ឯកឧត្តម ស៊ុន ចាន់ថុល ៖ គ្រោះថ្នាក់ចរាចរ ស្លាប់មនុស្ស រាល់ខែស្មើនឹងយន្តហោះ Airbus 320 មួយគ្រឿងធ្លាក់ជាប្រចាំនៅកម្ពុជា
- 2019-07-17 09:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ស៊ុន ចាន់ថុល ៖ គ្រោះថ្នាក់ចរាចរ ស្លាប់មនុស្ស រាល់ខែស្មើនឹងយន្តហោះ Airbus 320 មួយគ្រឿងធ្លាក់ជាប្រចាំនៅកម្ពុជា
ចន្លោះមិនឃើញ
ខណៈបញ្ហាគ្រោះថ្នាក់ចរាចរបានបណ្ដាលឱ្យស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរ ក្នុងមួយខែៗស្នើទៅនឹងករណីយន្តហោះ Airbus 320 មួយគ្រឿងធ្លាក់ជាប្រចាំនៅកម្ពុជាយ៉ាងដូច្នេះដែរ។ ការថ្លែងរបស់ឯកឧត្ដមបែបនេះត្រូវបានធ្វើឡើង ក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុន មីឆែលីន និងក្រុមហ៊ុនវើលដ៍ប្រ៊ីត ត្រេឌីង ស្តីពីការបង្កើតសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់កាលពីថ្ងៃទី១៦ ខែមិថុនា នេះ។
ឯកឧត្ដមបានបន្ថែមថា រយៈពេល៦ខែឆ្នាំ ២០១៩ នេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរមានចំនួន ១០៣៣ នាក់ ដូច្នេះបើគិតជាមធ្យមស្មើនឹងយន្តហោះ Airbus 320 មួយគ្រឿងធ្លាក់ជាប្រចំានៅកម្ពុជារៀងរាល់ខែ។ យន្តយន្តហោះ Airbus 320 មួយគ្រឿងអាចផ្ទុកអ្នកដំណើរប្រមាណ ១៥០ នាក់។ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ “៦ខែនេះយើងគ្រោះថ្នាក់ស្លាប់១០៣៣នាក់ ច្រើនណាស់។ យើងអាចនិយាយថា យន្តហោះមួយផ្ទុកមនុស្ស ១៥០នាក់។អញ្ចឹងមួយខែធ្លាក់មួយៗនៅកម្ពុជាយើង។ ដូច្នេះធំណាស់យើងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពិសេសសុំការចូលរួមពីផ្នែកឯកជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ”។
ឯកឧត្ដម បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ៦នាក់ក្នុងមួយថ្ងៃ និងបានបំផ្លាញទ្រព្យសម្បត្តិជាង៤០០លានដុល្លារ ក្នុងមួយឆ្នាំ។ គ្រោះថ្នាក់ទាំងនោះបណ្ដាលមកពីកត្តាជាច្រើនដូចជា៖ កត្តាអ្នកបើកបរ កត្តាយានយន្ត ការមិនគោរពច្បាប់ និងកត្តាផ្លូវជាដើម។ ដូច្នេះអ្នកបើកបរត្រូវប្រកាន់ខ្ជាប់ខ្ជួន យករថយន្តទៅឆៀកឱ្យបានតាមពេលកំណត់ និងបើកបរដោយមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៕