បាក់ឌុបឆ្នាំនេះក្រសួងអប់រំ សន្យាមិនឱ្យមានកំហុសបច្ចេកទេសកុំព្យូទ័រដូចឆ្នាំមុនទេ
- 2019-07-13 01:12:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ឌុបឆ្នាំនេះក្រសួងអប់រំ សន្យាមិនឱ្យមានកំហុសបច្ចេកទេសកុំព្យូទ័រដូចឆ្នាំមុនទេ
ចន្លោះមិនឃើញ
ខណៈការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) កាន់តែខិតជិតមកដល់ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រុមការងារបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំការប្រលងថ្នាក់ជាតិមួយនេះឱ្យមានលក្ខណៈសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌បំផុត ពិសេសគឺបញ្ចៀសឱ្យខានតែបាននូវបញ្ហាកំហុសបច្ចេកទេសដូចឆ្នាំមុន។ កាលពីឆ្នាំមុនបញ្ហាបច្ចេក ទេសកុំព្យូទ័របានធ្វើឱ្យលទ្ធផលប្រលងសញ្ញាប័ត្របាក់ឌុបប៉ះពាល់ដល់បេក្ខជន ១៨៥០០នាក់ ក្នុងចំណោមបេក្ខជនសរុបជាង ១០ម៉ឺននាក់ ដោយក្នុងនោះអ្នកធ្លាក់ពីមុន បានជាប់ឡើងវិញជិត១ពាន់នាក់។
លោក លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បទពិសោធន៍កាលពីឆ្នាំមុនជាមេរៀនមួយធ្វើឱ្យក្រុមការងារត្រៀមខ្លួនរួចជាស្រេច នូវលក្ខណៈបច្ចេកទេសកុំព្យូទ័រ ដោយធានាថានឹងមិនឱ្យមានបញ្ហាដូចឆ្នាំមុនឡើយ។គណៈកម្មាធិការរៀបចំការប្រលងបានពិនិត្យមើលគ្រប់ទម្រង់ទាំងអស់នៃឧបករណ៍ សម្ភារ ក៏ដូចជានីតិវិធី ដើម្បីធានាគោរពទៅតាមគោលការណ៍ទាំងបួន មានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។ ដូច្នេះដើម្បីរក្សានូវគោលការណ៍ខាងលើ ក្រុមការងារនឹងពិនិត្យមើលលើតួនាទីរបស់ គណៈកម្មាធិការនានានូវគ្រប់ដំណើរការនៃការប្រលងទាំងអស់ទាំងដំណើរការសំណេរ ដំណើរការកំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល។ លោកថា គណៈកម្មាធិការទាំងអស់បានពិនិត្យមើលតួនាទី ភារកិច្ច កាតព្វកិច្ច សិទ្ធីរបស់ខ្លួនរៀងៗខ្លួនឡើងវិញថា តើម្នាក់ៗមានតួនាទីអ្វីខ្លះ ដែលទាំងនេះគឺជាយន្តការក្រសួងបានធ្វើនាពេលកន្លងមក ពោលគឺមិនមែនទើបតែធ្វើឡើយ។
“អញ្ចឹងគណៈកម្មាធិការបានប្រជុំច្រើនដងហើយ ដើម្បីធានានូវយន្តការទាំងអស់ហ្នឹងឱ្យវាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយទាក់ទងនឹងលក្ខណៈបច្ចេកទេសយើងបានពិនិត្យមើលលើប្រព័ន្ធកុំព្យូទ័រ soft ware រួមទាំងកុំព្យូទ័រ ខ្លួនឯងផ្ទាល់ថា តើកុំព្យូទ័ររៀងចាស់ត្រូវប្តូរថ្មី ទាំង server ថា តើត្រូវ Back up file យ៉ាងម៉េចអីយ៉ាងម៉េចគឺថា យើងបានត្រួតពិនិត្យមើលឡើងវិញជាមួយនឹងអ្នកបច្ចេកទេស។ អញ្ចឹងខ្ញុំជឿថា យន្តការទាំងអស់នេះមិនមែនជារឿងថ្មីឡើយ គ្រាន់តែយើងបញ្ជាក់ឱ្យកាន់តែច្បាស់ ដើម្បីធានាថា គ្រប់ដំណើរការទាំងអស់ទាំងដំណើរការអនុវត្តដោយមនុស្ស និងប្រព័ន្ធកុំព្យូទ័រហ្នឹងដំណើរការបានល្អប្រសើរកុំឱ្យមានបញ្ហាបច្ចេកទេសដូចឆ្នាំទៅ”។
លោកបានបន្ថែមថា យន្តការខាងលើនេះនឹងមិនប៉ះពាល់ដល់ដំណើរការប្រកាសលទ្ធផលប្រលងនោះទេ ពោលគឺនៅរក្សាតាមនីតិវិធីមានជាធរមាន។ដូច្នេះមិនមានហេតុផល ដែលត្រូវពន្យារពេល ឬពន្លឿនពេលទេ គឺត្រូវធ្វើទៅតាមកាលបរិច្ឆេទ។ កាលបរិច្ឆេទប្រលងបាក់ឌុបឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ខណៈបេក្ខជនប្រលងឆ្នាំនេះមានជិត១២ម៉ឺននាក់ ប៉ុន្តែតួលេខខាងលើនៅមិនទាន់ផ្លូវការទេដោយក្រសួងអប់រំនឹងប្រកាសលទ្ធផលនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
នៅក្នុងការប្រលងសញ្ញាប័ត្របាក់ឌុបកាលពីឆ្នាំមុនបានធ្វើឱ្យបេក្ខជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះលទ្ធផលប្រលង ដោយសារបញ្ហាកំហុសបច្ចេកទេស រហូតទាមទារឱ្យក្រសួងអប់រំយុវជន និងកីឡាធ្វើកោសលវិច័យប្រលងឡើងវិញ។ ក្រោយធ្វើកោសលវិច័យ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញ និងមានចំនួនអ្នកជាប់កើនឡើងច្រើនជាងមុនជិត ១ពាន់នាក់ឯណោះ។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់ ៤០៨នាក់ ខណៈដែលមានអ្នកប្រលងជាប់បានកើនរហូតដល់ ៧៦០៣៤នាក់តែម្ដង(កាលពីមុន អ្នកជាប់ត្រឹម៧៥០៥៩នាក់)។
គណៈកម្មការបានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេស ដែលប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានបេក្ខជនជាប់សរុប ៧៦០៣៤នាក់ជាប់ ត្រូវនឹង ៦៧,០៧ភាគរយ ។
បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់។ ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។ ចំណែកលទ្ធផលចាស់ ដែលបានប្រកាស អ្នកប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលង២០ ខែសីហា ឆ្នាំ២០១៨ នៅទូទាំងប្រទេស មានចំនួន ៧៥០៥៩នាក់ ត្រូវជា ៦៦,២១% ច្រើនជាងឆ្នាំ ២០១៧ ដែលមានតែ ៦៣,៨៤%៕