Bill Gates ធ្លាក់តំណែង​មួយ​លេខ​ទៀត នៅបញ្ជីអ្នកមានជាងគេក្នុងលោក

  • 2019-07-18 03:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bill Gates លែង​មាន​ឈ្មោះ​ជា​​បុគ្គល​មាន​ជាង​គេ​លើ​លោក​លំដាប់​លេខ ២ ត​ទៀត​ហើយ​ ដោយ​តំណែង​នេះ​​ត្រូវ​បាន​ទៅ​លើ​លោក Bernard Arnault មហាសេដ្ឋី​​បារាំង​វិញ។

លោក Bernard គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​គ្រឿង​ប្រើ​ប្រាស់​ប្រណិត LVMH ដែល​លោក​បាន​ដណ្ដើម​តំណែង​ស្ថាបនិក​ Microsoft កាល​ពី​ថ្ងៃ​អង្គារ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក Bill Gates ធ្លាក់​ចេញ​ពី​តំណែង​កំពូល​ទាំង ២។

លោក Bernard Arnault

លោក Bernard ដែល​មាន​វ័យ ៧០ ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១០៨ ពាន់​លាន​ដុល្លារ ដោយ​បាន​កើន​ឡើង ៣៩ ពាន់​លាន​ដុល្លារ នៅ​រយៈ​ពេល ១ ឆ្នាំ​ចុង​ក្រោយ។ ចំណែក​លោក Bill Gates មាន​ទ្រព្យ​សម្បត្តិ ១០៧ ពាន់​លាន​ដុល្លារ។

​​LVMH គឺ​ជា​ក្រុមហ៊ុន​ធំ​មួយ ដែល​កាន់​កាប់​ម៉ាក​សំលៀកបំពាក់​ដូច​ជា Louis Vuitton, Christian Dior និង Givenchy ហើយ​ក៏​​កាន់​កាប់​ម៉ាក​ស្រា​សាំប៉ាញ​ Dom Pérignon និង​​ហាង​លក់​​គ្រឿង​សម្អាង Sephora ផង​ដែរ។

តាម​រយៈ Bloomberg បាន​ឲ្យ​ដឹង​ថា​ លោក Bill Gates អាច​នឹង​នៅ​ឈរ​តំណែង​លេខ​មួយ ប្រសិន​បើ​មិន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ទេ​នោះ។ ស្ថាបនិក​រូប​នេះ​បាន​បរិច្ចាគ​ប្រាក់​​​សរុប​អស់​ជាង ៣៥ ពាន់​លាន​ដុល្លារ ដល់​មូលនិធិ Bill & Melinda Gates។

លោក Jeff Bezos នាយក​ប្រតិបត្តិ​ Amazon នៅ​តែ​ឈរ​តំណែង​កំពូល​នៃ​បញ្ជី​អ្នក​មាន​ជាង​គេ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១២៥ ពាន់​លាន​ដុល្លារ៕​​​​​

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង