អង្គការ​ធំៗ​ចុះអនុស្សារណៈ​យោគយល់ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាសាធារណៈ​

  • 2019-07-02 07:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការទស្សនៈពិភពលោក និងអង្គការវឌ្ឍនភាព រួមជាមួយអង្គការចំនួន ១១ ផ្សេងទៀតរៀបចំ​ពិធីចុះអនុស្សារណៈយោគយល់ក្នុងការអនុវត្តគម្រោងគណនេយ្យភាពសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ ក្រោមការគាំទ្រថវិកាដោយ សហភាពអ៊ឺរុប និងអង្គការទស្សនៈពិភពលោកប្រចាំប្រទេសអាល្លឺម៉ង់ ដែលរំពឹងថានឹងផ្តល់ អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាង ២,៨លាននាក់ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវសេវាសាធារណៈ នៅក្នុងឃុំចំនួន ២៩២ឃុំ សាលាបឋមសិក្សាចំនួន ៥៧១សាលា និងមណ្ឌលសុខភាពចំនួន ២១៦កន្លែង នៅក្នុងខេត្តចំនួន៥ ក្នុងប្រទេសកម្ពុជា។

រូបភាព​យកពី វិបសាយ​ World Vision

ពិធីចុះអនុស្សារណៈយោគយល់នេះ ប្រារព្ធឡើងក្រោមអធិបតីយភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម និងលោកស្រី Francesca Ciccomartino តំណាសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា រួមជាមួយការចូលរួមរបស់ហត្ថលេខីតំណាងអង្គការទាំង ១១អង្គការ មន្ត្រីរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្ត (CAFs)។

កម្មវត្ថុនៃអនុស្សារណៈយោគយល់នេះ គឺដើម្បីជួយដល់អង្គការដៃគូទាំងអស់ឲ្យបំពេញការងាររួមគ្នាក្នុងគោលបំណង ធ្វើឲ្យមាន ភាពប្រសើរឡើងនូវសេវាសាធារណៈ ដែលត្រូវផ្តល់ដោយរាជរដ្ឋាភិបាល(អ្នកផ្តល់សេវា) ជូនដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប (អ្នកទទួលសេវា) នៅតាមតំបន់គោលដៅរបស់អង្គការទាំងអស់នៅទូទាំងប្រទេស។

លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការទស្សនៈពិភពលោក បានចូលរួម គាំទ្រដល់ ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៥ មក។ ការគាំទ្រនេះបានចូលរួមចំណែកក្នុងការជួយឲ្យគុណភាពនៃការផ្គត់ផ្គង់សេវាកម្មសាធារណៈ មានភាពប្រសើឡើង ពោលគឺ សេវានៅតាមមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលឃុំ ដែលវាបានផ្តល់អត្ថប្រយោជន៍ទៅដល់ ប្រជាពលរដ្ឋកម្ពុជាជិត ២លាននាក់ នៅក្នុងឆ្នាំ២០១៨។»

ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានមានប្រសាសន៍ផងដែរថា៖ «នេះគឺជាភាពជោគជ័យដ៏ធំមួយទៀតសម្រាប់ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅកម្ពុជា។ អង្គការទស្សនៈពិភពលោក គឺជាដៃគូដ៏សំខាន់ក្នុងការជួយគាំទ្រដល់ ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម។ តាមរយៈការចូលរួមពីអង្គការក្នុងស្រុក អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ទាំងអស់ យើងនឹងអាចសម្រេចបាននូវការធ្វើឲ្យ ប្រសើរឡើង នូវគុណភាពនៃសេវាសាធារណៈថ្នាក់មូលដ្ឋាន ដើម្បីជាប្រយោជន៍ដល់កុមារ និងគ្រួសារកម្ពុជា រាប់លាននាក់ នៅទូទាំងប្រទេសដែលស្របទៅនឹង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។»

លោកស្រី Francesca Ciccomartino តំណាងសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ការអនុវត្តផែនការ យុទ្ឋសាស្រ្តគណនេយ្យភាពសង្គម កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈឆាប់រហ័ស មានគណនេយ្យភាព និងប្រកដោយតម្លាភាព។» លោកស្រីបានបន្ថែមទៀតថា លោកស្រីសប្បាយចិត្តណាស់ដែលការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម មានការយកចិត្តទុកដាក់ខ្លាំងចំពោះជនងាយរងគ្រោះបំផុត និងធានាថាពួកគាត់ត្រូវបានរាប់បញ្ចូលក្នុងសកម្មភាពនានានៃការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនេះ។

លោក ឡេង វីរៈ ក៏បានបន្ថែមផងដែរថា៖ «តាមរយៈការពង្រីកការងាររបស់យើងជាមួយនឹងអង្គការដៃគូថ្មីៗក្រោមការគាំទ្រ ថវិកាពីសហភាពអ៊ឺរ៉ុប និងតាមរយៈការធ្វើនិរន្តភាពការងាររបស់យើង ក្រោមការគាំទ្រថវិការបស់ធានាគារពិភពលោកកន្លងមក អង្គការទស្សនៈពិភពលោកកំពុងធ្វើការពង្រីកគម្រោងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម ដើម្បីជួយបង្កើនគុណភាពនៃសេវាសាធារណៈ សរុបនៅក្នុង ៥១០ឃុំ សាលាបឋមសិក្សាចំនួន ១ ០០៤សាលា និងមណ្ឌលសុខភាពចំនួន៣៦៤មណ្ឌល ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ទៅដល់ប្រជាពលរដ្ឋច្រើនជាង ៤,៦លាននាក់ ត្រឹមឆ្នាំ២០២០។»

លោក អាន សុទ្ធី អាយុ ៤១ឆ្នាំ ជាគ្រូបង្រៀន នៅខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖ «គម្រោងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម បានធ្វើឲ្យ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ មានភាពជិតស្និតនឹងគ្នាជាងមុន។ជាលទ្ធផលវាបានផ្តល់ភាពងាយស្រួល ដល់ពួកយើងក្នុងការផ្លាស់ប្តូរមតិ ដើម្បីជួយឲ្យគុណភាពសេវា នៅសាលារបស់យើងមានភាពប្រសើរជាងមុន។ ម៉្យាងទៀត ផែនការដែលបានព្រមព្រៀងក្នុងកិច្ចប្រជុំគណនេយ្យភាពសង្គម ក៏ត្រូវបានដាក់បញ្ចូលក្នុងផែនការវិនិយោគឃុំទៀតផង។»

រាប់មកដល់ពេលបច្ចុប្បន្ននេះ គម្រោងការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោក បានចូលរួមបណ្តុះបណ្តាលសមត្ថភាព អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្ត (CAF) ចំនួន ២ ៦៦០នាក់ ដែលពួកគាត់បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួល សកម្មភាពគណនេយ្យភាពសង្គមនៅក្នុងសហគមន៍។ ពិសេសជាងនេះទៅទៀត ពួកគាត់ បានក្លាយជាធនធានមនុស្សយ៉ាងសំខាន់សម្រាប់សហគមន៍របស់ពួកគាត់។ ជាក់ស្តែង អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ស័្មគ្រចិត្ត ច្រើនជាង ២០រូប ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមព្រឹក្សាឃុំ។ ហើយយ៉ាងហោចណាស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ចំនួន៣រូប បានជាប់ឆ្នោតជាសមាជិកក្រុមព្រឹក្សាស្រុក។

រូបភាព​យកពី វិបសាយ​ World Vision

កំណត់សម្គាល់

ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម (ISAF) មានដើមកំណើតចេញមកពី កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (SNDD) នៅក្នុងប្រទេសកម្ពុជា។ ISAF មានគោលដៅធ្វើឲ្យមានភាពប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈការលើកកម្ពស់គណនេយ្យភាពសង្គម ដែលស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ម្ចាស់ជំនួយ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល ក៏បានចូលរួមចំណែកជួយគាំទ្រដល់ ការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម នេះចាប់តាំងពីឆ្នាំ ២០១៥មក។

អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមការអនុវត្តកម្មវិធីគណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ២០១២ ក្នុង គោលបំណងរួមចំណែកលើកកម្ពស់អភិបាលកិច្ច និងទ្រទ្រង់វឌ្ឍនភាពល្អជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នៅក្នុងប្រទេស។ ចាប់តាំងពីពេលនោះមក កម្មវិធីគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោកត្រូវបាន ពង្រីកទៅគ្រប់តំបន់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក ហើយវាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រ ថ្នាក់ជាតិរបស់អង្គការទស្សនៈពិភពលោកដែលផ្តោតចម្បងទៅលើ សុខភាពនិងអាហារូបត្ថម្ភ ការអប់រំនិងបំនិនជីវិត ការការពារកុមារ និងយុវជន។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

  • លោក វ៉ាន់ ពន្លក មន្រ្តីទំនាក់ទំនងសាធារណៈរបស់អង្គការទស្សនៈពិភពលោក

  • លេខទូរស័ព្ទ៖ +៨៥៥ ៨៩ ៥៥៥ ៧០២ អ៊ីមែល៖ ponlork_van@wvi.org

អត្ថបទ៖ ដៃគូសហការ