយ​ទៀត កន្រ្តក​វិល នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ធន់​ជាមួយ​នឹង​លក្ខខណ្ឌ​អាកាស​ធាតុ ដូចជា កម្លាំង​ខ្យល់ និង​ភ្លៀង​ខ្លាំង ឬ​ស្ថានភាព​ដី​លំបាក​ពាក់ព័ន្ធ​នឹង​តំបន់​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ផែនដី។

ទន្ទឹម​នឹង​ចំណុច​ពិសេស​ខាង​លើ​នេះ កន្រ្តក​មាន​ទម្ងន់​រហូត​ដល់​ទៅ ៦១តោន ចំណែក​ទម្ងន់​ទោង​កន្ត្រក​វិល​ សរុប​មាន​ទម្ងន់​ប្រហែល ៧០០តោន។ សម្រាប់​ម៉ាស៊ីន​ស្ទូច​ប្រើប្រាស់​ក្នុង​ការងារ​សាងសង់​នឹង​ត្រូវ​ដឹក​យក​មក​ពី​ប្រទេស​វៀតណាម ហើយ​បុគ្គលិក​គ្រប់គ្រង និង​វិស្វករ ត្រូវ​បាន​សម្រិត​សម្រាំង​មក​ពី​ប្រទេស​ជប៉ុន ដូច្នេះ យើង​មាន​ទំនុក​ចិត្ត​​ថា យើង​នឹង​បញ្ចប់​គម្រោង​សាងសង់​នេះ​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​ជា​ការ​លើកឡើង​របស់​ លោក Takeyoshi Shinomiya។

មណ្ឌល​កម្សាន្ត​កន្រ្តក​វិល​​ខាង​លើ​​នេះ ក្រោយ​សាងសង់​រួច ឯកឧត្ដម ទៀ សីហា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប បាន​លើកឡើង​ថា ការ​វិនិយោគ​មណ្ឌល​កម្សាន្ត​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ដែល​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​ស្នាក់​នៅ​បាន​កាន់តែ​យូរ​ថែម​ទៀត​ប៉ុណ្ណោះ​​ទេ តែ​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ពី​ការ​វិនិយោគ​នេះ​បាន​មួយ​ចំនួន​ធំ​ផងដែរ​ ដែល​ពិត​ជា​បាន​រួម​ចំណែក​ដល់​ការ​ជំរុញ​ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត។

ខេត្ត​សៀមរាប​ គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដោយ​ផ្អែក​លើ​សក្ដានុពល​វិស័យ​ទេសចរណ៍​ព្រោះ​តែ​ភាព​សម្បូរ​បែប​ នៃ​សម្បត្តិ​វប្បធម៌​ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ធម្មជាតិ ជាពិសេស​ប្រាសាទ​អង្គរ​វត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មាន​ការ​កើន​ឡើង​ជា​លំដាប់។

នៅ​ឆ្នាំ ២០១៨ កន្លង​ទៅ មាន​ចំនួន ៥,៨៤០,៥៦២នាក់ កើន​ឡើង​ ៥,៣៦% បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧។ តាមរយៈ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ទាំង​នេះ បាន​បង្កើន​ការងារ​ជូន​បង​ប្អូនន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ជា ៣៨ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ចំនួន ៨ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​ជា ៣០ម៉ឺន​នាក់។ នេះ​ជា​ការ​លើក​ឡើង​របស់​ ឯកឧត្ដម ទៀ សីហា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី