ផ្សឹក​ភិក្ខុ​កក្កដា សុភ័ណ្ឌ ព្រោះ​លំបាក​ប្រដៅ​ពេក

  • 2019-07-22 08:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទំព័រ Facebook សាលា​គណ​រាជ​ធានី​ភ្នំពេញ ភិក្ខុ កក្កដា សុភ័ណ្ឌ បាន​លាចាក​សិក្ខាបទ​កាល​ពី​វេលា​ព្រលប់​ថ្ងៃ​ទី ២១ កក្កដា ឆ្នាំ ២០១៩ នេះ ចំពោះ​មុខ​មន្ត្រី​សង្ឃ​នានា​។ មូលហេតុ​នាំ​ឲ្យ​សង្ឃ​សម្បូរ​លាភ​អង្គ​នេះ​សឹក ដោយ​សារ​មាន​បញ្ហា​កន្លង​មក​តាម​រយៈ​រូបភាព​ក្លែង​បន្លំ ក្នុង​ព័ត៌មាន​សង្គម​។ បើ​តាម​កំណត់ត្រា​សរសេរ​ដោយ ភិក្ខុ​អង្គ​នេះ ​បាន​ទទួល​ស្គាល់​ថា ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​កន្លង​មក ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ព្រះ​ពុទ្ធ​សាសនា​។

នេះ​ទំនង​ដោយ​សារ​តែ​ការ​ធ្លាយ​រូបភាព ដួល​ស្ដូកស្ដឹង​ប្រឡាក់​ដោយ​ឈាម ហើយ​ត្រូវ​បាន​ភិក្ខុ​អង្គ​នេះ​បកស្រាយ​ថា ជា​ការ​សម្ដែង​រឿង​អប់រំ​ខ្លី​។ រូបភាព​នេះ​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​ជា​ច្រើន​ពី​អ្នក​លេង Facebook ជា​ពិសេស​អ្នក​កាន់​ព្រះពុទ្ធសាសនា​។

រូបភាព៖ សាលាគណរាជធានីភ្នំពេញ
រូបភាព៖ កក្កដា សុភ័ណ្ឌ

បើ​តាម​ព្រះ​គ្រូ ឃឹម សន ព្រះ​មេ​គណ​រាជធានី​ភ្នំពេញ មាន​សង្ឃដីកា​ថា៖ កាល​ពី​ព្រលប់​ថ្ងៃ​ទី ២១ កក្កដា​នេះ គណៈ​សង្ឃ​បាន​សម្រេច​សេចក្ដី ឲ្យ​ភិក្ខុ កក្កដា សុភ័ណ្ឌ​សឹក ព្រោះ​ភិក្ខុ​អង្គ​នេះ ត្រូវ​អាបត្តិ​សង្ឃាទិសេស គឺ ភិក្ខុ​ដទៃ​ហាម​ប្រាម​មិន​ស្ដាប់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា បុគ្គល​ដែល​លំបាក​ប្រដៅ​

សិក្ខាបទ​សម្រាប់​ភិក្ខុសង្ឃ​ទាំង​អស់​មាន ២២៧ ក្នុង​នោះ សង្ឃាទិសេស មាន​១៣ «ខ» ។ នៅ​ត្រង់ «ខ» ១២ ព្រះពុទ្ធ​បញ្ញត្តិ​ថា ភិក្ខុ​មាន​ជាតិ​ជា​អ្នក​ប្រដៅ​ក្រ (​លំបាក​ប្រដៅ​) ភិក្ខុ​ឯទៀត​ឃាត់​មិន​ស្ដាប់​។ សង្ឃ​បាន​សូត្រ​សមនុភាសនកម្ម ដើម្បី​ឲ្យ​លះ​បង់​។ បើ​មិន​លះបង់ ត្រូវ​សង្ឃាទិសេស​

ព្រះ​គ្រូ ឃឹម សន​មាន​សង្ឃដីកា​ថា៖ ភិក្ខុ​សុភ័ណ្ឌ​នេះ តាំង​តែ​ពី​នៅ​ជា​សាមណេរ​ម្ល៉េះ ភិក្ខុ​សង្ឃ​ចាស់​វស្សា​បាន​ស្ដី​ប្រដៅ ណែនាំ​ជា​រឿយៗ តែ​លោក​មិន​ស្ដាប់​តាម​សោះ រហូត​នាំ​ឲ្យ​មាន​រឿងរ៉ាវ​បែប​នេះ​។ យ៉ាង​ណា​ក៏​ដោយ បើ​សឹក​ទៅ ហើយ​មាន​បំណង​ចង់​បួស​វិញ ក៏​បាន តែ​ត្រូវ​រៀន​សូត្រ​ធម៌​វិន័យ​ឲ្យ​បាន​ចេះចាំ​ស្ទាត់ និង​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ល្អ​

ព្រះ​មេ​គណ​រាជធានី ក៏​មាន​សង្ឃដីកា​រិះគន់​ថា ភិក្ខុ​សាមណេរ​ខ្លះ មិន​យក​ចិត្ត​ទុក​ដាក់​រៀន​វិន័យ​ទេ បែរ​ជា​ខំ​ខាង​រៀន​ទេសនា​ទៅ​វិញ ទាំង​ខ្លួនឯង​មិន​ទាន់​មាន​ការ​សង្រួម​ល្អ ចេះ​ដឹង​ជ្រៅជ្រះ​នៅ​ឡើយ​។ ការ​ធ្វើ​បែប​នេះ​មិន​ខុស​អ្វី​ពី​ការ​សម្លឹង​ឃើញ​លាភសក្ការៈ​នោះ​ទេ​។ ព្រះអង្គ​ក្រើន​រំឭក​ដល់ ភិក្ខុ សាមណេរ ច្រើន​អង្គ​ផ្សេង​ទៀត​ឲ្យ​ខិតខំ​សិក្សា​ធម៌អាថ៌ វិន័យ និង​ប្រព្រឹត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ពេល​នេះ​លោក កក្កដា សុភ័ណ្ឌ លែង​ជា​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​ទៀត​ហើយ​។ កាល​នៅ​ជា​ភិក្ខុ គាត់​បាន​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ ចាស់​ជរា ក្មេង​កំព្រា ជា​ហូរហែ​និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ផង​ដែរ​។

រូបភាព៖ កក្កដា សុភ័ណ្ឌ

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទពេញនិយម