ដំណឹងល្អ! ឃីម​ ឌីម៉ា​ ព្យាបាល​របួស​ជង្គង់​មិន​អស់​សូម្បី​១រៀល​ខ្មែរ​នោះទេ

  • 2019-07-11 06:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ តែម​ ម៉ឺន​ បញ្ជាក់​មុន​នេះ​ហើយ​ថា​ ការ​ព្យាបាល​របួស​របស់​កីឡាករ​ ឃីម​ ឌីម៉ា​ គឺ​មិន​តម្រូវ​ឲ្យ​សាមីខ្លួន​ ឬ​ក្រុម​គ្រួសារ​ចំណាយ​លុយ​សូម្បី​១រៀល​ ព្រោះ​រាជរដ្ឋាភិបាល​ចំណាយ​ទាំង​អស់។​

កីឡាករ ឃីម ឌីម៉ា

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​រឿង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ ឃីម​ ឌីម៉ា​ រូប​លោក​ផ្ទាល់​ក៏​ដូច​ជា​សហព័ន្ធ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​ ជាក់​ស្ដែង​ម្សិលមិញ​នេះ​ជូន​ទៅ​មន្ទីរពេទ្យ​ថែម​ទៀត​ផង។​ បើ​តាម​ការ​ជួប​ពិភាក្សា​ផ្ទាល់​ ជា​មួយ​ខាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត​ បញ្ជាក់​ហើយ​ថា​ការ​ព្យាបាល​របស់​ ឌីម៉ា​ កុំ​បារម្ភ​មិន​មាន​អស់​ថវិកា​អ្វី​នោះ​ទេ​ បន្ថែម​ពី​លើ​នេះ​ទៀត​នោះ​ ឯកឧត្ដម​មើល​ឃើញ​ថា​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​មែនទែន​ពី​សំណាក់​គ្រូ​ពេទ្យ​នៅ​ទីនោះ។​

កីឡាករ ឃីម ឌីម៉ា

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ រង់ចាំ​ការ​សម្រេច​ចិត្ត​លើ​សាមីខ្លួន​ផ្ទាល់​រយៈពេល​១-២​ថ្ងៃ​សិន​ ថា​ព្យាបាល​ឬ​យ៉ាង​ណា។​ ចំពោះ​ខ្លួន​ឯកឧត្ដម​ផ្ទាល់​នឹង​ជួយ​ជា​ថវិកា​ផ្ទាល់​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ រួម​និង​មហាជន​មួយ​ចំនួន​ដល់​កីឡាករ​ ឃីម​ ឌីម៉ា​ នៅ​ពេល​សម្រេច​ចិត្ត​ព្យាបាល​របួស​នេះ។​

ថ្នាក់​ដឹកនាំ​ប្រដាល់​រូប​នេះ​លើក​ឡើង​ជា​ចុង​ក្រោយ​ទៀត​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ រួម​និង​ក្រុម​ថ្នាល​ទាំង​អស់​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤​មិន​អស់​ថវិកា​នោះ​ឡើយ​ ទី១ ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ទី២ ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ ព្រះកុសុមៈ​ ទី២ ​មន្ទីរពេទ្យ​មិត្ត​ខ្មែរ-សូវៀត​ និង​ទី៤ ​មន្ទីរពេទ្យ​ព្រះអង្គឌួង។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បូកសរុប​ការងារ​ប្រចាំ​ត្រីមាស​ នា​ព្រឹក​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំពោះ​ ឃីម​ ឌីម៉ា​ ដែល​មាន​របួស​ជង្គង់​នា​ពេល​ប៉ុន្មាន​ខែ​នេះ​បន្ទាប់​ពី​រូប​គេ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ថៃ​ កែវកាងវ៉ាង​ នៅ​សង្វៀន​អាស៊ីអាគ្នេ៍៕​

អត្ថបទ៖ នួន ស៊ីណា​