បង​ប្អូន​ស្រីៗ​ជំទង់​៣​នាក់​ប្រឈម​នឹង​ការ​កាត់​ទោស នាំ​ឲ្យ​ផ្ទុះ​​ប្រតិកម្ម​ពេញ​រុស្ស៊ី ក្រោយ​ពួកគេ​សម្លាប់​ឪពុក

  • 2019-07-06 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្អូន​ស្រី​ជំទង់​ជនជាតិ​រុស្ស៊ី​៣​នាក់ ដែល​បាន​ចាក់​សម្លាប់​ឪពុក​ក្រោយ​ពួកគេ​រាយការណ៍​ថា​បាន​ធ្វើ​បាប​ផ្លូវកាយ និង បំពាន​ផ្លូវ​ភេទ​ជា​ច្រើន​ឆ្នាំ​ អាច​ប្រឈម​នឹង​ការ​កាត់ទោស​ ដែល​នាំ​ឲ្យ​ផ្ទុះ​កំហឹង និង ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​ New York Post រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ។

ក្រិស្ទីណា បងស្រី​បង្អស់​ក្នុង​ចំណោម​៣​នាក់ ដែល​បច្ចុប្បន្ននាងមាន​វ័យ​២០​ឆ្នាំ នៅក្នុងបន្ទប់សវនាការនៅទីក្រុងម៉ូស្គូ កាល​ពី​ថ្ងៃពុធទី ២៦ ខែមិថុនាឆ្នាំ ២០១៩

បង​ប្អូន​ស្រី​៣​នាក់​ដែល​មាន​ឈ្មោះ ម៉ារី, អេនជេលីណា និង ក្រិស្ទីណា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជាមុន ក្រោយ​សម្លាប់​ឪពុក​បង្កើត​​ឈ្មោះ មីឃែល វ័យ​៥៧​ឆ្នាំ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ ដោយ​ប្រើ​​កាំបិត​ចិត​បន្លែ និង ញញួរ ដែល​កាល​ណោះ​ពួកគេ​មាន​អាយុ ១៧, ១៨ និង ១៩​ឆ្នាំ។

យោង​តាម​មេធាវី​របស់​​​បង​ប្អូន​ស្រី​ជំទង់​ទាំង​៣​បាន​ឱ្យ​ដឹង​ថា ដោយសារ​ការ​ភ័យខ្លាច​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ ពួកគេ​បាន​រង់ចាំ​រហូត​ដល់​ឪពុក​ដេកលក់​ ហើយ​ក៏​វាយ​ដំ និង ចាក់​សម្លាប់​តែ​ម្តង។

អេនជេលីណា វ័យ​១៩​ឆ្នាំ ប្អូនស្រី​កណ្តាល​ក្នុង​ចំណោម​​បង​ប្អូន​ស្រី​ជំទង់​នាក់ នៅក្នុងបន្ទប់សវនាការនៅទីក្រុងម៉ូស្គូ កាល​ពី​ថ្ងៃពុធទី ២៦ ខែមិថុនាឆ្នាំ ២០១៩

នៅ​ថ្ងៃ​កើតហេតុ ពួកគេ​បាន​រាយការណ៍​ប្រាប់​ប៉ូលីស​ថា "ថ្ងៃ​ដំបូង​ដែល​យើង​បាន​ជួប នាង​និយាយ​ថា​នាង​ស៊ូ​ជាប់​គុក ប្រសើរ​ជាង​រស់​នៅ​ផ្ទះ​នេះ"។

នៅ​ល្ងាច​កើតហេតុ ពួកគេ​បាន​ប្រាប់​ប៉ូលីស​ថា ឪពុក​របស់​ពួកគេ​បាន​បាញ់​ស្ព្រៃយ៍​ម្រេច​ដាក់​ភ្នែក​ពួកគេ​ជា​ទណ្ឌកម្ម​នឹង​ការ​ដែល​ពួកគេ​មិន​បោស​សម្អាត​ផ្ទះ។

បើ​ទោះ​បី​ជា​ទទួល​ស្គាល់​ថា​ពួកគេ​ទាំង​៣​នាក់​ការពារ​ខ្លួន​ពី​ការ​វាយដំ​ជា​រៀង​រាល់ថ្ងៃ និង ការ​បង្ខំ​ពី​ឪពុក​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​​ព្រះរាជអាជ្ញា​នៅ​តែ​ថា​បងប្អូន​ស្រី​ទាំង​៣​នាក់​នេះ​ត្រូវ​តែ​កាត់​ទោស​ទៅ​តាម​ច្បាប់។

ម៉ារី វ័យ​១៨​ឆ្នាំ ប្អូន​ស្រី​ពៅ​​​ក្នុង​ចំណោម​៣​នាក់ នៅក្នុងបន្ទប់សវនាការនៅទីក្រុងម៉ូស្គូ កាល​ពី​ថ្ងៃពុធទី ២៦ ខែមិថុនាឆ្នាំ ២០១៩

ការសម្រេចចិត្ត​នាំ​ឲ្យ​មនុស្ស​ប្រមាណ ២០០,០០០ នាក់​​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ស្នើ​សុំ​ឲ្យ​​ព្រះរាជអាជ្ញា​លុប​ចោល​ការ​ចោទ​ប្រកាន់។

ប្រសិន​បើ​បង​ប្អូន​ស្រីៗ​​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​មែន ពួកគេ​ម្នាក់ៗ​នឹង​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ៕

អាន៖ រុស្ស៊ី​រឹតត្បិត​​ខ្លាំង​ពេល​ប្រលង​ ដល់​ថ្នាក់​ឲ្យ​សិស្ស​ស្រី​ដោះ​អាវ​ទ្រនាប់​ចេញ​ ព្រោះ​ហេតុ​ផល​២

ប្រភព៖ New York Post   ប្រែ​សម្រួល៖ សុខ លាងហ៊ត