៥ រឿងនិយាយអំពីសត្វឆ្កែ ល្អមើលបំផុត

  • 2019-07-03 03:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​ចូល​ចិត្ត​សត្វ​​ឆ្កែ​ ច្បាស់​ជា​ចូល​ចិត្ត​មិន​ខាន​នូវ​ខ្សែ​ភាពយន្ត​ដែល​មាន​និយាយ​អំពី​សត្វ​​គួរ​ឲ្យ​ស្រឡាញ់​មួយ​ប្រភេទ​នេះ។ ខាង​ក្រោម​នេះ​បង្ហាញ​ខ្សែ​ភាពយន្ត​ចំនួន ៥ ដែល​និយាយ​អំពី​សត្វ​ឆ្កែ ល្អ​មើល​បំផុត ៖

​១. A Dog's Purpose ចេញ​ឆ្នាំ ២០១៧

រឿង​មនោសញ្ចេតនា​ចាក់​ដោត​អារម្មណ៍​មួយ​នេះ ផលិត​ឡើង​ផ្អែក​តាម​សៀវភៅ​​និពន្ធ​ដោយ​ W. Bruce Cameron ដែល​ធានា​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហូរ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ពេល​តាម​ដាន​​ខ្សែ​ជីវិត​ចាប់​ជាតិ​ឡើង​វិញ​បន្ត​បន្ទាប់​របស់​សត្វ​ឆ្កែ​មួយ​ក្បាល។

២. Benji ចេញ​ឆ្នាំ ១៩៧៤

​Benji គឺ​ជា​សត្វ​ឆ្កែ​អនាថា​មួយ​ក្បាល​ ដែល​រីក​រាយ​នឹង​ជីវិត​របស់​ខ្លួន រហូត​ដល់​ពេល​ក្មេងៗ​ពីរ​នាក់​ដែល​វា​ស្រឡាញ់​ត្រូវ​បាន​គេ​ចាប់​ជំរិត អ្វីៗ​បាន​ផ្លាស់​ប្ដូរ។ Benji បាន​ព្យាយាម​ជួយ​សង្គ្រោះ​ក្មេងៗ ហើយ​បាន​ធ្លាក់​អន្លង់​ស្នេហ៍​ឆ្កែ​មួយ​ក្បាល​ទៀត​ ​ក្នុង​ដំណើរ​ជួយ​សង្គ្រោះ។ ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​ឡើង​វិញ​ចេញ​ផ្សាយ​ឆ្នាំ ២០១៨ លើ​ Netflix ផង​ដែរ។

៣. Hachi: A Dog's Tale ចេញ​ឆ្នាំ ២០០៩

​នេះ​ជា​ខ្សែ​ភាពយន្ត​​ផលិត​ឡើង​ផ្អែក​តាម​រឿង​ពិត​​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ជប៉ុន និង​ផលិត​ឡើង​វិញ​តាម​ខ្សែ​ភាពយន្ត​ជប៉ុន​ចេញ​ឆ្នាំ ១៩៨៧ ដែល​មាន​ចំណង​ជើង​ថា​ Hachikō Monogatari។ វា​មាន​បង្ហាញ​អំពី​ក្ដី​ស្រឡាញ់​ដ៏​មហិមា​ដែល​ឆ្កែ​ឈ្មោះ​ Hachi មាន​ចំពោះ​ម្ចាស់​ប្រុស​របស់​ខ្លួន ពោល​វា​នៅ​តែ​ចាំ​​ផ្លូវ​ម្ចាស់​នៅ​កន្លែង​ដដែល​ (នៅ​ស្ថានីយ​រថភ្លើង) ​រយៈពេល ៩ ឆ្នាំ ទោះ​បី​ម្ចាស់​បាន​បាត់​បង់​ជីវិត ហើយ​ចាំ​លុះ​តែ​ស្លាប់​ខ្លួន​ឯង។ ឆ្កែ​មួយ​ក្បាល​នេះ​ត្រូវ​បាន​ប្រជាជន​ជប៉ុន​កោត​សរសើរ រហូត​ដល់​មាន​ការ​សាងសង់​រូប​សំណាក ដែល​វា​​តំណាង​ភក្ដីភាព និង​ភាព​ស្មោះត្រង់។

៤. A Dog's Journey ចេញ​ឆ្នាំ ២០១៩

វា​មាន​រៀបរាប់​សាច់​រឿង​បន្ទាប់​ពី​ខ្សែ​ភាពយន្ត A Dog's Purpose ចេញ​ឆ្នាំ ២០១៧ ហើយ​​មាន​បង្ហាញ​អំពី​ការ​ចាប់​ជាតិ​របស់​សត្វ​ឆ្កែ ស្រដៀង​គ្នា​នឹង​វគ្គ​មុន​ដែរ និង​​មាន​​បញ្ចូល​នូវ​ឈុត​ឆាក​កម្សត់ៗ និង​សប្បាយ​រីករាយ​ជា​ច្រើន រវាង​សត្វ​ឆ្កែ​ដ៏​ស្មោះត្រង់​ជា​មួយ​នឹង​ម្ចាស់។

៥. The Secret Life of Pets ចេញ​ឆ្នាំ ២០១៦

​ច្បាស់​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​ ពេល​ដែល​អ្នក​ចេញ​ពី​ផ្ទះ​បាត់ សត្វ​ចិញ្ចឹម​របស់​អ្នក​​​មាន​សកម្មភាព​អ្វី​ខ្លះ។ ហេតុ​នេះ​​ហើយ​ទើប​អ្នក​មិន​គួរ​រំលង​​ខ្សែ​ភាពយន្ត​​​គំនូរជីវចល​ពោរពេញ​ដោយ​​ភាព​កំប្លែង​មួយ​នេះ។ ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន​ដល់ ៨៧៥,៥ លាន​ដុល្លារ ដែល​ចំណាយ​លើ​ការ​ផលិត​អស់​ត្រឹម ៧៥ លានដុល្លារ​ប៉ុណ្ណោះ៕​​​​​

ចុចអាន៖

អត្ថបទ៖ សុខហេង