Giroud លូក​មាត់​ រឿង​ Koscielny មិន​ទៅ​អាមេរិក​ជាមួយ Arsenal

  • 2019-07-16 13:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ​ Olivier Giroud បាន​និយាយ​ប្រាប់​សារព័ត៌មាន BBC ថា ខ្លួន​ស្គាល់​ប្រធាន​ក្រុម​ Arsenal កីឡាករ Laurent Koscielny ច្បាស់​ណាស់ ហើយ​យល់​ថា ខ្សែ​ការពារ​រូប​ប្រាកដ​ជា​ឈឺចាប់​ហើយ​។

Giroud បាន​និយាយ​ថា​៖ " Koscielny ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ។ ខ្ញុំ​ស្គាល់​គេ​ប្រមាណ​ ១០​ឆ្នាំ​ហើយ ពេល​យើង​លេង​នៅ​លីគ​លំដាប់​ ២ នៅ​បារាំង​។ គេ​លេង​នៅ Arsenal ៩ឆ្នាំ​ហើយ ព្រម​ទាំង​ជា​គំរូ​របស់​កីឡាករ​ក្មេង​ៗ " ។

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​លើកឡើង​ថា៖ " Arsenal បាន​ផ្ដល់​ឱកាស​ឲ្យ​គេ​លេង ហើយ​ខ្ញុំ​គិត​ថា Koscielny ក៏​តែងតែ​គោរព​ក្លឹប​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ម៉េច​ក៏​មាន​រឿង​នេះ​កើតឡើង​ទេ។ ខ្ញុំ​មិន​នៅ​ក្នុង​ក្លឹប​ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​រឿង​នេះ​ទេ គ្រាន់​តែ​ដឹង​ថា​ Koscielny ប្រាកដ​ជា​ឈឺចាប់​ហើយ ពាក់ព័ន្ធ​នឹង​រឿង​នេះ " ។

ថ្មីៗ​នេះ ខ្សែ​ការពារ​បារាំង​ Laurent Koscielny បាន​បដិសេធ​មិន​ធ្វើដំណើរ​ជាមួយ​ Arsenal ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​សហរដ្ឋអាមេរិក។ ខាង​កីឡាករ មិន​ទាន់​ធ្វើការ​បកស្រាយ​ទេ ខណៈ​ខាង​ក្លឹប​ប្រកាស​ថា នឹង​ធ្វើ​សម្របសម្រួល​តាម​ក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី