គ្រាន់តែនាំគ្នាគូសអាវទុកជាអនុស្សាវរីយ មុនចប់វិទ្យាល័យ ជារឿងខុសឬទេ?
- 2019-07-19 04:47:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែនាំគ្នាគូសអាវទុកជាអនុស្សាវរីយ មុនចប់វិទ្យាល័យ ជារឿងខុសឬទេ?
ចន្លោះមិនឃើញ
បន្ទាប់ពីការប្រលងឆមាសលើកទី ២ ត្រូវបានបញ្ចប់ សិស្សានុសិស្សជាច្រើន ពិសេសថ្នាក់ទី ១២បាននាំគ្នាគូសអាវទុកជាអនុស្សាវរីយ រួចក៏បង្ហោះចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការបញ្ចេញមតិជំទាស់គ្នាទៅវិញទៅមក មិនចេះចប់មិនចេះហើយនៅក្នុងប្រអប់ Comment ។
ក្នុងនោះផងដែរ លោកគ្រូវិទ្យាល័យម្នាក់សុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា អាវមួយតម្លៃយ៉ាងតិច ៥ ដុល្លារ បើយកវាទៅបរិច្ចាគឲ្យអ្នកមានជីវភាពលំបាក វាល្អជាង ព្រោះមានមនុស្សមួយចំនួនខំរកប្រាក់ពីសំណាក់សប្បុរសជន ពីគ្រប់ទិសទីដើម្បីជួយក្មេងៗ ដែលគាត់គ្មានលទ្ធភាពទិញខោអាវស្លៀកពាក់ ។
លោកថា ៖«ស្តាយណាស់ បើដឹងមុនថាពួកគេយកគូសបែបនេះ គិតថាសុំដូរអាវចាស់ល្មមឲ្យគូស រួចយកអាវថ្មីទាំងនោះទៅបរិច្ចាគឲ្យក្មេងៗដែលអត់វិញ»។
ជំទាស់នឹងមតិមួយនេះ កញ្ញា អេង ស្រីមុំ ជាសិស្សថ្នាក់ទី ១២ មួយរូប ប្រាប់មកកាន់ Sabay ថា កញ្ញានិងមិត្តភ័ក្ដិ គូសអាវគ្នាទៅវិញទៅមកបែបនេះ គឺដោយសារតែចង់ទុកវា ជាអនុស្សាវរីយចុងក្រោយ មុនពេលបែកគ្នា។
កញ្ញាថា ៖« ខ្ញុំចង់មានក្តីស្រលាញ់ចុងក្រោយ និងការបំភ្លេចមិនបាន ចង់ឲ្យវាស្ថិតនៅក្នុងការចងចាំរហូត ទើបពួកខ្ញុំសម្រេចចិត្តលះបង់អាវដ៏មានតម្លៃនេះ»។
ងាកមកកញ្ញា សុខុន សុម៉ាភាវី ដែលបានបញ្ចប់ការសិក្សាតាំងពីឆ្នាំ ២០១៥ មកនោះ បានឲ្យដឹងថា កញ្ញាក៏ធ្លាប់គូសអាវគ្នាទៅវិញទៅមកដូចសិស្សទី ១២ ឆ្នាំនេះដែរ ហើយមកដល់ពេលនេះ កញ្ញានៅតែរក្សាអាវនោះទុកជាអនុស្សាវរីយ៍ ទោះជារៀនចប់ ៤ ឆ្នាំហើយក្តី។
ចំណែកសំណួរសួរថា ខុស ឬមិនខុសនោះ និស្សិតកម្ពុជាទើបនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនង នៃសាកលវិទ្យាល័យ Prince of Songkla ប្រទេសថៃ កញ្ញា ហេង សុខជា បានបកស្រាយថា ការសរសេរពាក្យពេជ្រមិត្តភាព ឈ្មោះ ឬក៏គូសវាសសញ្ញាផ្សេងៗនៅលើអាវនោះ គឺវាមានយូរណាស់មកហើយនៅក្នុងប្រទេសថៃ ហើយខុស ឬមិនខុស វាអាស្រ័យលើការគិតរបស់មនុស្សម្នាក់ៗ។
កញ្ញាថា ៖«ការសរសេរអក្សរ ឬក៏ប្រយោគខ្លីៗ អំពីចំណង់មិត្តភាពរបស់សិស្សវិទ្យាល័យ ដែលកំពុងពេញនិយមនៅប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ វាមិនមែនជាប្រពៃណី ឬជាទម្លាប់ពីចាស់បុរាណនោះទេ តែវាជារស់និយមមួយ ដែលធ្វើតៗគ្នា»។
ជាក់ស្ដែងកាលពីមុន នៅពេលរៀនចប់ សិស្សនិស្សិត ពួកគាត់ចូលចិត្តសរសេរសៀវភៅអនុស្សវរីយ៍ ដែលបិទរូបថត ថតរូបជាមួយគ្នា ឬឲ្យរូបថតគ្នាទៅវិញទៅមក តែឥឡូវសិស្សនិស្សិតប្ដូរទៅជាគូសអាវគ្នាវិញម្តង។
និស្សិតរូបនេះបន្ថែមថា ៖«ការគូសអាវហ្នឹង វាល្អត្រង់មួយថា អ្នកខ្លះអត់ដែរនិយាយរកយើងទេ តែរៀនចប់ ពេលគូសអាវ បែរជាមកសរសេរពាក្យល្អៗឲ្យយើង ឬចំណុចល្អរបស់យើង នេះជាចំណុចល្អមួយក្នុងការគូសអាវ»។
ទាក់ទងនឹងបញ្ហាមួយនេះ ប្រទេសថៃក៏មានការខ្វែងគំនិតគ្នាទៅវិញទៅមកដែរ ព្រោះមានអ្នកខ្លះគិតថា វាជារឿងល្អ ដោយសារពួកគេចំណាយប្រាក់តិចក្នុងការបង្កើតអនុស្សាវរីយ៍ ជៀសជាងឲ្យការដូរគ្នាទៅវិញទៅមក ដែលត្រូវចំណាយលុយច្រើន ខណៈអ្នកខ្លះគិតថាវាជារឿងមិនបានការ បើយកអាវទៅបរិច្ចាគឲ្យក្មេងក្រីក្រវាល្អជាង។ នេះបើតាមការឲ្យដឹងពីកញ្ញា សុខជា។
ចំពោះកញ្ញាផ្ទាល់ កញ្ញាយល់ថា ៖«ប្រសិនជាសិស្សណាមានលទ្ធភាព ហើយស្រុះស្រួលគ្នាថាធ្វើ ក៏ធ្វើទៅ វាមិនខុសនោះទេ តែប្រសិនជាសាលាហាមឃាត់ ជាពិសេសសាលាឯកជន ដែលមានឯកសណ្ឋានថ្លៃៗ យកវាទៅធ្វើអ៊ីចឹង ក៏វាខ្ចះខ្ចាយដែរ កុំធ្វើអីល្អជាង»។