និយាយ​គ្នា​ត្រង់​ៗ Pep រំឭក​ Sane បើ​មិន​សប្បាយ​ចិត្ត​អាច​ចេញ​ពី Man City បាន

  • 2019-07-18 08:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​​ប្រាប់​ជា​ប្រយោល​ទៅ​កាន់​កីឡាករ Leroy Sane ថា គេ​អាច​ចេញ​បាន ប្រសិន​បើ​​មិន​សប្បាយ​ចិត្ត​នៅ Manchester City។

Bayern Munich កំពុង​តែ​ចង់​បាន Sane ទៅ​រួម​​ក្រុម ដោយ​​តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ពេល​នេះ​ច្រើន​ពី​៩០​លាន​ផោន។ Sane បាន​បដិសេធ​មិន​ពង្រីក​កុងត្រា​ថ្មី​នៅ Etihad ត្បិត​មាន​ការ​ពិភាក្សា​ជា​ច្រើន​ខែ​ក្ដី។ កិច្ចសន្យា​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​នៅ​សល់​២​ឆ្នាំ​ទៀត​ជាមួយ City។

Guardiola នៅ​តែ​ពេញ​ចិត្ត​​ចំពោះ​ទម្រង់​លេង​របស់​អតីត​​កីឡាករ Schalke ​វ័យ​២២​ឆ្នាំ។ សាកសួរ​ពី​អនាគត​របស់ Sane អាច​បន្ត​នៅ City ទៀត​ទេ លោក Guardiola ឆ្លើយ​ថា៖ “អាច”។ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​មាន​​កីឡាករ​មិន​សប្បាយ​ចិត្ត​ក្នុង​ជួរ​កីឡាករ​របស់​លោក​ឡើយ ដូច្នេះ Sane ត្រូវ​តែ​សម្រេច​ចិត្ត​ខ្លួន​ឯង។

“​ក្លឹប​បាន​ដាក់​សំណើ​​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន​ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​ពី​វា​ជា​ច្រើន​ដង​ដែរ​ថា ពួក​យើង​​ចង់​បាន​កីឡាករ​ដែល​សប្បាយ​ចិត្ត​នៅ​ទី​នេះ។ គេ (Sane) មាន​គុណភាព​ពិសេស​មួយ​ដែល​ពិបាក​រក​​នៅ​ជុំ​វិញ​ពិភពលោក។ បំណង​ប្រាថ្នា​គឺ​ចង់​ឲ្យ​គេ​នៅ​ជាមួយ​ពួក​យើង​ជា​រៀងរហូត។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​នៅ​ទី​នេះ​សប្បាយ​ចិត្ត ប៉ុន្តែ​ប្រសិន​ពួក​គេ​មិន​ចង់​ទេ អាច​ចេញ​បាន”។ សម្ដី​របស់​លោក Pep៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ