ប្រកាស​បើក​ថត​រឿង​ខ្នាត​ធំ និយាយ​ពី​ប្រវត្តិ​សម្ដេច​ពិជ័យ​សេនា រឿង "ជន​ដែល​ត្រូវ​គេបាញ់"

  • 2019-07-19 03:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ជា​ប្រវត្តិ​ពិត​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ចំណង​ជើង​ថា "ជន​ដែល​ត្រូវ​បាញ់" បាន​ប្រកាស​បើក​ដំណើរ​ការ​ថត​ថ្មី​ៗ​នេះ​ ជាមួយ​កញ្ចប់​វិនិយោគ​ដែល​គេ​ប៉ាន់​ប្រមាណ​ថា ជា​ទំហំ​យ៉ាង​សម្បើម​មួយ។

សាច់​រឿង "ជន​ដែល​ត្រូវ​បាញ់" និយាយ​ពី​ហេតុការណ៍​ដែល​កើត​ឡើង​កាល​ពី​៥៤​ឆ្នាំ​មុន ពោល​គឺ​ក្នុង​អំឡុង​ឆ្នាំ ១៩៦៥ ស្ថិត​នៅ​ឃុំ​ទួល​គគីរ​នៃ​ខេត្ត​កោះកុង។ នៅ​ពេល​នោះ យុវជន ទៀ សង្វាន ដែល​ជា​អ្នក​មាន​កំណើត​កើត​ជា​នៅ​ទី​នោះ ​ត្រូវ​បាន​រដ្ឋ​អំណាច​ចាប់​ខ្លួន​យក​ទៅ​បាញ់​នៅ​ភ្នំ​កោះ​អណ្ដែត។ ក្រោយ​ហេតុការណ៍​បាញ់​មិន​ស្លាប់​នោះ សង្វាន បាន​ខំ​ព្យាយាម​រត់​ទៅ​មុខ គ្មាន​ឱកាស​សូម្បី​តែ​ងាក​ក្រោយ​មើល​ថា តើ​មាន​គេ​ដេញ​តាម​មក​ទៀត​ឬ​អត់?

តួ​អង្គ ទៀ សង្វាន រូបភាព ក្នុង​វីដេអូ​ខ្លី​រឿង "ជន​ដែល​ត្រូវ​បាញ់" ថត​កាល​៣​ឆ្នាំ​មុន

រត់​ផង ភ័យ​ផង កាត់​ព្រៃ កាត់​បន្លា មុត​របួស​សុស​សាច់ រត់​ឡើង​ភ្នំ​ចូល​ព្រៃ រហូត​ដល់​មេឃ​ងងឹត។ សង្វាន ព្យាយាម​ត្រដុស​ខ្លួន​នឹង​ដើម​ឈើ ដើម្បី​កាត់​ផ្ដាច់​ចំណង និង​លាក់​ខ្លួន​រស់​នៅ​ក្នុង​ព្រៃ​កោងកាង​តែ​ម្នាក់​ឯង អត់​អាហារ​ជា​ច្រើន​ថ្ងៃ​ច្រើន​យប់ គឺ​បរិភោគ​តែ​ផ្លែ "ដាវ​យិន" ដើម្បី​បន្ត​ជីវិត។ ប៉ុន្តែ​យមរាជ មិន​ទាន់​ត្រូវ​ការ​ជីវិត​មួយ​នេះ ទើប​អាច​រស់រាន​មក​ដល់​សព្វ​ថ្ងៃ ដែល ទៀ សង្វាន ត្រូវ​បាន​ប្ដូរ​មក​ជា ទៀ បាញ់ គឺ​សម្ដេច​ពិជ័យ​សេនា ជា​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្ន។

រូបភាព៖ ទំព័រ​ហ្វេសប៊ុក សម្ដេច ទៀ បាញ់

ខាង​លើ​នេះ គឺ​ជា​សង្ខេប​ខ្លី​ពី​សាច់​រឿង​ប្រវត្តិ​របស់​សម្ដេច ទៀ បាញ់ ដែល​ត្រូវ​បាន​ថត​ម្ដង​រួច​មក​ហើយ កាល​ពី​ប្រមាណ ៣​ឆ្នាំ​មុន ដឹកនាំ​ដោយ​លោក ខាំ ភូរិ។ មាន​ស្នាដៃ​លើ​ការងារ​លើក​ទី​១​នោះ កូន​ប្រុស​របស់​អតីត​អភិបាល​ខេត្ត​ក្រចេះ ឯក​ឧត្ដម ខាំ ភឿន បាន​ទទួល​ការ​ទុក​ចិត្ត និង​ប្រគល់​កិច្ចការ​ដឹកនាំ​ថត​សាច់​រឿង​នេះ​ម្ដង​ទៀត ដោយ​សហការ​ជាមួយ​អ្នក​ដឹក​ជនជាតិ​ថៃ​មួយ​រូប​ទៀត។

ក្រៅ​ពី​នេះ នៅ​មាន Producer ធំ​ៗ​បី​នាក់​នៅ​ក្រោយ​រឿង​នេះ ទី​១​គឺ ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប និង​ត្រូវ​ជា​កូន​ទី​២​សម្ដេច ទៀ បាញ់។ ទី​២​គឺ​កូន​ប្រុស​ច្បង​ឈ្មោះ ទៀ សាយ៉ាម និង Producer សំខាន់​ទី​៣​គឺ​លោក ប៊ូ បញ្ញា។ ក្រោយ​អ្វី​បាន​រួច​ររាល់ កម្មវិធី​ក្រុង​ពាលី​ចាប់​ផ្ដើម​ដំណើរ​ការ​ថត ត្រូវ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា ២០១៩។

Producer សំខាន់​ៗ​ទាំង​៣​រូប(រាប់​ពី​ឆ្វេង) ឯកឧត្តម ទៀ សីហា អភិបាល​ខេត្ត​សៀមរាប។ ទី​២​គឺ​កូន​ប្រុស​ច្បង​ឈ្មោះ ទៀ សាយ៉ាម និងលោក ប៊ូ បញ្ញា។

តាម​លោក ខាំ ភូរិ ជា​អ្នក​ដឹកនាំ​ថត​រឿង​ខាង​លើ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ខ្នាត​ធំ ដែល​ក្រោយ​ថត​ចប់​មិន​ត្រឹម​តែ​ដាក់​បញ្ចាំង​នៅ​ក្នុង​ស្រុក​ទេ គឺ​អាច​នឹង​ត្រូវ​យក​ទៅ​បញ្ចាំង​បរទេស​ថែម​ទៀត។ ដូច្នេះ​ហើយ ការងារ​ថត​គឺ​តម្រូវ​ឲ្យ​មាន​ភាព​ម៉ត់ចត់​ខ្លាំង និង​មាន​ការ​ចំណាយ​ពេល​ច្រើន​រៀប​ចំ​យូរ​ក៏​ថែម​ទៀត។ លោក ខាំ ភូរិ បន្ត​ថា ក្រុម​ការងារ​លោក​បាន​រៀប​ចាំ​សាច់​រឿង​តាំង​ពី​ខែ ១១ ឆ្នាំ​មុន ដោយ​ដក​ស្រង់​ចេញ​ពី​សៀវ​និពន្ធ​ដោយ​ឯក​ឧត្ដម នឹម សុវត្ថិ។

“ឥឡូវ​នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពី​ថ្ងៃ​នេះ​ទៅ គឺ​គូរ Story Board និង​ធ្វើ Work Shop បង្រៀន​ពួក​គាត់​(តួ​សម្ដែង)ពី​ការ​សម្ដែង បង្រៀន​គាត់​ពី​វិន័យ​ពេទ្យ វិន័យ​ទាហាន ក៏​ដូច​ជា​អត្តចរិត​ដេក ដើរ ឈរ អង្គុយ ឲ្យ​សាក​សម​ទៅ​នឹង​តួអង្គ​នា​ពេល​បច្ចុប្បន្ន គឺ​សម្ដេច​ពិជ័យ​សេនា និង​ភរិយា​របស់​លោក...ហើយ​ពួក​យើង​ក៏​នឹង​បង្ហាត់​តួ​អង្គ​មួយ​ចំនួន​​ក្នុង​គុន​ល្បុក្កតោ និយាយ​ទៅ​យើង​នៅ​ត្រូវ​ធ្វើ Work Shop ក្នុង​រយៈ​ប្រហែល​១​ខែ​ទៀត"។

ក្រោយ​ពី​បង្រៀន និង​ហាត់​សម្ដែង​យក​ជា​ការ​បាន​ហើយ ក្រុម​ការងារ​ទាំង​មូល គ្រោង​នឹង​ចេញ​ថត​នៅ​ក្រោយ​រដូវ​ភ្លៀង​ដោយ​ចំណាយ​ពេល​ប្រមាណ ២ខែ​កន្លះ ទៅ ៣ខែ និង​​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៩​នេះ។ វិល​មក​តួ​អង្គ​សម្ដែង​វិញ ភាពយន្ត​ខ្នាត​ធំ "ជន​ដែល​ត្រូវ​បាញ់" នេះ អ្នក​ដឹកនាំ​ដដែល បញ្ជាក់​ថា មាន​ការ​ចូល​រួម​សម្ដែង​ដោយ​សិល្បករ សិល្ប​ការិនី​កម្ពុជា​ប្រមាណ​ជា ១០០​នាក់ ក្នុង​នោះ ក៏​មាន​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ក៏​នឹង​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​ដែរ។

វិល​មក​សិល្បករ​សម្ដែង​ក្នុង​រឿង​នេះ លោក នូ ឧសភា ត្រូវ​បាន​ជ្រើស​រើស​សម្ដែង​ជា​តួ​អង្គ ទៀ សង្វាន ឬ ទៀ បាញ់ នា​ពេល​បច្ចុប្បន្ន។ ដោយ​ឡែក​កញ្ញា ស៊ឹម ស្រីនិច ដើរ​តួ​ជា​តួអង្គ សមមិត្ត​នារី តៅ តឿន ភរិយា​សម្ដេច ទៀ បាញ់ បច្ចុប្បន្ន។ ក្រៅ​ពី​នេះ តួ​អង្គ​សំខាន់​ផ្សេង​ទៀត​មាន លោក សួន ពិសិដ្ឋ អ្នក​នាង ប៉ែន សុផានី ស្វែង សុជាតា លោក អ៊ូ តារ៉ា លោក លាង ឧត្តម និង​តួ​អង្គ​ជា​ច្រើន​ទៀត។

ចំពោះ​ទីតាំង​ត្រូវ​ថត លោក ខាំ ភូរិ បញ្ជាក់​ថា ក្រុម​ការងារ​នឹង​ចុះ​ទៅ​ថត​ដល់​ទីតាំង​ប្រវត្តិ​ពិត​របស់​តួ​អង្គ​តែ​ម្ដង គឺ​ឃុំ​ទទួល​គគី​នៃ​ខេត្ត​កោះកុង។ ក្រៅ​ពី​ទីតាំង​កើត​មាន​សង្គ្រាម​ធំ​ៗ នៅ​កំពង់​ស្ពឺ កំពត និង​កំពង់​សោម​ជា​ដើម សុទ្ធ​តែ​កន្លែង​ប្រវត្តិ​ពិត ដែល​ក្រុម​ការងារ​​ត្រូវ​ចុះ​ទៅ​ថត​ដោយ​ខាន​មិន​បាន៕

លោក នូ ឧសភា(ពាក់​អាវ​ស) និង​កញ្ញា ស៊ឹម ស្រីនិច តួ​ឯក​ប្រុស​ស្រី ឈរ​អមសម្ដេច ទៀ បាញ់ ព្រម​ទាំង​លោក​ជំទាវ
រូបភាព៖ ផ្ដល់​ដោយ​លោក ខាំ ភូរិ

អត្ថបទ៖ ទារិកា