ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​បង្កង​ cray fish ដំបូង​គេ កំពុង​​ពង្រីក​ផ្ទៃដី​ រហូត​ដល់ទៅ​៣០ ហិចតា​​

  • 2019-07-05 05:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផល រដ្ឋា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង ​ cray fish ដំបូង​គេ ​មាន​ទីតាំង​នៅ​​ក្នុង​ខេត្ត​បាត់ដំបង​ កំពុង​ចាប់​ដៃ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ដើម្បី​ពង្រីក​ផ្ទៃ​ដី​ចិញ្ចឹម​ និង​​​​ភ្ញាស់​កូន​បង្កង រហូត​ដល់​ទៅ​៣០​ហិច​តា​ ដើម្បី​​ផ្គត់​ផ្គង់​នៅ​ក្នុង​ស្រុក​ផង​ និង​ឈាន​ទៅ​ធ្វើ​ការ​នាំ​ចេញ​ផង ​​​។ ផ្ទៃដី​ទាំង​ ៣០ ហិចតា​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ​ខេត្ត​បាត់ដំបង​ចំនួន​ ១០ ហិចតា ខណៈ​ផ្ទៃ​​ដី​ជាង​​ ២០ ហិចតា​ ទៀត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ។

លោក​បាន​បន្ថែម​ថា ដៃ​គូ​សហការ​​ទាំងពីរ​ខាង​លើ​មាន​ដី ​និង​ទុន​វិនិយោគ​ ចំណែក​លោក​ជួយ​លើ​ការងារ​បច្ចេកទេស​រៀបចំ​កសិដ្ឋាន និង​ការ​ចិញ្ចឹម​​ថែ​ទាំ​បង្កង​ឱ្យ​ធំធាត់។ បង្កង​ cray fish​ មាន​ប្រភព​​មក​ពី​ប្រទេស​ថៃ ហើយ​ជា​ពូជ​ ដែល​ធន់​​ ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​​ សមស្រប​ជាមួយ​នឹង​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ចាប់​ពី ៣០ ដុល្លារ​ទៅ ៣៤​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូ​ក្រាម។ កសិករ​អាច​ប្រមូល​ផល​បង្កង​ក្នុង​ពេល​បី​ខែ ​និង​មាន​ទំហំ​​ចន្លោះ​ពី​ ៤ ខាំ​ ទៅ​ ៦​ខាំ។

ជា​អតីត​និស្សិត​សាកលវិទ្យាល័យ​ជូឡា​ ឡុង​កន ប្រទេស​ថៃ​ លោក រដ្ឋា មាន​ឱកាស​បាន​ទៅ​សិក្សា​រៀន​សូត្រ​ ពី​បច្ចេកទេស​ចិញ្ចឹម​បង្កង​​នៅ​ប្រទេស​ថៃ ​ក្រោម​ជំនួយ​ពី​ព្រះមហាក្សត្រ​ថៃ ​ខណៈ​ការ​ចិញ្ចឹម​បង្កង​ នៅ​បាត់​ដំបង​គិត​មក​ដល់​ថ្ងៃ​នេះ​បាន​ដំណើរ​ការ​ជាង ២ ឆ្នាំ​មក​ហើយ។ “អញ្ចឹង​យើង​ទើប​ដាក់​ពូជ​ទេ​នៅ​បាត់​ដំបង​ ដោយ​ដាក់១០០០ក្បាល​ និង​ត្រូវ​ចំណាយ​ពេល​បី​ខែ​។ អញ្ចឹង​មេ​មួយ​វា​អាច​ផលិត​កូន​បាន​ពី ២៥០ កូន​ ទៅ ៣០០​កូន​។ ចំណែក​នៅ​កំពង់​​ធំ​មាន​ផ្ទៃ​ដី​ផលិត​កូន​បង្កង​​ប្រមាណ ២០​ហិចតា និង​អាច​ផលិត​កូន​​បង្កង​ពី​ ៥០​ម៉ឺន​កូន​ទៅ​ ១លាន​កូ​ន​ ក្នុង​មួយ​ឆ្នាំ ។អញ្ចឹង​ពូជ​វា​មាន​ ២០០​គីឡូក្រាម​ហើយ ប្រហែល​ចូល​ ៤០០០​ក្បាល។ដូច្នេះ​ការ​សហការ​គ្នា​​ យើង​អារម្មណ៍​ដូច​គ្នា​គឺ​យើង​ យល់ចិត្ត​​គ្នា​ គឺ​យើង​អាច​ធ្វើ​ទៅ​កើត​ហើយ​ សំខាន់​គឺ​ចិត្ត​នេះ​តែ​ម្តង”។​

លោក រដ្ឋា មិន​បា​ន​បញ្ជាក់​ពី​ទំហំ​វិនិយោគ​កសិដ្ឋាន​ទាំង​ពីរ​ទីតាំង​ខាងលើ​​ទេ​ ខណៈ​កសិដ្ឋាន​​បង្កង​នៅ​ខេត្ត​កំពង់ធំ​​មិន​ទាន់​បញ្ចប់​ការ​សាងសង់​នៅ​ឡើយ។ លោក​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ ដោយសារ​ម្ចាស់​កសិដ្ឋាន​ទាំង​ពីរ​ខាងលើ​សន្យា​ធ្វើ​ជា​គំរូ ​ខិត​ខំ​បង្កាត់​ពូជ និង​ធ្វើ​ការ​បណ្ដុះបណ្ដាល​ដល់​កសិករ​ទៅ​ថ្ងៃ​ខាង​មុខ​​។ដូច្នេះ​ហើយ​ទើប​លោក​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​ឱ្យ​កសិដ្ឋាន​ទាំងពីរ​អាច​ដំណើរការ​បាន។

លោក​បាន​​ស្វាគមន៍​ជា​និច្ច​ ចំពោះ​ដៃ​គូ​វិនិយោគ​ដទៃ​ទៀត ដែល​មាន​បំណង​​សហការ​ចិញ្ចឹម​បង្កង​​ cray fish​ ក្នុង​ទិស​ដៅ​ធ្វើ​យ៉ាង​ណា​ ពង្រីក​ចំណេះ​ដឹង​ដល់​កសិករ​ ផ្គត់​ផ្គង់​ទីផ្សារ​ក្នុងស្រុក​​​ និង​ឈាន​ទៅ​ធ្វើ​ការ​នាំ​ចេញ​​ក្នុង​ពេល​អនាគត​។​

បន្ថែម​លើ​​ការ​ចាប់ដៃ​គូ​វិនិយោគ​ចិញ្ចឹម​​បង្កង​ លោក រដ្ឋា ក៏​មាន​បំណង​ចង​ក្រង​សៀវភៅ​ពី​របៀប​ និង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​បង្កង cray fish​ ផង​ដែរ ដោយ​ដក​ស្រង់​នូវ​បទពិសោធន៍​​ជោគជ័យ​របស់​កសិករ​ពី​តាម​បណ្ដា​​ខេត្ត​ទូទាំង​ប្រទេស​មាន​ជាអាទិ៍ ការ​រៀប​ចំ​ដី​កសិដ្ឋាន និង​វិធីសាស្រ្ត​ចិញ្ចឹម​​ជាដើម​៕

អត្ថបទ៖ សុផល