​រក​ឃើញ​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ KMH Champions League ​ហើយ​

  • 2019-07-08 08:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ពាន​រង្វាន់ KMH Champions League ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ គឺ​ក្រុម ISI Group ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ Pisnoka FC ​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៦-៥។

ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន​នៅ​ទីលាន KMH Park ។ ក្រុម ISI ​និង Pisnoka FC ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ​និង​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ប៉ុន្តែ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ បើ​ទោះ​ជា​ពេល​ប្រកួត​នេះ ISI ​មាន​កីឡាករ​បាន​កាត​ក្រហម​ក៏​ដោយ។ ការ​ប្រកួត​នេះ តម្រូវ​ឱ្យ​ឈាន​ដល់​វគ្គ​កាត់​ក្ដី​១១​ម៉ែត្រ​យក​ឈ្នះ​ចាញ់​តែ​ម្ដង។ ជា​លទ្ធផល​ក្រុម ISI ​ធ្វើ​បាន​ល្អ​ជាង​នៅ​វគ្គ​នេះ ​ដោយ​អាច​យក​ឈ្នះ Pisnoka FC ​បាន​ក្នុង​លទ្ធផល ​៦-៥។

ក្រុម​លេខ​១ ISI Group ​ទទួល​បាន​ប្រាក់​រង្វាន់ ១៤ ០០០​ដុល្លារ ​ក្រុម​លេខ​២ Pisnoka FC ​ទទួល​បាន​៦ ០០០​ដុល្លារ ​ក្រុម​លេខ​៣ TN Kandal FC ​ទទួល​បាន​៣​ពាន់​ដុល្លារ និង​ក្រុម​លេខ​៤ ​Downtown ​ទទួល​បាន ១៥០០​ដុល្លារ។ ​ក្រុម​លេង Fair Play ​ជាង​គេ​ បាន​ទៅ​លើ TN Kandal ​បាន​៧០០​ដុល្លារ ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ រស់ ស៊ីចម្រើន ​បាន​៤០០​ដុល្លារ ​និង​កីឡាករ នួន វាសនា ​អ្នក​ចាំ​ទី​ល្អ​ជាង​គេ ​បាន​៤០០​ដុល្លារ​ដែរ។

​KMH Champions League ​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ធំ​ជាង​គេ​នៅ​កម្ពុជា ​ទាំង​ប្រាក់​រង្វាន់ ​និង​ការ​រៀប​ចំ​សុទ្ធ​តែ​ដើរ​តាម​ស្ដង់ដារ​អន្តរជាតិ​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ