យុវវ័យ​ត្រៀម​ៗ! រឿង"កំហឹង​ខ្មោចCute" សាច់​រឿង​បាញ់​សំដៅ​យុវវ័យ ត្រៀម​ចេញ​ហើយ

  • 2019-07-16 03:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ព្យាយាម​សម្រិតសម្រាំង​ជា​ច្រើន​ខែ ទី​បំផុត​រឿង "កំហឹង​ខ្មោចcute" បាន​រួច​រាល់ និង​ត្រៀម​ដាក់​ចេញ បម្រើ​ខ្សែ​ចក្ខុ​របស់​បង​ប្អូន​ប្រិយមិត្ត ពិសេស​យុវវ័យ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់​ដឹកនាំ​ការ​ផលិត​នៃ​ខ្សែ​ភាពយន្ត​ខាង​លើ។

​លោក តាន់ វុទ្ធី ក្នុង​នាម​ជា​ជំនួយ​ការ​ដឹក​នាំ​សម្ដែង បាន​ឲ្យ​ដឹង​ថា បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ភាពយន្ត​ខាង​លើ គ្រោង​នឹង​ដាក់​បញ្ចាំង​នា​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៩ នេះ​តទៅ នៅ​គ្រប់​រោង​កុន​ទំនើប​ទាំង​អស់​ទូទាំង​ប្រទេស។ ជំនួយ​ការ​អ្នក​ដឹកនាំ​សម្ដែង​ដដែល បាន​អះអាង​ថា ទស្សនិកជន​នឹង​ទទួល​បាន​នូវ​រសជាតិ​ប្លែក ដោយ​សាច់​រឿង​បាន​បញ្ចូល​នូវ​ឈុត​ឆាក​គ្រប់​រសជាតិ ស្នេហា​បែប​ស្ទាវ កំប្លែង​បែប​កាយ​វិការ កម្សត់​ព្រាត់​ប្រាស់ រន្ធត់ ភ័យ​ខ្លាច ដែល​ធ្វើ​អោយ​ទស្សនិកជន ដែល​អង្គុយ​ទស្សនា​មិន​ចង់​ងើប​ចេញ​ពី​កន្លែង​អង្គុយ​ឡើយ។

តាម​រយៈ​បទ​ពិសោធន៍​ជា​ច្រើន​លើ​វិថី​សិល្បៈ​របស់​លោក តាន់ វុទ្ធី ដែល​មាន​ស្នាដៃ​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា​រឿង"ខ្មោច​អា​សង្ហា" រឿង"កម្លាំង និង​វាសនា" រឿង"បញ្ញើ​ក្អែក" រឿង "ពាក្យ​សម្បថ" និង​រឿង"បេះ​ដូង​អ្នក​ប្រដាល់" ជា​ដើម បាន​សង្កត់​ធ្ងន់​ថា សាច់​រឿង​គឺ​ផ្ដោត​សំខាន់​លើ​យុវវ័យ ដូច្នេះ​ហើយ ទើប​ក្រុម​ការងារ​បាន​ជ្រើស​រើស តួអង្គ​សុទ្ធ​តែ​ជា​តារា​ក្មេង​ៗ ស្អាត​ៗ​មក​សំដែង។

តារា​ជើង​ថ្មី ប៉ុន្តែ​ស្អាត​ៗ​ទាំង​នោះ​មាន ដូច​ជា គីញ វិច្ឆិកា ឌីន សិដ្ធ អុន វិសុត្យ រុន រីយ៉ា រាជ ឋានៈ សុវណ្ណ​ឆៃ យូរី វ៉ាង អង តាកុក​រុក ឌីជេ ពាង នាយ វ៉េវ ជា​ដើម​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ទស្សនិកជន"។ យ៉ាង​ណា តាម​ជំនួយ​ការ​អ្នក​ដឹកនាំ​ខាង​លើ នេះ​ក៏​ជា​ការ​ប្រថុយប្រថាន​មួយ​ដែរ ដែល​សាច់​រឿង​ប្រើ​ប្រាស់​តួអង្គ​ថ្មី​ៗ​ច្រើន ខណៈ​សមត្ថភាព​របស់​ពួក​គេ ក៏​នៅ​មាន​កម្រិត។

ប៉ុន្តែ​អ្វី​ដែល​លោក​មាន​សុទិដ្ឋិនិយម​នោះ គឺ​សាច់​រឿង ដែល​ជា​ឆ្អឹង​នៃ​រឿង​មូល គឺ​មាន​ភាព​ល្អ​គ្រប់​គ្រាន់​សម្រាប់​បង្កើត​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។ "យើង​ប្រាកដ​ជា​ត្រូវ​មាន​ការ​អត់​ធ្មត់​ខ្ពស់ ក្នុង​ការ​បង្ហាត់​បង្ហាញ ពន្យល់​អោយ​ពួក​គាត់​សំដែង​បាន​ល្អ និង​សម​ទំនង​ទៅ​តាម​សាច់​រឿង ម្យ៉ាង​​ក៏​ចង់​ផ្ដល់​ឱកាស​មួយ​សម្រាប់​ប្អូន​ៗ​ដែល​ស្រលាញ់​វិស័យ​សិល្បៈ និង​ចង់​បង្ហាញ​សមត្ថភាព​អោយ​ទស្សនិកជន​បាន​ស្គាល់​ផង​ដែរ"។ តាន់ វុទ្ធី បន្ថែម៕

សកម្មភាព​ពេល​កំពុង​ថត(រូបថត៖ ផ្ដល់​ឲ្យ)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី