ស្វែងយល់​កីឡា​ឃោរឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ ​យក​ជីវិត​កញ្ជ្រោង​មក​ភ្នាល់

  • 2019-07-14 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​កាប់​ដាវ​ភ្នាល់​ដាក់​ជីវិត​មនុស្ស​ដែល​ពួក​ទាសករ និង អ្នកទោស​ត្រូវ​តម្រូវ​ឲ្យ​កាប់​សម្លាប់​គ្នា​យក​ឈ្នះ​ចាញ់​នៅ​កីឡដ្ឋាន​កូឡូស្យូម​របស់​ចក្រភព​រ៉ូម​បុរាណ ឬ អ្នក​ទោស​​​ត្រូវ​បើក​ឆាក​ប្រយុទ្ធ​គ្នា​ជាមួយ​សត្វ​តោ ហើយ​បើ​ប្រយុទ្ធ​ឈ្នះ អ្នកទោស​នោះ​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

កីឡា​ប្រភេទ​នោះ​មាន​លក្ខណៈ​ឃោរឃៅ​បំផុត ប៉ុន្តែ​វា​ពេញ​និយម​បំផុត​ក្នុង​ចំណោម​ប្រជាជន​រ៉ូម​បុរាណ។ ក្រៅពី​ការ​ភ្នាល់​ដាក់​ជីវិត​មនុស្ស នៅ​មាន​កីឡា​មួយ​ប្រភេទ​ទៀត​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ឃោរឃៅ​បំផុត ដោយ​ការ​យក​ជីវិត​​សត្វ​កញ្ជ្រោង​មក​ភ្នាល់។

​​​​​​កីឡា​នោះ​ឈ្មោះ​ថា បោះ​កញ្ជ្រោង​ផ្លោង​លើ​អាកាស។ វា​ជា​កីឡា​ពេញនិយម​បំផុត​ក្នុង​ចំណោម​ពួក​អភិជន​នៅ​ទ្វីប​អឺរ៉ុប​អំឡុង​សតវត្ស​ទី ១៧ និង ១៨។

សត្វ​កញ្ជ្រោង​នឹង​ត្រូវ​បាន​គេ​លែង​ចូល​ទៅ​ក្នុង​សង្វៀន។ អ្នក​ប្រកួត​១​ក្រុម​មាន​គ្នា​២​នាក់ យក​ខ្សែ​​ទាក់​គៀប​កញ្ជ្រោង​ទាំង​នោះ​ហើយ​បោះ​វា​ឡើង​លើ​អាកាស។ អ្នក​ដែល​បោះ​បាន​ខ្ពស់​បំផុត​គឺ​ជា​អ្នក​ឈ្នះ។

កញ្ជ្រោង​ណា​ដែល​មិន​ទាន់​ងាប់ នឹង​ត្រូវ​គេ​វាយដំ​រហូត​ដល់​ងាប់​ក្រោយ​ចប់​ការ​ប្រកួត​នីមួយៗ។ កម្ពស់​ដែល​គេ​ធ្លាប់​បោះ​កញ្ជ្រោង​ទៅ​​លើ​អាកាស​បាន​ខ្ពស់​​ជាង​គេ​បំផុត​គឺ ៧,៥ ម៉ែត្រ។

ស្តេច​អូគូទូស​ទី​២ (១៦៧០ – ១៧៣៣)​ បាន​ចូលរួម​ការ​ប្រកួត​​នេះ​ ដោយ​ប្រើ​កញ្ជ្រោង ៦៤៧ ក្បាល ទន្សាយ​ស្លឹក ៥៣៣ ក្បាល សត្វ​ស្ការ ៣៤​ក្បាល និង ឆ្មា​ព្រៃ ២១​ក្បាល។ សត្វ​ទាំង​នោះ​ត្រូវ​គេ​បោះ​ឡើង​លើ និង ងាប់​ម្តង​មួយៗ រហូត​ទាល់​តែ​អស់​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត។ កាលណោះ ស្តេច​អូគូទូស​ទី​២​បាន​បង្ហាញ​ពី​កម្លាំង​ដ៏​ខ្លាំង​របស់​ទ្រង់​ដោយ​ប្រើ​តែ​ម្រាម​ដៃ​ម្ខាង ហើយ​ចុង​ម្ខាង​ទៀត​នៃ​ខ្សែ ទ្រង់​មាន​បុរស​កម្លាំង​ម្នាក់​ទៀត​ចាំ​ជួយ។

នៅ​ឆ្នាំ ១៦៧២ អ្នក​កត់ត្រា​ជនជាតិ​ស៊ុយអែត​ម្នាក់​គឺ​លោក Esaias Pufendorf ដែល​បាន​ឃើញ​​កីឡា​ដ៏​ឃោរឃៅ​នេះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ទីក្រុង​វីយែន​ គាត់​បាន​សរសេរ​រៀបរាប់​ថា គាត់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បាន​ឃើញ​​ព្រះមហាក្សត្រ​រ៉ូម៉ាំង ព្រះនាម​ឡេអូផូល ចូលរួម​ជាមួយ​កុមារ​តូចៗ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ទៅ​លើ​សត្វ។

លោក​រៀបរាប់​ថា បុរស​ស្រ្តី​ជនជាតិ​រ៉ូម៉ាំង​បាន​ស្លៀក​សំលៀកបំពាក់​ប្រពៃណី ហើយ​សត្វ​ដែល​គេ​យក​មក​ប្រកួត​នោះ​ត្រូវ​បាន​តុបតែង​ដោយ​ពណ៌​ចម្រុះ។ ក្រោយ​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​ទៅ​លើ​សត្វ​ព្រៃ​ទាំង​នោះ​រួច ពួកគេ​ដើរ​ចូល​ទៅ​ក្នុង​រោង​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​យ៉ាង​អធិកអធម៕

អាន៖ តាមពិត​ចិន គឺ​ជា​អ្នក​បង្កើត​ឲ្យ​មាន​កីឡាបាល់ទាត់​ដំបូង​គេ​បង្អស់

ប្រភព៖ listverse   ប្រែ​សម្រួល៖ សុខ លាងហ៊ត