អនាគតទៅយុវវ័យនឹងមានបញ្ហាព្រោះ Contact lenses ទេ?
- 2019-07-02 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគតទៅយុវវ័យនឹងមានបញ្ហាព្រោះ Contact lenses ទេ?
ចន្លោះមិនឃើញ
ការប្រើរបាំងភ្នែកផ្លាស្ទីក Contact lenses សម្រាប់ប្ដូរពណ៌ភ្នែក រឺ ធ្វើអោយមើលឃើញប្រស្រីភ្នែករីកធំស្អាតដូចកូនក្រមុំជ័រ គឺជា ការនិយមចូលចិត្ត ដែលហូរចូលមកក្នុងចំណោមយុវវ័យខ្មែរតាមរយៈភាពយន្តកូរ៉េ។
សូមចុចអាន៖ គេថាស្រីៗសក់ក្រហមអត់ល្អ?
រូបតំណាង (រូបថត៖ បរទេស)
“ពីដំបូងយើងឆ្ងល់ថាម៉េចពួកគេភ្នែកតូច តែមានប្រស្រីភ្នែករីកធំក្រឡកៗតាមពិតក្រោយមកទើបដឹងថា ពួកគេប្រើ Contact lenses សោះ។ ខ្ញុំទិញប្រើវាតាំងពីឆ្នាំ ២០០៩ ពួកម៉ាកទិញ មកប្រើ ពណ៌ត្នោតខ្ចីធ្វើអោយភ្នែកយើងមើលទៅស្រឹមស្អាត! គេបង្រៀនអោយប្រើម្ដងម្កាលពេលមានកម្មវិធីអីមួយ ឃើញថា ស្អាតមែន បន្ទាប់មកក៏រកលុយទិញខ្លួនឯងមកពាក់ទៅ!”។
នេះជាការលើកឡើងរបស់និស្សិតពិន សុកញ្ញា សិក្សាឆ្នាំទី ២ នៅសាកលវិទ្យាល័យមេគង្គ។ នៅពេលសួរពីផលប៉ះពាល់របស់វាចំពោះសុខភាពភ្នែកនាងបាននិយាយវិញភ្លាមថា វាមិនប៉ះពាល់អ្វីទាំងអស់។
“ខ្ញុំសួរអ្នកលក់ហើយ គឺវាអត់អីទេ ប្រើទៅវាអត់ឃើញមានអីមែន មុនដំបូងរាងស្កៀបៗតែប្រើបានបីបួនថ្ងៃលែងអីហើយធម្មតាវិញ។សំខាន់យើងត្រូវចេះសំអាតវាមុនពេលដក់ចេញពីភ្នែកមកទុក ហើយព្រឹកឡើងមុនពេលលើកយកមកពាក់ត្រូវលាងវាម្ដងទៀត វាមានទឹកថ្នាំរបស់វាសម្រាប់ត្រាំទុកនិង លាង! ខ្ញុំគិតថា យុវវ័យភាគច្រើននិយមប្រើវាព្រោះមានពណ៌ច្រើនអោយរើសដូចជា ប្រផេះ ខ្មៅត្នោត បៃតង ខៀវ តាមតែគេចង់លេងស្ទិល។ ប្រុសក៏គេនិយមស្រីក៏គេនិយម គឺទាំងពីរភេទ”។
ប៉ុន្តែវេជ្ជបណ្ឌិតជំនាញភ្នែកចក្ខុ សាស្ត្របានបញ្ចេញការព្រួយបារម្ភពីការប្រើប្រាស់នេះ។ លោកស្រី គន្ធា អមរា វេជ្ជបណ្ឌិតប្រចាំការនៅហាងលក់វ៉ែនតាយីហោតាំងលឹម គង់ ដែលមានដាក់លក់នូវ ឧបករណ៍ជំនួយភ្នែកគ្រប់ប្រភេទបានលើកឡើងយុវវ័យបានជ្រើសរើសការប្រើប្រាស់ Lenses ទំាំងមិនបានទទួលព័ត៌មានត្រឹមត្រូវសោះ ពីផលប៉ះពាល់របស់វា។
"Lensesមានច្រើនប្រភេទណាស់វាមានដូចជាប្រភេទ semi-soft, soft, និង ប្រភេទ hard។ មានខ្លះសម្រាប់ភ្នែកងងឹតឆ្ងាយ (មីញ៉ូប) និងខ្លះសម្រាប់គ្រាន់តែប្ដូរពណ៌ភ្នែកអោយស្អាត។
សូមចុចអាន៖ វ័យក្មេងសោះ ! រៀនអនុបណ្ឌិតនៅជប៉ុន ប្រាប់គន្លឹះទទួលបានអាហារូបករណ៍
រូបតំណាង (រូបថត៖ បរទេស)
ចំណែកគុណភាពនៃផលិតផលក៏ខុសគ្នាទៀត មានខ្លះមានតម្លៃថោកនាំចូលពីប្រទេសជិតខាង តែរបស់ដែលមានគុណភាពលក់ក្នុងហាងធំៗមានយីហោត្រឹមត្រូវគឺនាំចូលពីសហរដ្ឋអាមេរិក។ សូម្បីតែទឹកថ្នាំសម្រាប់ត្រាំក៏ដូចគ្នា។ អញ្ចឹងយុវវ័យ ខ្លះគាត់អត់ សូវមាន លុយគាត់ បានទិញរបស់ថោកនៅកន្លែងផ្សេងៗដែលគ្មានអ្នកឯកទេសណែនាំថាគួរប្រើបានប៉ុន្មានម៉ោងក្នុងមួយថ្ងៃគួរសំអាតដូចម្ដេចរក្សាក្នុងសីតុណ្ហភាពដូចម្ដេចហាមប្រើពេលណាខ្លះសញ្ញាសំគាល់ដែលបង្ហាញថាLensesបានខូចហើយហាមលែងអោយប្រើ? សំខាន់មួយទៀតគឺស្រុកយើងជាស្រុកហុយដីច្រើន ការប្រើLensesមិនមែនជាជម្រើសល្អប៉ុន្មានទេលើកលែងតែមានករណីចាំបាច់ប៉ុណ្ណោះ"។
លោកស្រីបញ្ជាក់បន្ថែមថា មានLenses ខ្លះយើងអាចប្រើបានដល់ ១២ ម៉ោងក្នុងមួយថ្ងៃ តែខ្លះទៀត ត្រូវប្រើតិចម៉ោងជាង នេះដោយសារគុណភាពនិងលក្ខណៈសម្បត្តិ របស់វា។ ចំណុចដែលអ្នកស្រីសង្កត់ធ្ងន់ គឺមានយុវវ័យក្រីក្រជាច្រើនបានទិញLensesមកចែកគ្នាប្រើជាហេតុធ្វើអោយជំងឺភ្នែកអាចចម្លងគ្នាបានដោយងាយ។
តម្លៃ Contact Lenses នៅក្នុងប្រទេសកម្ពុជាមានចាប់ពី២ដុល្លារអាមេរិករហូតដល់៦០ដុល្លារក្នុងមួយគូរ។
ចុះប្រិយមិត្តមានយោបល់ដូចម្ដេចដែរជុំវិញបញ្ហានេះ?