សិស្សពូកែរូបវិទ្យាលេខ ៥ ទូទាំងប្រទេស ប្ដេជ្ញាចិត្តយកនិទ្ទេស A និង វិធីសាស្រ្តត្រៀមប្រឡងបាក់ឌុប ២០១៩
- 2019-07-10 03:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សពូកែរូបវិទ្យាលេខ ៥ ទូទាំងប្រទេស ប្ដេជ្ញាចិត្តយកនិទ្ទេស A និង វិធីសាស្រ្តត្រៀមប្រឡងបាក់ឌុប ២០១៩
ចន្លោះមិនឃើញ
នៅសល់តែ ៣៨ ថ្ងៃទៀតប៉ុណ្ណោះ ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ស្របពេលដែលសិស្សានុសិស្សថ្នាក់ទី ១២ ក៏កំពុងខិតខំប្រឹងរៀនយ៉ាងមមាញឹក ដើម្បីត្រៀមខ្លួនចូលប្រយុទ្ធក្នុងសមរភូមិចុងប៊ិច។
មិនខុសពីសិស្សថ្នាក់ទី ១២ ផ្សេងទៀត សិស្សពូកែរូបវិទ្យាលំដាប់លេខ ៥ ទូទាំងប្រទេសប្រចាំឆ្នាំ ២០១៩ លី សុវណ្ណឡេង កំពុងដុតដៃដុតជើង រំលឹកមេរៀនសម្រាប់ការប្រលងនៅថ្ងៃខាងមុខនេះ។
សុវណ្ណឡេងបានប្រាប់ឲ្យដឹងថា ខ្លួនមិនព្រួយបារម្ភចំពោះមុខវិជ្ជារូបឡើយ ព្រោះមានភាពស្ទាត់ជំនាញចំពោះមុខវិជ្ជានេះស្រាប់។ ចំណែកមុខវិជ្ជាផ្សេងៗទៀត កញ្ញារៀនគួរបន្ថែមផង និងរៀនខ្លួនឯងផង។
កញ្ញាលើកឡើងថា៖ «សម្រាប់ការរៀនគួរ គឺពួកខ្ញុំរៀនធ្វើវិញ្ញាសាចាស់ៗ ដោយសារតែមេរៀនផ្សេងៗគឺពួកខ្ញុំរៀនចប់អស់ហើយ ហើយការធ្វើវិញ្ញាសាចាស់ហ្នឹង គឺចង់សាកល្បងសមត្ថភាពរបស់យើង ថាតើយើងអាចធ្វើវាបានអស់អត់។ យើងខ្វះកន្លែងណា ត្រូវបំពេញបន្ថែមកន្លែងហ្នឹង និងស្វ័យសិក្សាខ្លួនឯង»។
ដោយសារតែ សុវណ្ណឡេង រៀនគួរផង រៀនរដ្ឋផង ដូច្នេះកញ្ញាមានពេលស្វ័យសិក្សាតែពេលយប់ និងពេលព្រឹកប៉ុណ្ណោះ។ ពេលយប់កញ្ញាធ្វើលំហាត់ និងពេលព្រឹកទន្ទេញមេរៀន។ ចំណែកថ្ងៃ សៅរ៍-អាទិត្យ គឺចំណាយពេលរៀនជាមួយមិត្តភ័ក្ដិ។
នៅពេលសួរដេញដល់ពីវិធីសាស្ត្រក្នុងការរៀនគួរ សិស្សពូកែទូទាំងប្រទេសម្នាក់នេះបានប្រាប់ថា ខ្លួនមិនចូលចិត្តចំលងតាមអ្វីដែលគ្រូកែលើក្តារខៀនឡើយ ពោលគឺយកវិញ្ញាសា ដែលគ្រូចែកឲ្យ មកអង្គុយធ្វើខ្លួនឯង។ បន្ទាប់មក កញ្ញាផ្ទៀងចម្លើយជាមួយគ្រូ ដោយចង់ដឹងថាតើ របៀបធ្វើលំហាត់របស់ខ្លួនធ្វើបានគ្រប់ជ្រុងជ្រោយហើយឬនៅ ធ្វើអស់ឬក៏អត់ លឿនឬមួយក៏យឺត។
សម្រាប់មុខវិជ្ជាចាប់ឆ្នោតវិញ យុវតីរូបនេះ បានត្រៀមខ្លួនរួចជាស្រេចមុនពេលចាប់ឆ្នោតទៅទៀត ពីព្រោះកញ្ញា និងមិត្តរួមថ្នាក់ដទៃទៀតជឿជាក់ថា មុខវិជ្ជាប្រវត្តិនឹងត្រូវចាប់ឆ្នោតបានម្ដងទៀតនៅក្នុងឆ្នាំនេះ ដូចឆ្នាំមុនៗដែរ។
កញ្ញាលើកឡើងថា ៖ «ខ្ញុំបានត្រៀមប្រវត្តិវិទ្យាតាំងពីដើមឆ្នាំមកម្ល៉េះ។ អ៉ីចឹង នៅពេលចាប់ឆ្នោតបានប្រវត្តិវិទ្យា ខ្ញុំដូចអត់មានបញ្ហាអីធំដុំទេ ព្រោះបានផ្តោតលើវាតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ដោយសារតែពួកខ្ញុំទស្សន៍ទាយផ្អែកលើហេតុផលថា ប្រទេសមួយមិនអាចចោលប្រវត្តិសាស្ត្រខ្លួនឯងបានឡើយ»។
ងាកទៅចំណេះដឹងភាសាអង់គ្លេសវិញ យុវតីវ័យ ១៨ ឆ្នាំរូបនេះ មិនបានបោះបង់ចោលភាសាអង់គ្លេសឡើយ ទោះបីជាមិត្តភ័ក្ដិជាច្រើនរបស់កញ្ញា បានឈប់រៀនភាសាអង់គ្លេស ហើយងាករៀនគួរមុខវិជ្ជាវិទ្យាសាស្ត្របន្ថែមក៏ដោយ។ កញ្ញាគិតថា វាជាមុខវិជ្ជាបន្ថែមពិន្ទុនៅពេលប្រលង ហើយវាក៏មានប្រយោជន៍នៅពេលទៅរៀននៅសាកលវិទ្យាល័យដែរ។
ចំពោះការត្រៀមខ្លួនប្រលង កញ្ញាមិនអាចនិយាយបានថា ត្រៀមខ្លួនរួចរាល់នោះទេ ប៉ុន្តែកញ្ញាត្រៀមខ្លួនជានិច្ចសម្រាប់ការប្រលង ហើយប៉ងយកនិទ្ទេស A ឲ្យបាន និងមានគម្រោងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ វិស្វកម្មមេកានិច៕