ការងារស៊ីជម្រៅ

  • 2019-07-01 07:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

អត្ថបទនេះជាផ្នែកមួយនៃ គម្រោងអុីនធឺណែត ដែលជាក្រុមអត្ថបទមួយក្រុម ដែលយើងព្យាយាមស្វែងយល់ពីឥទ្ធពលរបស់ អុីនធឺណែតមកលើផ្នែកផ្សេងៗនៃជីវិតរបស់យើង!

អុីនធឺណែតពូកែបង្វែរអារម្មណ៍យើង នេះគ្រប់គ្នាដែលមានស្មាតហ្វូនកាន់ក្នុងដៃដឹងទាំងអស់។ តែទោះជាយ៉ាងនេះក្តី មនុស្សយើងងាយស្រួលនឹងឃើញតែស និងខ្មៅ ហើយមើលរំលងពណ៌ប្រផេះដែលនៅកណ្តាលណាស់។ ពេលខ្លះ ដើម្បីឲ្យយើងអាចមូលអារម្មណ៍បាន យើងហាក់ដូចមានចិត្តចង់ឈប់រស់នៅទីក្រុង ទៅបួសនៅលើភ្នំណាមួយនៅខេត្តបាត់ដំបង ហើយទុកឲ្យអ្នកផ្សេងគេរស់នៅក្នុងជីវិតដ៏សែនមមាញឹកនេះទៅ។ ទោះជាស្តាប់ទៅល្អយ៉ាងណាក្តី មនុស្សភាគច្រើនមិនអាចធ្វើអញ្ចឹងបាននោះទេ។ ទោះជាអុីនធឺណែតវាខូចត្រង់បំបែកអារម្មណ៍យើងមែន តែវាក៏បានជួយយើងច្រើនផងដែរ ជាពិសេសគឺលើការងារ ការរៀនសូត្រ និងផ្នែកទំនាក់ទំនងជាមួយគេផ្សេងរបស់យើង។ តែកុំភ័យ យើងនៅតែអាចរកចំនុចកណ្តាលមួយបានដដែលទេ។ ឲ្យតែយើងមានការយកចិត្តទុកដាក់ ការអនុវត្តន៍ និងការព្យាយាមអត់ធ្មត់នោះ យើងអាចបង្វឹកខួរក្បាលរបស់យើងឲ្យចេះអណ្តែតលេងលើអុីនធឺណែត ក៏ដូចជាចេះជ្រមុជទៅក្នុងការងារឲ្យបានស៊ីជម្រៅផងដែរ។

ដំបូង និយាយគ្នាឲ្យច្បាស់រឿងមួយសិន។ ខ្ញុំហ៊ានភ្នាល់ថា អ្នកធ្លាប់សាកអត់លេងអុីនធឺណែតមួយថ្ងៃ (ក្នុងមួយអាទិត្យ ឬមួយខែអី) ដើម្បីកាត់ផ្តាច់វា។ នេះគេចូលចិត្តធ្វើច្រើន តែតាមពិតទៅ វាមិនអាចជួយអ្វីយើងច្រើនទេ។ សាកគិតទៅ យើងមិនដែលហាត់ប្រាណពេញ ៦ ថ្ងៃ ហើយខំអត់ញ៉ាំ ទៅហាត់ប្រាណតែ ១ ថ្ងៃ។ ឲ្យខ្លួនយើងស្រកគីឡូតាមណា? ដោយសារខួរក្បាលយើងវាបង្កើតទម្លាប់តាមដែលអ្វីដែលយើងធ្វើ បើយើងលេងអុីនធឺណែតមិនចេះគិតដល់ទៅ ៦ ថ្ងៃ នោះទម្លាប់នេះវាខ្លាំងជាងហើយ។ (អានពីភាពងាយសូននៃខួរក្បាលយើង និងធ្វើយ៉ាងណាសូនវាឲ្យល្អក្នុងសម័យអុីនធឺណែតនៅទីនេះ!)

ជាជាងហាត់តែម៉្ងៃមួយអាទិត្យ យើងត្រូវបង្វឹកខ្លួនរាល់ថ្ងៃទៅវិញទេ។ ខាងក្រោមនេះជារបៀបហ្វឹកហាត់ខួរក្បាលឲ្យពូកែតាំងអារម្មណ៍ និងការយកចិត្តទុកដាក់ ដែលបានពីសៀវភៅ ការងារស៊ីជម្រៅ (Deep Work) និពន្ធដោយលោក ខាល ញូផត (Cal Newport)៖

១. ជ្រើសរើសទម្លាប់ការងាររបស់អ្នក

មនុស្សយើងធ្វើការងារតាមរបៀបខុសៗគ្នា អញ្ចឹង ក៏យើងធ្វើការស៊ីជម្រៅតាមរបៀបខុសៗគ្នាដែរ។ នេះមានទម្លាប់ការងារធំៗ ចំនួន ៤ សូមរើសយកមួយណាដែលត្រូវជាមួយកាលវិភាគ និងស្ថានភាពជាក់ស្តែងនៃការងារ និងការរៀនសូត្រអ្នក៖

– ទម្លាប់ឯកវិធី

នេះគេព្យាយាមមិនធ្វើការរាក់កំផែលនោះទេ ហើយផ្តោតអារម្មណ៍តែលើការងារស៊ីជម្រៅប៉ុណ្ណោះ។ ធម្មតា ការងារស៊ីជម្រៅប្រភេទនេះ គឺសម្រាប់អ្នកដែលមានចក្ខុវិស័យច្បាស់លាស់ ហើយដឹងថាខ្លួនត្រូវធ្វើអ្វី។ ដើម្បីឲ្យទទួលបានជោគជ័យ ពួកគេត្រូវធ្វើការងារជាក់លាក់ច្បាស់ ហើយធ្វើឲ្យបានល្អបំផុត។ឧទាហរណ៍គឺ អ្នកនិពន្ធម្នាក់ឈ្មោះ នាល ស្ទេហ្វិនសិន (Neal Stephenson)។ គាត់បានសរសេរនៅក្នុងអត្ថបទរបស់គាត់ ដែលមានចំណងជើងថា៖ ហេតុអ្វីបានជាខ្ញុំមិនងាយឆ្លើយតបអ្នក (Why I am a Bad Correspondent) ថា៖

"ប្រសិនបើខ្ញុំរៀបជីវិតរបស់ខ្ញុំ ដើម្បីធ្វើយ៉ាងណាឲ្យខ្ញុំមានរយៈពេលវែងៗ និងច្រើនៗ ដែលមិនមានគេមករំខាននោះ ខ្ញុំអាចសេរសេរសៀវភៅបាន។ តែប្រសិនបើខ្ញុំហ៊ានតែបំបែករយៈពេលទាំងនោះ នោះខ្ញុំមិនអាចសរសេរសៀវភៅបាននោះទេ។"

លោក ស្ទេហ្វិនសិន គាត់ដឹងថា បើគាត់យកពេលទៅឆ្លើយតបសំបុត្ររបស់មិត្តអ្នកអាន ឬចូលរួមកម្មវិធីអ្នកនិពន្ធនេះ កម្មវិធីអ្នកនិពន្ធនោះៗ គាត់នឹងមិនបានទទួលជោគជ័យឡើយ ដោយសារភាពជោគជ័យរបស់គាត់ បានមកដោយសារ ការសរសេរសៀវភៅទៅវិញទេ។ ដូច្នេះហើយ នៅក្នុងគេហទំព័ររបស់គាត់ គ្មានអុីម៉ែលឲ្យយើងផ្ញើរឡើយ។ បើសិនជាយើងចង់បានដំណឹងពីគាត់ យើងអាចចុះឈ្មោះ ហើយគេនឹងផ្ញើរពត៌មានឲ្យយើងទៅវិញទេ។

បើសិនជាអ្នកដឹងច្បាស់ហើយថា អ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យការងាររបស់អ្នកបានទទួលជោគជ័យ នោះអ្នកគួរធ្វើការរបៀបនេះ។ តែវាមិនសូវមានទេ។ ពួកយើងសុទ្ធតែនៅក្មេង ដូចកូនទា ដែលមិនទាន់ដឹងថាខ្លួនចង់ដើរផ្លូវណា។ ម្នាក់ៗរៀនសាលាពីរ ធ្វើការងារពីរ ស្ម័គ្រចិត្តមួយ ហើយឆ្លៀតមានគំនិតចង់ធ្វើគម្រោងនេះនោះខ្លួនឯងទៀត។

តែកុំភ័យអី កន (ទា) អើុយ! ព្រោះថា មានប្រភេទការងារផ្សេងទៀតដែលអាចឲ្យយើងធ្វើការពីរបីបាន ហើយបានយ៉ាងល្អទៀតផង៖

– ទម្លាប់ទ្វេវិធី

នេះវិញ យើងធ្វើទាំងការងារស៊ីជម្រៅ និងការងាររាក់កំផែល។ យើងបាត់ស្រមោលមួយរយៈដើម្បីបញ្ចប់ការងារស៊ីជម្រៅ រួចហើយយើងត្រឡប់មកការងារធម្មតាៗរបស់យើងវិញ។ ឧទាហរណ៍មួយ គឺលោក ខាល ជុង (Carl Jung) ជាចិត្តវិទូល្បីល្បាញ​មួយរូប។ កាលគាត់នៅរស់ ឲ្យតែត្រូវគិតពីទ្រឹស្តីចិត្តវិទ្យា ឬសរសេរសៀវភៅថ្មីជាដើម គាត់តែងបាត់ខ្លួនពីផ្ទះនៅក្នុងក្រុងរបស់គាត់ ហើយទៅរស់នៅខ្ទមឈើគាត់ អស់ពេលមួយរយៈយូរ ដើម្បីគិត និងសរសេរ។ ពេលរួចរាល់ហើយ ទើបគាត់ត្រឡប់​មកជីវិតសម្បូរបែបរបស់គាត់នៅក្នុងក្រុងវិញ ដោយគាត់សម្បូរមិត្តភក្តិ ការដើរលេង និង អ្នកជម្ងឺច្រើន។ គាត់ធ្វើបែបនេះ ដោយ​សារគាត់ដឹងថា ទាំងការងារស៊ីជម្រៅ ទាំងការងាររាក់កំផែល សុទ្ធតែមានសារៈសំខាន់សម្រាប់ជីវិតគាត់ ដូច្នេះធ្វើទាំងពីរតែម្តងទៅ!ប្រសិនបើអ្នកតែងមានគំនិតចង់បាត់ខ្លួន ហើយទៅរស់នៅខេត្ត ដើម្បីទទួលបានភាពស្ងប់ស្ងាត់ និងពេលវេលាដើម្បីគិតនោះ សាកធ្វើម្តងទៅ!មនុស្សភាគច្រើនតែងគិតថា បើហ៊ានតែបាត់ខ្លួន នោះភ្ញៀវនឹងឈប់មករកហើយ។ តែតាមពិតទៅ ឲ្យតែយើងប្រាប់គេច្បាស់ថា យើងនឹងបាត់ខ្លួនដល់ពេលណា ហើយពេលណាគេអាចមកវិញបាន នោះវាមិនអីទេ។ចុះសម្រាប់មនុស្ស​ដែលមិនអាចដកខ្លួនចេញពីទីក្រុងបានវិញ ដោយសារការងារមិនឲ្យ ឬគ្មានលុយទៅនោះ? កុំភ័យអី នៅមានវិធីផ្សេងទៀតដែលអ្នកអាចប្រើបាន!

– ទម្លាប់ប្រចាំថ្ងៃ

នេះអ្នកមិនចាំបាច់រត់ចោលស្រុក ទៅធ្វើការលើកំពូលភ្នំឡើយ។ គ្រាន់តែកំណត់ពេលសម្រាប់ការងារស៊ីជម្រៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៅបានហើយ។

រូបភាពពី៖ស៊ីនឌី សួន (Cindy Suen)

ឧទាហរណ៍៖ អ្នកនិពន្ធ ស្ទេហ្វិន ឃីង (Stephen King) ដែលបានសរសេរសៀវភៅជាង ៥០ ក្បាលមកហើយ គាត់តែងកំណត់ធ្វើយ៉ាងណាឲ្យខ្លួនសរសេរបាន ៦ ទំព័រមួយថ្ងៃ។ (បើចង់ដឹងពីជីវិតគាត់ និងទម្លាប់ការងារគាត់បន្ថែមនោះ អ្នកអាចអានពីសៀវភៅនេះបាន។)

និយាយថា យើងយកអ្នកនិពន្ធជាឧទាហរណ៍ទៀតហើយ ក៏ដោយសារអ្នកនិពន្ធត្រូវបង្ខំឲ្យខ្លួនគិត និងសរសេរយ៉ាងស៊ីជម្រៅ និងមមាញឹកបំផុត បើសិនចង់បញ្ចប់សៀវភៅមួយៗ។ ម៉្យាងវិញ តាមពិតទៅ គាត់មិនចាំបាច់ត្រូវសរសេរនោះទេ ដើម្បីរស់ យើងត្រូវការតែទឹក បាយ និងជម្រកប៉ុណ្ណោះ។ បើចង់សរសេរចប់សៀវភៅមួយៗ ទាល់តែយើងព្យាយាមបង្ខំខ្លួនណាស់ដែរ។

ម៉្យាងវិញទៀត ទម្លាប់ការងារប្រចាំថ្ងៃនេះ ក៏ត្រូវជាមួយតិចនិច ថ្មក្នុងក្រឡ របស់លោក ស្ទេហ្វិន ខូវ៉េ (Stephen Covey) ដែលគាត់បានសរសេរនៅក្នុងសៀវភៅ ធ្វើរឿងសំខាន់មុន (First Things First)។ នេះជាឧទាហរណ៍ដែលគាត់បានលើកឡើង៖ ស្រម៉ៃថាយើងមានក្រឡមួយ។ ប្រសិនបើយើងយកថ្មតូចៗមកបំពេញក្រឡនោះ នឹងគ្មានកន្លែងសល់សម្រាប់ថ្មធំៗឡើយ។ តែបើយើងដាក់ថ្មធំៗមុន រួចហើយទើបពង្រាយអាតូចៗ ឲ្យហូរចូលកន្លុកកន្លៀតថ្មធំនោះ យើងអាចដាក់ថ្មធំចូលបានទាំងអស់ បូករួមជាមួយអាតូចៗខ្លះទៀតផង។

ឥលូវ លើកឧទាហរណ៍មួយទៀត គឺខ្ញុំផ្ទាល់តែម្តង ដែលបានប្រើប្រាស់តិចនិចនេះរាប់ខែមកហើយ។ ដោយសារខ្ញុំដឹងខ្លួនថា ពេលព្រឹកទើបធ្វើការបានល្អ ដូច្នេះ ខ្ញុំរមែងព្យាយាមដាក់ការងារដែលទាមទារឲ្យមានការគិតស៊ីជម្រៅនៅពេលព្រឹក ដូចជាការ បកប្រែ (ការងារចាស់របស់ខ្ញុំ) និងការស្រាវជ្រាវ និងសរសេរប្លុក (បូករួមទាំងប្លុកនេះឯង)!

នៅក្នុងការវិភាគក្នុងខួរខ្ញុំ ក៏ដូចជាកាលវិភាគខាងក្រៅ ខ្ញុំបិទម៉ោង ៩ ដល់ ម៉ោង ១២ ព្រឹក មិនឲ្យមានការរំខានឡើយ។ ទោះមានខោអាវកក្រិចត្រូវបោកក៏ដោយ ក៏ត្រូវចាំដល់ចប់ម៉ោង ១២ ទើបអាចបោកបាន។ អូ! ខាងក្រៅមានមនុស្សភពក្រៅចុះមកពីយានអាវកាសមែន? ចេញទៅមើលអត់បានទេ ត្រូវធ្វើការឲ្យចប់ម៉ោង ១២ សិន។

ត្រូវចាត់ទុកពេលវេលាសម្រាប់ការងារស៊ីជម្រៅអ្នកដូចជាទៅណាត់ជួបសង្សារអញ្ចឹង។ យើងមិនគួរទៅយឺតនោះទេ ហើយក៏មិនគួរបោកគ្រាប់បែក មិនបង្ហាញខ្លួនផងដែរ ទោះជារវល់យ៉ាងណាក្តី។ ជាធម្មតាទេ តែងមានមិត្តភក្តិហៅចេញ មានខោអាវត្រូវបោក មានមនុស្សភពក្រៅចុះមក សំខាន់គឺយើងត្រូវដាក់ថ្មធំៗចូលជាមុនសិន អាតូចៗហ្នឹងចាំធ្វើតាមក្រោយ។

– ទម្លាប់អ្នកសារព័ត៌មាន

នេះគេដល់កម្រិតកំពូលហើយ។ គេហៅវាថា ជាទម្លាប់អ្នកសារពត៌មាន ក៏ដោយសារ ពួកគាត់ត្រូវបង្ខំខ្លួនគិត និងសរសេរស៊ីជម្រៅឆាប់ៗ ព្រោះអត្ថបទសារពត៌មានតែងមានពេលកំណត់ជានិច្ច។ សម្រាប់អ្នកដែលធ្លាប់ធ្វើការស៊ីជម្រៅយូរហើយ គេអាចចេញ ឬចូល ទៅជ្រៅ ឬ ទៅរាក់ បានស្រេចចិត្ត។ ប្រសិនបើបើអ្នកមានសមត្ថភាពគិតស៊ីជម្រៅគ្រប់ពេលវេលាតាមដែលអ្នកចង់នោះ អញ្ចឹងប្រកាន់ទម្លាប់នេះទៅ។

២. បង្កើតក្បួនទម្លាប់មួយ

នៅជំហ៊ានទីមួយ យើងកំណត់ថាយើងធ្វើការស៊ីជម្រៅពេលណា និងញឹកញាប់ប៉ុណ្ណា។ ឥលូវនេះ យើងត្រូវកំណត់ថា យើងធ្វើស្អីខ្លះ ពេលធ្វើការហ្នឹង។ អ្នកខ្លះសុទ្ធតែផឹកតែ បើកកុំព្យូទ័រ ហើយ ត្រៀមខ្លួនហើយជាស្រេចដើម្បីធ្វើកិច្ចការសាលា។ តែ ២០ នាទីក្រោយមក បែរជាកំពុងអានអត្ថបទពី កម្លាំងនុយក្លេអ៊ែរ ហើយនឹងតបសារហ្វេសប៊ុកជាមួយមិត្តភក្តិទៅវិញ។ ពេលខ្លះ ទោះយើងមានសុឆន្ទៈក្នុងការធ្វើការស៊ីជម្រៅក៏ដោយ ក៏វានៅតែពិបាក ដោយសារ បើយើងមិនធ្លាប់ ការប្តូរខួរក្បាលពីការគិតរាក់កំផែល ទៅឲ្យជ្រៅ មានការលំបាកយ៉ាងខ្លាំង។

ពេលដែលខួរក្បាលយើងគិតស៊ីជម្រៅនេះឯង គេហៅថា លំហូរ (flow) ដែលមានន័យថា៖ «ជាពេលយើងធ្វើការយកចិត្តទុកដាក់លើការងារខ្លាំងពេក ធ្វើឲ្យយើងសប្បាយ និងភ្លេចខ្លួនទាំងស្រុងតែម្តង។» បើចង់អានបន្ថែមពីរឿងនេះ អ្នកអាចអានសៀវភៅ លំហូរ៖ បទពិសោធន៍ប្រសើរបំផុត (Flow: The Psychology of Optimal Experience) និពន្ធដោយលោក មីហេលី សុីកហ្សែនមីហាល់យី (Mihali Csikszentimahalyi) ដែលជាសៀវភៅចិត្តវិទ្យាល្បីឈ្មោះបំផុតប៉ុន្មានទសវត្សរ៍មកហើយ។ លំហូរ នេះហើយដែលជាពេលដែលយើងអាចធ្វើការងារស៊ីជម្រៅបាន។

មនុស្សជាច្រើន គេបានបង្កើតក្បួនការងារ (ដែលខ្លះស្តាប់ទៅចម្លែកមែនទែន) ដើម្បីឲ្យគេធ្លាក់ចូលលំហូរស្រួល និងលឿន។ ឧទាហរណ៍ដដែលគឺ លោក ស្ទេហ្វិន ឃីង (Stephen King)។ ដើម្បីឲ្យគាត់អាចសរសេររឿង ៦ ទំព័រក្នុងមួយថ្ងៃ គាត់បានពណ៌នាពីក្បួនការងារពេលព្រឹករបស់គាត់ថា៖

«ខ្ញុំមានថ្នាំវីតាមីនរបស់ខ្ញុំនៅជិតដៃ ហើយចាក់ចម្រៀងហើយស្រេច។ ខ្ញុំអង្គុយនៅកៅអីដដែល ហើយដាក់ក្រដាស់នៅកន្លែងដដែលផងដែរ… ពេលខ្ញុំធ្វើអញ្ចឹងដដែលៗ មិនផ្លាស់ប្តូរ ពីរមួយថ្ងៃទៅមួយថ្ងៃនោះ វាហាក់ដូចជាប្រាប់ខួរក្បាលខ្ញុំថា ជិតដល់ពេលឯងត្រូវស្រម៉ៃទៀតហើយ។»

មិនមែនមានតែគាត់មួយប៉ុណ្ណោះទេ ដែលមានក្បួនការងារដដែលៗ មិនផ្លាស់ប្តូរនោះ។ អ្នកអាចអានអត្ថបទនេះ ពី មីដៀម (Medium) ពីក្បួនការងាររបស់សិល្បករផ្សេងៗផងដែរ។ ចុះអ្នកវិញ? ធ្វើយ៉ាងណាទើបអាចបង្កើតក្បួនការងារមួយសម្រាប់ខ្លួនឯងបាន? នេះនែ! សាកធ្វើតាមនេះមើល!

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Sokcheng Seang