ជនជាតិ​ចិន​សង្កេត​ឃើញ​ឡូហ្គោ​​ Huawei លើ​ថ្ងាស​ "Mulan”

  • 2019-07-10 06:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត​​ "Mulan” ប្រភេទ​គំនូរជីវចល​បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ១៩៩៨ ដែល​ពេល​នោះ​មិន​មាន​អ្នក​គាំទ្រ​ជនជាតិ​ចិន​ច្រើន​ប៉ុន្មាន​នោះ​ទេ។ ក៏​ដោយ​សារ​ភាព​យន្ត​នេះ​​បង្ហាញ​អំពី​វប្បធម៌​ចិន​មិន​បាន​ត្រឹមត្រូវ ហើយ​មុខមាត់​របស់​ Mulan មិន​ទាន់​សក្ដិសម​ជា​​ជនជាតិ​ចិន​ពេញ​លេញ​នោះ​ទេ។

ជា​មួយ​ការ​បញ្ចេញ​វីដេអូ​ខ្លី​ដំបូង​នៃ​ភាពយន្ត "Mulan” ប្រភេទ live-action បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ចិន​ជា​​ច្រើន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​ខ្លាំង សម្រាប់​តួ​អង្គ Mulan ដែល​សម្ដែង​ដោយ​តារា​ស្រី​​ល្បី​របស់​ចិន Liu Yifei។ ក្រោយ​ពី Trailer បាន​បង្ហាញ​ ភាពយន្ត​ថ្មី​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ពេញ​និយម​លើ​វ​បណ្ដាញ​សង្គម​ចិន​ Weibo និង Zhihu ដែល​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ជជែក​អំពី​អារម្មណ៍​ចំពោះ Trailer។

​​​ចំណុច​មួយ​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​គឺ​ត្រង់​ការ​ផាត់​មុខ​របស់​ Mulan នៅ​ពេល​មេ​អណ្ដើក​ប្រាប់​នាង​អំពី​​បុគ្គលិក​លក្ខណៈ​របស់​ភរិយា​ល្អ​មួយ​រូប។ ការ​ផាត់​មុខ​គឺ​មាន​​​គូស​សញ្ញា​នៅ​លើ​ថ្ងាស​របស់​ស្ត្រី​ ដែល​គេ​ជឿជាក់​ថា​ជា​ការ​ពេញ​និយម​មួយ​អំឡុង​ការ​បែងចែក​ជា​នគរ​ខាង​ជើង និង​ខាង​ត្បូង (នៃ​គ្រិស្តសករាជ​ ៣៨៦ ដល់ ៥៨៩) ពេល​រឿង​និទាន​ Mulan បង្ហាញ​មុខ​ក្នុង​កំណាព្យ​មួយ​នៅ​ចិន។

​ជា​ជាង​ការ​នឹក​ដល់​ប្រវត្តិសាស្ត្រ​ចិន​នោះ មហាជន​មួយ​ចំនួន​​មាន​ការ​គិត​ផ្សេង​ពេល​ឃើញ​ការ​តុបតែង​មុខ​របស់ Mulan។ មួយ​ចំនួន​បាន​យល់​ឃើញ​ថា​សញ្ញា​ផ្កា​ពណ៌​ក្រហម​លើ​ថ្ងាស​របស់​ Mulan គឺ​ស្រដៀង​គ្នា​ខ្លាំង​នឹង​ឡូហ្គោ​របស់​ក្រុមហ៊ុន​យក្ស Huawei។ ចំណុច​នេះ​នាំ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​កំប្លែង​មួយ​ចំនួន និង​ខ្លះ​បាន​និយាយ​ថា Liu Yifei មិន​ភ្លេចរឿងគាំទ្រ Huawei នោះ​ទេ ទោះបីសម្ដែងជា Mulan ក្ដី។

រឹត​តែ​ចៃដន្យ​នោះ​គឺ​ឃ្លា​ដែល​ Mulan និយាយ​ក្នុង Trailer បាន​ធ្វើ​ឲ្យ​រឿង​នេះ​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៖ "I will bring honor to us all”។ អ្នក​គាំទ្រ​គិត​​ដល់​ម៉ាក​សញ្ញា​ Honor ដែល​ម៉ាក​ស្មាតហ្វូន​មួយ​បង្កើត​ឡើង Huawei។

ភាពយន្ត​ "Mulan” នឹង​​ចាប់​​ផ្ដើម​ចាក់​បញ្ចាំង​នា​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២០៕​​

ចុចអាន៖

ប្រភព៖ abacusnews   ប្រែ​សម្រួល៖ សុខហេង