ឆាប់ៗនេះ ! ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនីថ្មីមួយទៀត តម្លៃជាង ២៣០ លានដុល្លារអាមេរិក
- 2019-07-12 02:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗនេះ ! ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនីថ្មីមួយទៀត តម្លៃជាង ២៣០ លានដុល្លារអាមេរិក
ចន្លោះមិនឃើញ
គម្រោងវារីអគ្គិសនីថ្មីមួយទៀតស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានថាមពល៨០មេហ្គាវ៉ាត់ នឹងត្រូវបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុននេះ។ ក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co., Ltd បានទទួលគម្រោងនេះវិនិយោគខាងលើក្នុងតម្លៃជាង ២៣០លានដុល្លារអាមេរិក ខណៈការអនុវត្តយល់ព្រមពីព្រឹទ្ធសភាត្រូវបានអនុម័តទាំងស្រុងដើម្បីបើកឱកាសឲ្យក្រុមហ៊ុនធ្វើការវិនិយោគនូវវិស័យអគ្គិសនីនៅកម្ពុជាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងគោលបំណងឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនីគ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាពនិងមានតម្លៃសមរម្យ សមាជិកព្រឹទ្ធសភា ដែលដឹកនាំប្រជុំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងដោយ សម្លេង ៤៨លើ៤៨ សម្លេងឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ធ្វើការវិនិយោគនូវវិស័យអគ្គិសនីនៅកម្ពុជាបន្ថែម។ នេះបើតាមប្រសាសន៍ឯកឧត្ដម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
ឯកឧត្ដមបានបន្ថែមថា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្ដាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបាន គ្រប់គ្រាន់ មាននិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាព ៨០មេហ្កាវ៉ាត់ គឺជាគម្រោងអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានបញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនី ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។ឯកឧត្ដមឱ្យដឹងទៀតថា ប្រភពអគ្គិសនី ដែលក្រុមហ៊ុនខាងលើនេះធ្វើការវិនិយោគនោះ គឺចេញពីធនធានធម្មជាតិក្នុងស្រុក កាត់បន្ថយការប្រើប្រាស់ប្រេង និងមានថ្លៃលក់ថេរ ក្នុងរយៈពេល ៣៥ឆ្នាំ គឺតម្លៃ ៧,៩ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង ដែលជួយធានានូវសន្តិសុខថាមពល ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានឆាប់រហ័ស។ មួយវិញទៀតវា នឹងបង្កើតប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយការផ្ដល់ ការងារយ៉ាងច្រើននៅពេលសាងសង់ និងប្រតិបត្តិការ។ ប្រជាជនមួយចំនួន ក៏អាចបង្កើតប្រាក់ចំណូល ពីមុខរបរជំនួញផ្ទាល់របស់ពួកគេ ដែលទាក់ទងនឹងសកម្មភាពគម្រោង។
ដោយសារភូមិសាស្ត្រធម្មជាតិអំណោយផលបានធ្វើឱ្យគម្រោងនេះមានលក្ខណៈពិសេស ដែលអាចរក្សាទឹកទុក សម្រាប់ការផលិតថាមពលនៅរដូវប្រាំងរហូតដល់ ៧០% ខុសពីគម្រោងដទៃទៀត ដែលតាមធម្មតាការផលិតថាមពលនៅរដូវប្រាំងបានត្រឹម ៣០% ឬករណីខ្លះធ្លាក់ចុះទាបជាងនេះ ជាក់ស្តែងដូចនៅរដូវប្រាំងឆ្នាំ២០១៩នេះ ជាឧទាហរណ៍។ លក្ខណៈពិសេសនេះហើយ ដែលគម្រោងនេះត្រូវបានស្វាគមន៍។ នេះបើតាមប្រសាសន៍ឯកឧត្ដម ម៉ម ប៊ុននាង។ គម្រោងខាងលើត្រូវបានរដ្ឋសភាជាតិកម្ពុជាប្រកាសអនុម័តយល់ព្រម សាងសង់នេះកាលពីថ្ងៃទី ០១កក្កដា ឆ្នាំ២០១៩ កន្លងមក ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា រួមជាមួយសមាជិក សមាជិកា។ យ៉ាងណាមិញគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ ក៏រងផលប៉ះពាល់ប្រជាពលរដ្ឋ ៣៤៧គ្រួសារ ប៉ះពាល់លំនៅឋានចំនួន ៩២ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ ៧៨គ្រួសារ ស្ថិតនៅក្នុងតំបន់អាងទឹកប៉ះពាល់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន ២៦៩គ្រួសារ ហើយប៉ះពាល់ផ្ទៃដីសរុបចំនួន ៩,៣៥៥ហិកតា និងប៉ះពាល់ផ្ទៃដីព្រៃឈើសរុបចំនួន ៦០០,៧២៤ហិកតា ប៉ុន្តែក្រុមហ៊ុនគ្រោងចំណាយថវិកាសម្រាប់ដោះស្រាយគោលនយោបាយសំណងសរុបចំនួន ៦,៨៣ លានដុល្លារជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីនេះដែរ៕