មាន​អ្នកប្រកាស​គម្រោង​​ប្រគំ​តន្ត្រី​ "សង្ឃឹម​ថ្ងៃមួយ" ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ហើយ!

  • 2019-07-11 02:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ នភាល័យ​ ធ្វើ​ពិធី​សំពះ​គ្រូ​របាំ គ្រូ​ល្ខោន និង​ពិធី​ក្រុងពាលី សម្រាប់​​ការ​ចាប់​ផ្ដើម​នៃ​ការ​រៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ និង​ចម្រៀង​​ "សង្ឃឹម​ថ្ងៃ​មួយ" ក្នុង​ន័យ​លើក​កម្ពស់​និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ។

កម្មវិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី 09​ ខែ​កក្កដា​ ឆ្នាំ2019 ក្នុង​បុរី​ជីប​ ម៉ុង​លែន​​ ជាមួយ​នឹង​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្ដម ព្រឿង ឈៀង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​និង​សិល្បករ​ខ្មែរ​ទាំង​ជំនាន់​មុន និង​ជំនាន់​ក្រោយ​​ជា​ច្រើន​រូប​ទៀត។

កម្ម​វិធី​ក្រុង​ពាលី​​សម្រាប់​កម្ម​វិធី​សម្ដែង​សិល្បៈ និង​ចម្រៀង "សង្ឃឹម​ថ្ងៃ​មួយ" នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ ពីរ​លើក ដោយ​លើក​ទី​មួយ គឺ​ការ​ប្រារព្ធ​​ពិធី​ក្រុង​ពាលី​នៅ​ថ្ងៃនេះ​​ក្នុង​បុរី​ជីប ម៉ុងលែន គេហដ្ឋាន​របស់​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន​ នភាល័យ​ផ្ទាល់ និង​លើក​ទីពីរ​នៅ​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ២០១៩នៅ​សាល​មហោស្រព​​ចតុមុខ​​។ លោក​ សែជូ ​សេរី​វឌ្ឍនា​ ដែល​ជា​ប្រធាន​​ក្រុម​ហ៊ុន នភាល័យ​​បាន​ឲ្យ​ដឹង​ថា​៖ ទាំង​ការ​ប្រារព្ធ​កម្មវិធី​ក្រុង​ពាលី​ធំ​ៗ​ទាំង​ពីរ​លើក​ និង​កម្ម​វិធី​សម្ដែង​សិល្បៈ និង​ចម្រៀង​ "សង្ឃឹម​ថ្ងៃ​មួយ" គឺជា​ការ​ចូល​រួម​ចំណែក​ក្នុង​សង្គម​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ខ្មែរ​​ឲ្យ​​​មាន​ជីវិត​រស់​រវើក​ ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ដល់​​សិល្បករ សិល្ប​ការិនី ដែល​ជា​មរតក​មនុស្ស​រស់​ ក៏​ដូចជា​សិល្បករ​វ័យ​ក្មេង​​ឲ្យ​បាន​ចូល​រួម​កាន់​តែ​សកម្ម​ថែម​ទៀត​។​

លោក​បាន​ឲ្យ​ដឹង​ថា​៖ "ដោយ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ ​ជាពិសេស​​ក្រសួង​​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​បាន​អនុញ្ញាត ​និង​លើក​ទឹក​ចិត្ត​ចំពោះ​ការ​រៀប​ចំ​កម្មវិធី​ទាំង​នេះ​ឡើង ពួក​យើង​ជឿជាក់​ថា​ កម្ម​វិធី​សម្ដែង​សិល្បៈ​និង​ចម្រៀង​​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ ខែ​សីហា​ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ នឹង​ជួយ​ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់​វង្ស និង​រក្សា​មរតក​ទាំង​នោះ​ទៅ​អ្នក​ជំនាន់​ក្រោយ ជាពិសេស​អាច​​ផ្សព្វ​ផ្សាយ​ អប់​រំ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ដល់​សាធារណជន"។

កម្ម​វិធី​សម្ដែង​សិល្បៈ​និង​ចម្រៀង​​ជា​សាធារណៈ "សង្ឃឹម​ថ្ងៃ​មួយ" នា​ពេល​ខាង​មុខ​នេះ នឹង​មាន​ការ​ចូល​រួម​យ៉ាង​ផុលផុស​ពី​សំណាក់​សិល្បករ សិល្ប​ការិនី​ទាំង​ជំនាន់​មុន និង​ជំនាន់​ក្រោយ​ដោយធ្វើ​ការ​សម្ដែង​សិល្បៈ​ជា​ច្រើន​មុខ​ដូច​ជា​ចម្រៀង​មរតក​ជំនាន់​ដើម​ ​របាំ​ប្រពៃណី​ជាតិ​ ល្ខោន​ខោល​ និង​អាយ៉ៃ​ជា​ដើម។

គួរ​បញ្ជាក់​ដែរ​ថា​ ក្រុម​ហ៊ុន​ នភាល័យ ​គឺជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​បី​ ​ រួម​មាន​​ក្រុម​ហ៊ុន​ ឡាក់វ៉ា​ ឌីហ្សាញ​ ព្រីនធីង​ អេន​ អេតវើ​ថាយស៊ីង និង​ក្រុម​ហ៊ុន​ ពលវ:​ អ៊ីមផត​ អ៊ិចផត​ ខូអិលធីឌី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​យុវជន​ខ្មែរ​បី​រូប រួម​មាន​ លោក សែជូ សេរីវឌ្ឍនា លោក​ជីវ៉ា និង​លោក​ហេង​ ច័ន្ទណារ៉េត​​ ដើម្បី​​ធ្វើ​ការ​សិក្សា​និង​បង្ហាញ​ពី​រថយន្ត​គ្រប់​ប្រភេទ​​តាម​រយៈ​វីដេអូ​​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក៕​  

អត្ថបទ៖ ទារិកា

អត្ថបទថ្មី