ស្ត្រី​ឥណ្ឌូណេស៊ី ត្រូវ​គេ​ធ្វើតេស្ត​ព្រហ្មចារី មុន​ក្លាយ​​ជា​ប៉ូលិស ​

  • 2014-11-18 17:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ចង់​បាន​ប៉ូលិស​ស្រី​ច្រើន​បន្ថែម កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ឥណ្ឌូណេស៊ី​​​បានយុទ្ធនាការជ្រើសរើស ហើយ​ស្ត្រី​ដែល​បាន​ដាក់​ពាក្យ​ចូល ​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ជាច្រើន រួម​ទាំង​ការធ្វើតេស្ត​ព្រហ្មចារី​ផង​ដែរ។ បច្ចុប្បន្ន​មាន​ស្ត្រី​៧០០០នាក់​កំពុង​ហ្វឹកហាត់។

 

 

 

តែ​យ៉ាងណា ចូលធ្វើ​​ប៉ូលិស​ស្រី​នៅ​ឥណ្ឌូណេស៊ី មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​ស្ត្រី​ត្រូវ​មាន​អាយុ​ចាប់​ពី ១៧​ឆ្នាំ ដល់ ២២ឆ្នាំ មិន​ទាន់​រៀបការ និង​បាន​​បញ្ចប់​ថ្នាក់​វិទ្យាល័យ។

 

ចំណែក​លក្ខខណ្ឌ​ផ្សេងទៀត ប្រធាន​ប៉ូលិស​លោកស្រី Sri Handayani បាន​ពន្យល់​ទៅ​កាន់​ទស្សនាវដ្ដី Tempo កាល​ពី​ឆ្នាំ​មុន​ថា ស្ត្រី​មិន​ត្រូវ​មាន​​បញ្ហា​ភ្នែក (ភ្នែកម្ញូប) និង​មាន​កម្ពស់​យ៉ាងហោចណាស់ ១,៦៥ម៉ែត្រ​​ជាដើម តែ​អ្វី​ដែល​លោកស្រី​មិន​បាន​បញ្ជាក់​នោះ គឺ​ការ​ធ្វើតេស្ត​ព្រហ្មចារី។

 

លក្ខខណ្ឌ "គួរ​ឱ្យ​រើសអើង​ និង​អាប់ឱន" ដែល​ត្រូវ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​នេះ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ លើ​គេហទំព័រ​​ការងារ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ីថា៖ " បន្ថែម​លើ​ការ​ធ្វើតេស្ត​សុខភាព ស្ត្រី​ទាំងអស់​ដែល​ចង់​ធ្វើ​ជា​ប៉ូលិស គួរ​តែ​ទុក​ភាព​បរិសុទ្ធ​"។

 

ធ្វើ​បទសម្ភាសន៍​ដោយ អង្គការ​សិទ្ធិមនុស្ស ស្ត្រី​​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​កាល​ពី​ឆ្នាំ​២០១៣​ម្នាក់និយាយ​ថា នាង​ភ្ញាក់​ផ្អើល​ណាស់ ពេល​គេ​ប្រាប់​ថា ការ​ធ្វើតេស្ត​សុខភាព​មាន​រួម​បញ្ចូល​ទាំង​ភាព​បរិសុទ្ធ​នោះ។ ​

 

“ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន ភ័យ តែ​មិន​អាច​បដិសេធ។ បើ​បដិសេធ ខ្ញុំ​មិន​អាច​ធ្វើ​ប៉ូលិស​បាន​ទេ”។ នាង​បញ្ជាក់​បន្ថែម។

 

ស្ត្រី​ម្នាក់​ទៀត​លើកឡើង​ថា លក្ខខណ្ឌ​នេះ​ដូច​ជា​ខុស​ឧត្ដមគតិ។ នាង​ត្រូវ​ស្រាត​ននលគក​មុខ​បេក្ខនារី​២០​នាក់ ហើយ​ការ​ធ្វើតេស្ត​ព្រហ្មចារី ធ្វើឡើង​នៅ​បន្ទប់​ផ្សេង​ដែល​គ្មាន​ទ្វារ។

 

នាង​និយាយ​ថា៖” ពេល​ចូល​បន្ទប់​ធ្វើតេស្ត ធ្វើ​ឱ្យ​ខ្ញុំ​ពិបាកចិត្ត​ណាស់។ ខ្ញុំ​ខ្លាច​ថា ពេល​ធ្វើតេស្ដ​​ហើយ ខ្ញុំ​បាត់​បង់​ភាព​ក្រមុំ​រហូត។ ពួកគេ​ប្រើ​ម្រាមដៃ​ពីរ...ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ណាស់។ ចំណែក​មិត្ត​ខ្ញុំ​ម្នាក់​នាង​ខ្សោយ ពីព្រោះ​​វា​ពិត​ជា​ឈឺ​ណាស់"។

 

 

នៅ​ទីស្នាក់ការ​ប៉ូលិស​ក្នុង​ទីក្រុង​ហ្សាកាតា ប្រធាន​មន្ត្រី​សុខភាព លោក Rusdianto ថ្លែង​ថា វា​មិន​មែន​តែ​ធ្វើតេស្ត​លើ​រឿង​នឹង​តែ​មួយ​មុខ​ទេ គឺ​គេ​ធ្វើតេស្ត​អង្គជាត និង​ទឹកនោម​ទៀត ដើម្បី​រក​មើល​ជំងឺ និង​ផល​ប៉ះពាល់​ផ្សេងៗ។

 

ពេល​សួរ​ថា ហេតុ​អ្វី​ចាំ​ចាច់​ធ្វើតេស្ត​លើ​ចំណុច​នេះ? លោក​ប្រាប់​ទាំង​ស្រពិចស្រពិល​ថា ៖ "គ្រប់​ការ​ធ្វើ​តេស្ត ដែល​គេ​ធ្វើ គឺ​ដើម្បី​ទទួល​បាន​បេក្ខជន​ល្អៗ"។

 

ប៉ូលិស​ចូល​និវត្ត​ម្នាក់​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា ថ្នាក់​របស់​នាង បាន​​ទទួល​ការ​ធ្វើតេស្ត​ភាព​បរិសុទ្ធ​ស្ត្រី​ក្នុង​ឆ្នាំ​១៩៦៥។ ចំណែក​អ្នកស្រាវជ្រាវ​ជនជាតិ​ឥណ្ឌូណេស៊ី​របស់​អង្គការ​សិទ្ធិមនុស្ស ប្រាប់​ថា៖" វា​ជា​ការ​អនុវត្ត​បែប​ចាស់​បុរាណ​លើ​ជំនឿ​ថា ស្ត្រី​បរិសុទ្ធ​មាន​សុខភាព​ល្អ និង​ខ្លាំង​ជាង​ស្ត្រី​បាត់បង់​ព្រហ្មចារី"។ យ៉ាងណា​ លោក​សុំ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​លុបចោល​ការ​អនុវត្ត​​ដ៏​​អាម៉ាស់​នេះ​ចេញ។

​​

ឧត្ដម​ស្នងការ​ប៉ូលិស​ជាតិ លោកស្រី Sri Rumiati ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា លោក​ស្រី​បាន​ព្យាយាម​ហាម​​មិន​ឱ្យ​ធ្វើ​បែប​នេះ​ច្រើន​ឆ្នាំ​ដែរ។ ហើយ​ក្នុង​ឆ្នាំ​២០១០ លោកស្រី​បាន​លើក​ពី​បញ្ហា​នេះ តែ​ត្រូវ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ធនធាន​មនុស្ស​បដិសេធ៕

 

 

 

 ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

 

យន្តហោះ​​ធ្លាក់​បុក​ជញ្ជាំង​អគារ​ ​របួសធ្ងន់ស្រាល​១០នាក់

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Globalpost