បើក​ពិព័រណ៌​រូប​ថត "អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​បាន​គេ​មើល​រំលង"

  • 2019-07-20 08:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​រូប​ថតដ៏​កម្រ​មួយ​ហៅ "អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលងៗ គ្រោង​នឹង​ធ្វើ​នៅ​​ខែ​ក្រោយ​នេះ ទុក​ជា​សារ​មួយ​បង្កើន​ការ​ចាប់​អារម្មណ៍ ក៏​ដូច​ជា​យល់​ដឹង​ពី​សម្បត្តិ​វប្បធម៌​របស់​ជាតិ ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

ព្រឹត្តិការណ៍​ដ៏​ធំ​តែ​មួយ​គត់​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទំព័រហ្វេស​ប៊ុក Amazing Cambodia ដែល​មាន​បទ​ពិសោធន៍ ក្នុង​ការ​ស្រាវ​ជ្រាវ និង​ប្រមូល​ផ្តុំ​រូប​ភាព​អតីតកាល​នៃ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ តាម​អ្នក​រៀប​ចំ​បាន​ឲ្យដឹង​ថា ៖ “គោល​បំណង​ធំ​នៃ​ការ​បង្កើត​ពិព័រណ៍​នេះ​ឡើង​គឺ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​មហាជន​អំពី អគារ​បេតិកភណ្ឌ​ទាំង​ឡាយ​ទូទាំង​ប្រទេស​ដែល​ជា​ទូ​ទៅ​ត្រូវ​បាន​គេ​មើល​រំលង។ អគារ​ទាំង​នោះ​មាន​គុណ តម្លៃ​ពិសេស​រៀង​ៗ​ខ្លួន ប៉ុន្តែ​ជា​អកុសល អគារ​ភាគ​ច្រើន​ត្រូវ​បាន​គ្រប​ដណ្តប់​ស្ទើរ​ជិត​ឈឹង​ដោយ​សារ​តែ ឥទ្ធិពល​កិត្យានុភាព​នៃ​តំបន់​ទេសចរណ៍​ដែល​ល្បី​ៗ​នៅ​ក្នុង​ខេត្ត​ជាមួយ​គ្នា។ តាម​រយៈ​ការ​ចូល​រួម​ចំណែក ផ្សព្វ​ផ្សាយ​តាម​កម្មវិធី​ពិព័រណ៍​នេះ មរតក​ស្ថាបត្យកម្ម​ទាំង​នោះ​ច្បាស់​ជា​នឹង​ត្រូវ​បាន​លើក​ស្ទួយ និង​អភិរក្ស កាន់​តែ​បាន​ប្រសើរ​ឡើង” ស្ថាបនិក​កម្មវិធី​លោក ស្រិន សុខមាន លើក​ឡើង។

​រូបភាព​ជា​ច្រើន​ដែល​ទាក់ទង​នឹង​សម្បត្តិ​បេតិកភណ្ឌ​កម្ពុជា ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង និង​សម័យ​សង្គម​រាស្ត្រ​និយម នឹង​មាន​ដាក់​តាំង​ក្នុង​កម្មវិធី។ ក្រៅ​ពី​នេះ ​សិល្បករ​ដែល​ចាត់​ទុក​ជា​មរតក​មនុស្ស​រស់​ម្នាក់ គឺ​លោក​ព្រឹទ្ធាចារ្យ ពៀក ចាប៉ិក កម្មវិធី​បាន​អញ្ជើញ​មក​ដើម្បី ណែ​នាំ​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​ផង ដែល​លោក​គឺ​ជា សិល្បករ​ខាង​ផ្នែក​ល្ខោន​បាសាក់​ពោល ដែល​មាន​សមត្ថភាព​ខ្ពស់​កម្រ​រក​បាន ដោយ​អាច​ប្រើ​សំឡេង​ច្រៀង ពោល​បាន ១២​សំឡេង។

ដូច្នេះ​ហើយ កម្មវិធី​សប្បុរស​ធម៌ ដើម្បី​ឧបត្ថម្ភ​មរតក​មនុស្ស​រស់​របស់​យើង ក៏​នឹង​ចាប់​ផ្ដើម​ក្នុង​កម្មវិធី​ផង​ដែរ។ កម្មវិធី​ទាំង​មូល នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១០-១២ខែ សីហា ខាង​មុខ នៅ​នៅ KBach Gallery ក្នុង​បរិវេណ​មជ្ឈមណ្ឌល Factory Phnom Penh ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ទល់​មុខ​វត្ត​ចាក់​អង្រែ​លើ៕

អត្ថបទ៖ ទារិកា