អ្នក​បាន​ឃើញ iPhone 11 ផ្ទាល់ភ្នែក ប្រាប់​ខ្ទេចអំពីចំណុចពិសេស

  • 2019-07-24 01:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន​អំពី​ផលិតផល Apple ឈ្មោះ​ថា 9TO5Mac ទទួល​បាន​ដំណឹង​ថ្មី​ជុំវិញ iPhone ដែល​ប្រកាស​ចេញ​នា​ឆ្នាំ ២០១៩ នេះ ដែល​ទទួល​បាន​ពី​អ្នក​បាន​ឃើញ iPhone ជំនាន់​ថ្មី​ផ្ទាល់​ភ្នែក។

ស្រដៀង​ទៅ​នឹង​ឆ្នាំ​មុន​ដែរ នៅ​ឆ្នាំ ២០១៩ នេះ Apple នឹង​ប្រកាស​ចេញ iPhone ចំនួន​បី​ម៉ូដែល​ ដែល​មាន​បំពាក់​បន្ទះ​ឈីប A13។ ផ្អែក​តាម​អ្នក​ដែល​បាន​ឃើញ iPhone ទាំង​បី បាន​ឲ្យ​ដឹង​ថា វា​ទាំង​បី​នឹង​នៅ​តែ​ប្រើ​រន្ធ​ប្រភេទ Lightning ជម្រះ​មន្ទិល​ដែល​សង្ស័យ​ថា​ Apple ប្ដូរ​ប្រើ​រន្ធ USB-C វិញ។

​iPhone ថ្មី​នេះ ​មាន​ឈ្មោះ​សម្គាល់​ថា D42 (iPhone 12,3) ដែល​មក​ស្នង​តំណែង iPhone XS, ឈ្មោះ​សម្គាល់ D43 (iPhone 12,5) ចូល​មក​ស្នង​តំណែង​ iPhone XS Max និង​ឈ្មោះ​សម្គាល់​ N104 (iPhone 12,1) ចូល​មក​ជំនួស iPhone XR។ D42 និង D43 នឹង​មាន​បំពាក់​អេក្រង់ OLED Retina ចំណែក N104 មាន​បំពាក់​អេក្រង់ LCD ដូច​មុន​ដដែល ហើយ​​កម្រិត​បង្ហាញ​រូបភាព​នៃ​ម៉ូដែល​ទាំង​បី​​មិន​ប្រែប្រួល​ខុស​ពី​មុន​នោះ​ទេ។

iPhone ឆ្នាំ ២០១៩ ក៏​នឹង​បំពាក់​មុខងារ​ថ្មី​ឈ្មោះ​ថា​​ Taptic Engine ដែល​មាន​ឈ្មោះ​សម្គាល់​ថា​ Leap Haptics។ គេ​នៅ​មិន​ច្បាស់​ថា​មុខងារ​ថ្មី​នេះ​មាន​ចំណុច​ពិសេស​អ្វី​នោះ​ទេ ប៉ុន្តែ​អាច​​ជាប់​ទាក់ទង​នឹង Haptic Touch ព្រោះ​ថា iPhone ថ្មី មិន​មាន​ 3D Touch នោះ​ទេ។

D42 និង D43 នឹង​មាន​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ចំនួន​បី​គ្រាប់ នៅ​ក្នុង​​ដង្គុំ​កាមេរ៉ា​ដែល​មាន​រាង​បួន​ជ្រុង។ ប្រភព​បាន​បញ្ជាក់​ថា​ រូបរាង​របស់​វា​ពិត​ជា​​ដូច​គ្នា​ខ្លាំង ទៅ​នឹង​រូបភាព​ Render ដែល​ចេញ​ផ្សាយ​កន្លង​មក​ជា​បន្ត​បន្ទាប់។ ​​ដង្គុំ​​កាមេរ៉ា​នេះ នឹង​មាន​បំពាក់​មក​ជា​មួយ​កាមេរ៉ា​មួយ​ដែល​អាច​ថត​រូប​បាន​ទូលាយ (Wide-Angle) ដូច​ដែល Bloomberg ធ្លាប់​ចេញ​ផ្សាយ​ដែរ។

កាមេរ៉ា​ខាង​មុខ​នៅ​លើ iPhone ស៊េរី​ថ្មី​ក៏​នឹង​​មាន​សមត្ថភាព​ខ្លាំង​លើស​មុន ដោយ​បន្ថែម​មុខងារ​ថត​វីដេអូ​ល្បឿន​យឺត ១២០ ប្លង់/វិនាទី។ iPhone ស៊េរី​ ២០១៩ រំពឹង​ថា​នឹង​ប្រកាស​ចេញ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម