ជិតដល់ថ្ងៃ Nine​ Naphat​ មកជួបហ្វេន Friend Zone ហើយ

  • 2019-07-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​ ១៩​ កក្កដា​ ២០១៩​ នៅ​ Major​ Cineplex​ ផ្សារ​ទំនើប​អ៊ីអនម៉ល​ សែន​សុខ​ម្សិល​មិញ​នេះ​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​ ២៤​ដល់​ថ្ងៃទី​ ២៨​ កក្កដា​ ២០១៩​នឹង​មាន​មហោ​ស្រព​ភាព​យន្ត​ថៃ​លើកទី ៦។​

ឯក​អគ្គរាជ​ទូត​ថៃ​ ប្រចាំ​ស្ថាន​ទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ Panyarak​ Poolthup​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ថា​ “ប្រទេសថៃ​ និង​កម្ពុជា​មាន​វប្បធម៌​ប្រហាក់​ប្រហែល​គ្នា​ យើង​មាន​សាសនា​ជំនឿ​ដូចគ្នា​ យើង​មាន​របប​គ្រប់​គ្រង​ដូច​គ្នា​ រឿង​រ៉ាវ​ដែល​កើត​មាន​ក្នុង​ប្រទេស​ថៃ​ អាច​ចែក​រំលែក​មក​ប្រទេស​ជិត​ខាង​យ៉ាង​កម្ពុជា​បាន។​ ហេតុ​នេះ​ហើយ​ទើប​យើង​មាន​មហោស្រព​ភាពយន្ត​ម្ដងទៀត​យើង​ជឿ​ថា​ខ្សែ​ភាពយន្ត​នឹង​ជួយ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​ស្និទ្ធ​ស្នាល​គ្នា​បាន។”​

“យើង​ចង់​ជំរុញ​ផលិតករ​និង​អ្នក​ពាក់​ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​នេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ បង្កើត​ខ្សែ​ភាពយន្ត​ថ្មី​ៗ​ជាមួយ​គ្នា​ បង្កើន​ទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ។​ យើង​ចង់​ឲ្យ​កម្មវិធី​នេះ​ក្លាយ​ជា​វេទិកា​ផ្លាស់​ប្ដូរ​ចំណេះដឹង​ ចែក​រំលែក​បទ​ពិសោធន៍​និង​បច្ចេកទេស​ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ដូច​ជា​នាយក​ផលិតកម្ម​ ផលិតករ​ និង​តារា​សម្ដែង​មក​ពី​ប្រទេស​ទាំង​ពីរ។” ​នេះ​បើ​តាម​សម្ដី​លោក​ Jirawuth​ Suwanana-art​ អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ ប្រ​ចាំ​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​មហោស្រព​ភាពយន្ត​ថៃ​នៅ​ឆ្នាំ​នេះ​មាន​រយៈ​ពេល​ ៥ថ្ងៃ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃ​ទី​ ២៨​ កក្កដា​ ឆ្នាំ​២០១៩។​ មហោស្រព​នេះ​រៀប​ចំ​ឡើង​ដោយ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​អន្តរជាតិ​ថៃ​ និង​ក្រសួង​ការ​បរទេស​ថៃ​ ព្រម​ទាំង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ពី​រោង​ភាពយន្ត​ Major​ Cineplex​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​ សែន​សុខ​ និង​Legend​ Cinema​ នៅ​ផ្សារ​ទំនើប​ City​ Mall។​

ក្នុង​អំឡុង​ពេល​ ៥ថ្ងៃ​នេះ​នឹង​មាន​ការ​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ។​“Friend Zone”​ នឹង​ជា​ខ្សែ​ភាពយន្ត​ដំបូង​សម្រាប់​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ២៤​ កក្កដា​ ២០១៩​ នៅ​ Major​ Cineplex​ ផ្សារ​ទំនើប​អ៊ីអនម៉ល​ សែនសុខ។​ ព្រឹត្តិការណ៍​នេះ​នឹង​មាន​វត្តមាន​តារា​សម្ដែង​ថៃ​ (Nine)​ Naphat​ Siangsomboon​ តួ​ឯក​រឿង​ Friend​ Zone​ និង​តារា​ល្បី​ៗ​ ផ្សេង​ទៀត​មក​ពី​ប្រទេសថៃ​និង​កម្ពុជា​មក​ចូល​រួម​ផង​ដែរ​ ចាប់​ពី​ម៉ោង​ ៥​ ល្ងាច​តទៅ៕

អត្ថបទ៖ Sokchea Heng