MacBook Air ស៊េរី​ថ្មី មាន SSD ល្បឿន​យឺត​ជាង​ស៊េរី​ចាស់

  • 2019-07-16 06:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​MacBook Air ទទួល​បាន​ការ​អាប់ដេត​ថ្មី​កាល​ពី​សប្ដាហ៍​មុន​ជា​ស៊េរី​ឆ្នាំ ២០១៩ ប៉ុន្តែ​វា​បែរ​ជា​មាន​អង្គ​ផ្ទុក​​ SSD ល្បឿន​យឺត​ជាង​ MacBook Air ស៊េរី​ឆ្នាំ ២០១៨ ទៅ​វិញ។ នេះ​បើ​តាម​ការ​ធ្វើ​តេស្ត​ដោយ​វិបសាយ​បារាំង​ Consomac។

ដោយ​ប្រើ​ប្រាស់​កម្មវិធី Blackmagic Disk Speed វិបសាយ​ខាង​លើ​រក​ឃើញ​ថា​ល្បឿន​​ Read របស់ SSD នៃ​ម៉ូដែល​​ថ្មី ទាប​ជាង​ម៉ូដែល​ចាស់។ គេ​បាន​ធ្វើ​តេស្ត​លើ​ MacBook Air ២០១៩ ទំហំ ២៥៦ GB ដែល​មាន​ល្បឿន​ Read ១,៣ GB/s និង​ល្បឿន Write ១ GB/s។ ចំណែក​ស៊េរី ២០១៨ ដែល​មាន​ទំហំ​ដូច​គ្នា​ មាន​ល្បឿន​ Read ២ GB/s និង​ល្បឿន Write ៩២០ MB/s។ ល្បឿន Write ស្មើ​គ្នា ប៉ុន្តែ​ល្បឿន​ Read ខុស​គ្នា ៣៥% ឯណោះ។

Consomac ក៏​បាន​ធ្វើ​តេស្ត​លើ​ MacBook Air ២០១៩ ទំហំ ១២៨ GB ផង​ដែរ ដែល​មាន​ល្បឿន​ Read ១,៣ GB/s និង​ល្បឿន Write ៥០០ MB/s។ លទ្ធផល​នេះ​គឺ​ស្រដៀង​នឹង​លទ្ធផល​របស់​ MacBook Air ស៊េរី​ឆ្នាំ ២០១៨ ដែល​មាន​ទំហំ​ ១២៨ GB ដែរ។

​MacBook Air ថ្មី​មាន​អាប់ដេត​បន្ថែម​អេក្រង់ True Tone និង​តម្លៃ​ទាប​ជាង​មុន​ មាន​ចាប់​ពី ១ ០៩៩ ដុល្លារ ជំនួស​ឲ្យ​តម្លៃ​ចាស់​ ១ ១៩៩ ដុល្លារ។ វា​អាច​ទៅ​រួច​ថា​ Apple ប្រើ SSD ល្បឿន​ទាប​ជាង​មុន ដើម្បី​បន្ថយ​តម្លៃ MacBook Air ឲ្យ​ធូរ​ជាង​មុន។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​អាច​មិន​កត់​សម្គាល់​ដឹង​ពី​ភាព​ខុស​គ្នា​ខ្លាំង​ប៉ុន្មាន​ឡើយ ពេល​ប្រើ​ជា​ប្រចាំ​ថ្ងៃ៕

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី